ស្តាប់សំឡេង៖ |
ចម្លងទុក |
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសលោក ថោង សារ៉ាត់ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ចំណែកឪពុកម្ដាយរបស់លោកជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យអ្នកទាំង៣ជាទឹកប្រាក់ម្នាក់៦លានរៀល ដោយចោទពីបទកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត ។
ចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញលោក ឃី ឆៃ បានប្រកាសសាលក្រមផ្ទន្ទាទោសអ្នកទាំង៣ នៅរសៀលថ្ងៃចន្ទនេះ ដោយមានតែវត្តមានអ្នកស្រី កែវ សារី ត្រូវជាម្ដាយលោក ថោង សារ៉ាត់ ប៉ុណ្ណោះ ចំណែកលោក ថោង សារ៉ាត់ និងលោក ថោង ចំរើន ដែលត្រូវជាឪពុកពុំមានវត្តមាននៅក្នុងតុលាការនោះទេ ។ សម្រាប់អាវុធ និងសម្ភារយោធា តុលាការសម្រេចរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋ ចំណែករថយន្ត និងសម្ភារប្រើប្រាស់មួយចំនួនទៀតត្រូវបានប្រគល់ឲ្យសាមីខ្លួនវិញ ។
មេធាវីការពារក្តីឪពុកម្តាយលោក ថោង សារ៉ាត់ គឺលោក លឹម វណ្ណា សុំមិនអត្ថាធិប្បាយទៅការសម្រេចរបស់តុលាការនោះទេ ។ តែលោកថា កន្លងទៅតាមការសន្និដ្ឋានរបស់មេធាវី ដែលការពារក្តីឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ នោះបានរកឃើញថា កូនក្តីរបស់ខ្លួនកាន់អាវុធស្របច្បាប់ មានលិខិតត្រឹមត្រូវ និងមានការឯកភាពពីអង្គរបស់កូនក្តី គឺក្រសួងការពារជាតិទៀតផង ។ លោកថា «ក្នុងនាមខ្ញុំជាមេធាវី កន្លងមកដែលខ្ញុំការពារផ្លូវច្បាប់ យល់ថាកូនក្តីខ្ញុំកន្លងមកអាវុធគាត់មានច្បាប់ទម្លាប់ត្រឹមត្រូវ អាវុធរបស់គាត់ ហើយលិខិតត្រឹមត្រូវ ។ អ៊ីចឹងសុំឲ្យតុលាការសម្រេចឲ្យគាត់រួចបទចោទ ដោយសារអាវុធរបស់គាត់មានច្បាប់ទទួលស្គាល់ត្រឹមត្រូវពីអង្គភាពរបស់គាត់» ។
យ៉ាងណាក៏ដោយ លោកថា ក្នុងនាមជាមេធាការពាររឿងក្តីនេះ លោកនៅតែស្នើឲ្យតុលាការពិចារណាឡើងវិញ ដោយសម្រេចឲ្យកូនក្តីរបស់ខ្លួនរួចពីបទចោទនេះ ។ ចំពោះការប្តឹងទៅសាលាឧទ្ធរណ៍វិញ លោកថារង់ចាំជំហរកូនក្តីរបស់ខ្លួនថាតើ នៅតែបន្តស្នើឲ្យលោកការពាររឿងក្តីនេះប្តឹងទៅឧទ្ធរណ៍សុំនៅក្រៅឃុំ ឬបញ្ចប់ត្រឹមហ្នឹង ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ប្រសិនបើសមត្ថកិច្ចពិតជាស៊ើបអង្កេតរកឃើញអ្នកទាំងនោះ ពិតជាបានកាន់អាវុធខុសច្បាប់មែន ការសម្រេចទោសនេះនៅតិចនៅឡើយ ។ តែលោកថា ប្រសិនបើរឿងនោះមិនមែនជាការពិត ហើយជារឿងប្រឌិតវិញ លោកចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោក ថោង សារ៉ាត់ ទៅវិញ ។ លោកថា «ខ្ញុំពិបាកធ្វើការសន្និដ្ឋានដែរត្រង់នេះ ព្រោះយើងអត់បានចូលរួមស៊ើបអង្កេតទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា ទី១ ការបង្ហាញភស្តុតាងហ្នឹង គឺលឿនណាស់ គឺថាធ្វើតែមួយភ្លែតឃើញភស្តុតាងច្រើន គ្រាន់តែកាំភ្លើងរាប់ដើម ត្រាបន្លំឯកសារមានច្រើន ។ ក៏ប៉ុន្តែនេះជាសំណួររបស់យើងខ្ញុំក្នុងនាមជាអង្គការសិទ្ធិមនុស្ស ក៏យើងមានសំណួរហ្នឹងដែរ តែដោយសារតែរឿងនេះ ជនរងគ្រោះមិនបានប្តឹងមកយើងឲ្យចូលរួមស៊ើបអង្កេត អ៊ីចឹងពិបាកក្នុងការធ្វើការសន្និដ្ឋានដែរ» ។
សូមជម្រាបថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ គឺពាក់ព័ន្ធតែលើសំណុំរឿងកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាតតែប៉ុណ្ណោះ គឺមិនទាន់កាត់ទោសរឿងលោក ថោង សារ៉ាត់ ដែលតុលាការចោទពីបទឃាតកម្មគិតទុកជាមុននោះទេ ។
គួររំឭកថា លោក ថោង ចំរើន និងអ្នកស្រី កែវ សាវី ដែលត្រូវជាម្តាយឪពុករបស់លោក ថោង សារ៉ាត់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ ពាក់ព័ន្ធការរក្សាទុកអាវុធខុសច្បាប់ ។
ចំណែកលោក ថោង សារ៉ាត់ បន្ថែមលើបទចោទរក្សាទុកអាវុធខុសច្បាប់នេះ លោកក៏ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ និង២០០ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ។ តុលាការបានចោទលោក ថោង សារ៉ាត់ ពាក់ព័ន្ឋនឹងការបញ្ជាឲ្យអង្គរក្សបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលវេលាម៉ោងជាង៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើមួយកន្លែងក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
No comments:
Post a Comment