ភ្នំពេញៈ កម្ពុជាបានបង្ហាញជំហរមិនចង់បន្តទទួលយកជនជាតិម៉ុងតាញ៉ា ក្នុងឋានៈជាជនភៀសខ្លួនបណ្តោះអាសន្នបន្ថែមទៀតទេ ខណៈឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជានៅមិនទាន់អាចស្វែងរកប្រទេសទី៣ ដើម្បីបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ាទាំង ១៣ នាក់ឲ្យទៅរស់នៅបន្ត។
ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ តបនឹងការស្នើរបស់ លោក Scott Busby ឧបការីរងក្រសួងការបរទេសអាមេរិក ដែលស្នើឲ្យកម្ពុជា បន្ត
ទទួលយកជនជាតិម៉ុងតាញ៉ា លោក ហោ ណាំហុង បានអះអាងថា កម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនពីឆ្នាំ ២០០៥ និងបានទទួលយកជនជាតិម៉ុងតាញ៉ាហើយ កាលពីឆ្នាំ ២០០៥ និង ២០០៦។
លោកបានបន្តថា ក្នុងអនុស្សរណៈនោះក៏បានកំណត់ដែរថា ពេលជនជាតិទាំងនោះមកដល់កម្ពុជាត្រូវផ្តល់លក្ខន្តិកៈជាជនភៀសខ្លួនដល់ពួកគេ ប៉ុន្តែ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនត្រូវរកប្រទេសទីបី ដល់ពួកគេ។
លោក ហោ ណាំហុង បានបញ្ជាក់តបលោក Scott Busby ថា៖ «ឥឡូវ យើងបានផ្តល់លក្ខន្តិកៈជាជនភៀសខ្លួនដល់ ម៉ុងតាញ៉ា ១៣ នាក់ហើយ ដូច្នេះ តំណាង UNCHR កំពុងរកប្រទេសទី ៣ បញ្ជូនពួកគេទៅទៀត វាអត់បញ្ហាទេ ប៉ុន្តែគាត់ថា ទាល់តែយើងទទួលបានច្រើន ខ្ញុំថា បើធ្វើតាមឯកឧត្តមខ្ញុំថា ប្រហែលជាមាន៥០ម៉ឺន ទៅ ១ លាននាក់មកសុំធ្វើម៉ុងតាញ៉ា»។
លោក កែម សារិន ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីម្សិលមិញថា បច្ចុប្បន្ននេះ មិនទាន់មានជនជាតិម៉ុងតាញ៉ាផ្សេងទៀតមកដាក់ពាក្យសុំសិទ្ធិជ្រកកោននៅឡើយទេ។
ប៉ុន្តែលោកស្រី Vivian Tan អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNCHR) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញនេះថា ថ្មីៗនេះ មានជនជាតិម៉ុងតាញ៉ា ៨៥នាក់ ដែលកំពុងរង់ចាំចុះបញ្ជីស្នើសុំសិទ្ធិជ្រកកោនក្នុងរាជធានីភ្នំពេញ និងត្រូវបានមើលថែទាំដោយអង្គការក្រៅរដ្ឋាភិបាល និងដៃគូជំនួយ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរីបានហៅការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ហាក់រងនូវសម្ពាធពីប្រទេសវៀតណាម៖ «បើតាមអនុសញ្ញាដែលកម្ពុជាបានចុះហត្ថលេខា មិនមែនមានន័យថា ទាល់តែបញ្ជូនអាចាស់ចេញអស់ទើបបញ្ជូលអាថ្មីទេ តែនេះអាចជាចេតនាផ្ទាល់ មិនចុះអនុវត្តឲ្យបានពេញលេញ ព្រោះកម្ពុជាហាក់មានសម្ពាធពីប្រទេសវៀតណាម»។
ចាប់តាំងពីខែតុលា ជនជាតិម៉ុងតាញ៉ាជាង ១០០ នាក់ បានធ្វើដំណើរមកកម្ពុជាដើម្បីស្នើសុំសិទ្ធិជ្រកកោន គេចពីការរំលោភបំពានសិទ្ធិមនុស្សនៅវៀតណាម។
ប៉ុន្តែជនជាតិម៉ុងតាញ៉ា រាប់សិបនាក់ត្រូវបានចាប់ខ្លួន និងនិរទេសខ្លួនទៅវិញ ហើយរហូតមកទល់ពេលនេះមានតែ១៣នាក់ប៉ុណ្ណោះ ដែលបានទទួលឋានៈជាជនភៀសខ្លួនបណ្តោះអាសន្ន៕
No comments:
Post a Comment