គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, June 3, 2015

អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​លោក វ៉ា គឹមហុង បង្ហាញ​ផែនទី

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៤​រូប ស្នើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ដែល​កម្ពុជា កំពុង​ប្រើប្រាស់​សព្វថ្ងៃ និង​ពន្យល់​ពី​នីតិវិធី​ក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន។ សំណើ​នេះ ត្រូវ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ហត្ថលេខា​បញ្ជូន​ទៅ​មន្ត្រី​រដ្ឋាភិបាល​រូប​នោះ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។



សំណើ​របស់​អ្នក​តំណាង​រាស្ត្រ​ដែល​ចង់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ផ្ដល់​ផែនទី បាន​លើក​ហេតុផល​ថា កន្លង​មក​មាន​ការ​អះអាង​ផ្សេង​គ្នា​រវាង​ពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន និង​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​កម្ពុជា។

តំណាង​រាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​ទាំង ១៥​រូប លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួល​បន្ទុក​កិច្ចការ​ព្រំដែន តែង​តែ​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ធ្វើ​ឡើង​ផ្អែក​លើ​មូលដ្ឋាន​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បង្ហាញ​ផែនទី​ដែល​តែង​តែ​អះអាង​ថា​ជា​មូលដ្ឋាន​នោះ​ទេ មាន​ន័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​នា​ពេល​កន្លង​ទៅ អាច​មាន​មូលដ្ឋាន​ផ្សេង​ទៅ​វិញ៖ «ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា រដ្ឋាភិបាល​និយាយ​ភូតភរ​កុហក​ប្រជាពលរដ្ឋ ហើយ​ថា​បោះ​បង្គោល​ព្រំដែន​ឈរ​លើ​មូលដ្ឋាន ១/១០០.០០០ នោះ គឺ​គ្រាន់​តែ​ថា តាម​ពិត​ខ្លួន​បោះ​តាម​សន្ធិសញ្ញា ៨៣ ៨៥ និង​សន្ធិសញ្ញា​បន្ថែម​២០០៥ ទៅ​វិញ​ទេ»។

ផែនទី​ដែល​មន្ត្រី​តែង​អះអាង​ថា​ជា​មូលដ្ឋាន​បោះ​បង្គោល​ព្រំដែន ហើយ​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នោះ គឺ​ផែនទី​ដែល​មាន​ខ្នាត ១/១០០.០០០ ឬ​មាន​ន័យ​ថា ១​មិល្លីម៉ែត្រ​នៅ​លើ​ផែនទី ស្មើ ១​គីឡូម៉ែត្រ​លើ​ផែនដី។

នៅ​ក្នុង​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ បាន​លើក​មក​បង្ហាញ​ពី​ភាព​ចម្រូងចម្រាស​គ្នា​រវាង​ការ​អះអាង​របស់​ពលរដ្ឋ និង​ការ​បកស្រាយ​របស់​មន្ត្រី​កិច្ចការ​ព្រំដែន ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នៅ​ចំណុច​ជាំប្រាំល្វែង ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​ទី​ដែល​ស្រូវ​អ្នក​ភូមិ​ត្រូវ​អាជ្ញាធរ​វៀតណាម បាញ់​ថ្នាំ និង​រារាំង​មិន​ឲ្យ​ពួក​គេ​បន្ត​ការងារ​កសិកម្ម​នៅ​ទីនោះ​ទៀត។ អ្នក​ភូមិ​អះអាង​ថា ទីនោះ​ជា​ដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា​ទីនោះ​ឋិត​ក្នុង​ដី​វៀតណាម។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ពុំ​បាន​អធិប្បាយ​តប​នឹង​សំណើ​នេះ​ទេ ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​នៅ​ពុំ​ទាន់​ទទួល​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​នោះ​នៅ​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​បាន​បញ្ជាក់​ថា ផែនទី​ជា​បញ្ហា​បច្ចេកទេស ដែល​ពិបាក​ក្នុង​ការ​ពន្យល់ ជាពិសេស​ពន្យល់​ទៅ​ក្រុម​អ្នក​ដែល​មិន​ចង់​យល់។

នៅ​ក្នុង​ឃ្លីប​វីដេអូ​ជា​កិច្ច​ពិភាក្សា​តុ​មូល​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា លោក វ៉ា គឹមហុង បាន​លើក​ឡើង​ថា ពុំ​មាន​ផែនទី​ណា​ផ្សេង​ដែល​ក្រុម​ជំនាញ​យក​មក​ប្រើ ក្រៅ​ពី​ផែនទី​ដែល​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ៖ «រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០០៥ លោក​តែង​តែ​យោង​ទៅ​លើ​ផែនទី​ហ្នឹង​ខ្នាត ១/១០០.០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ជា​ខ្សែ​ព្រំដែន​យោង​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជា​ដរាប»។

ទោះ​យ៉ាង​ណា សម្រាប់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​អះអាង​នោះ គឺ​ពុំ​គ្រប់គ្រាន់​ឡើយ។

លោក ម៉ៅ មុនីវណ្ណ បញ្ជាក់​ថា ផ្ដល់​ផែនទី​គឺ​សំដៅ​ដល់​លេខ​កូដ​របស់​ផែនទី ដែល​គេ​អាច​ទៅ​ស្រាវជ្រាវ​បាន​ពី​ប្រភព​ពិត​ប្រាកដ​បាន។ លោក​ថា បើ​រដ្ឋាភិបាល​នៅ​តែ​គេចវេស​មិន​បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ទេ អ្នក​តំណាង​រាស្ត្រ​អាច​នឹង​ធ្វើ​លិខិត​ស្ដី​បន្ទោស៖ «ចឹង​បាន​ន័យ​ថា គាត់​មិន​គោរព​រដ្ឋធម្មនុញ្ញ ហើយ​ក្រុម​តំណាង​រាស្ត្រ​ត្រូវ​តែ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស»។

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ដាក់​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដោយ​ស្នើ​ឲ្យ​ពិនិត្យ​មើល​ការ​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ប្រទេស​វៀតណាម នៅ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ។ ក្នុង​លិខិត​បាន​ភ្ជាប់​របាយការណ៍​មួយ​របស់​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន កាល​ពី​ឆ្នាំ​១៩៩៩ ដែល​រាយការណ៍​ថា មាន​ការ​រំលោភ​ចូល​មក​ក្នុង​ដី​ខ្មែរ​ពី​សំណាក់​វៀតណាម នៅ​តាម​ខេត្ត​ចំនួន​៣ ជាប់​ព្រំដែន មាន​ខេត្ត​តាកែវ ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ចាម។ ក្នុង​នោះ បាន​រាយការណ៍​តាម​ទម្លាប់​របស់​ពលរដ្ឋ​ថា ព្រែក​ជីក​របស់​វៀតណាម ក្នុង​ឆ្នាំ​១៩៧៩ បាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ចំនួន ១.២៧០​ម៉ែត្រ ដោយ​គិត​ពី​ព្រែក​វិញតេ ដែល​ជីក​ក្នុង​ជំនាន់​អាណាព្យាបាល​បារាំង។

យ៉ាង​ណា លោក វ៉ា គឹមហុង ធ្លាប់​បាន​អះអាង​ដែរ​ថា ព្រែក​ជីក​ក្នុង​ឆ្នាំ​១៩៧៩ នោះ គឺ​ពុំ​មែន​ជា​បន្ទាត់​ព្រំដែន​ឡើយ៕

No comments:

Post a Comment