គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, June 26, 2015

លោក យ៉េង វីរៈ៖ ខ្ញុំលាឈប់ទៅធ្វើកិច្ចការងារបំរើសហគមន៍ធំជាងនេះ

លោក យ៉េង វីរៈ ជាមនុស្សម្នាក់ដែលទន់ភ្លន់ ទាំងការនិយាយស្តី និងអាកប្បកិរិយា ហើយលោកបានដឹកនាំ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) តាំងពីពាក់ណ្តាលឆ្នាំ២០០២ ដោយបានកាត់ព្យុះភ្លៀង ជាច្រើនដំណាក់កាល រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែលោកបានលាឈប់ពីតួនាទីរបស់លោកនៅត្រឹមខែមិថុនា ឆ្នាំ២០១៥ ពីនាយកប្រតិបត្តិនៃស្ថាប័នសិទ្ធិមនុស្សមួយនេះហើយ។ មជ្ឈមណ្ឌល់
អប់រំច្បាប់សម្រាប់សហគមន៍ កាលពីមុន គឺជាអង្គការអន្តរជាតិ ដោយមានការ ផ្តល់ជំនួយពីសាលកវិទ្យាល័យច្បាប់មួយនៅសាន់ហ្វ្រាន់ស៊ីសហ្គោ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នៅដើមឆ្នាំ២០០៣ អង្គការនេះបានចុះបញ្ជីឱ្យមកជាអង្គការក្នុងស្រុក បន្ទាប់ពីម្ចាស់ជំនួយមុនបានផុតអាណត្តិ។

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ជាស្ថាប័នសិទ្ធិមនុស្សមួយដែលត្រូវបានគេទទួលស្គាល់យ៉ាងច្រើន ដោយសារតែស្ថាប័នមួយនេះ សកម្មក្នុងការជួយទៅដល់សហគមន៍មូលដ្ឋានដែល ងាយរងគ្រោះ និងកម្មករដែលរងការរំលោភបំពានពីថៅកែក្រុមហ៊ុននានា ព្រមទាំងបានអប់រំទៅដល់សហគមន៍ និងកម្មករទាំងនោះឱ្យយល់ដឹងអំពីសិទ្ធិសេរីភាពរបស់ខ្លួន។

បន្ទាប់ពីការដឹកនាំស្ថាប័នសិទ្ធិមនុស្សមួយនេះឱ្យមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ លោក យ៉េង វីរៈ ជានាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលាឈប់ពីតួនាទី ក្រោយការដឹក នាំអស់រយៈពេល១៣ ហើយនឹងត្រូវទៅបម្រើការងារជួយដល់សហគមន៍ធំជាងនេះ។

១. តើអ្វីជាការចងចាំដ៏ល្អបំផុតរបស់លោកក្នុងការដឹកនាំមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់កន្លងមក?

បាទ! និយាយទៅ នៅក្នុងរយៈពេលដែលខ្ញុំបំពេញតួនាទីជានាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍នោះ មានពេលវេលាមួយចំនួនដែលខ្ញុំចងចាំបាន ដូចជាពេលដែលខ្ញុំឡើងកាន់ តួនាទីជានាយកប្រតិបត្តិដំបូងគឺនៅចុងឆ្នាំ២០០២ អង្គការមួយនេះដល់អណត្តិ ហើយក៏នឹងត្រូវអស់ជំនួយផងដែរ។ តែដោយការ កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយមិត្តរួមការងារយើងនៅតែមិនអស់សង្ឃឹម រហូតយើងបានទទួលបានគម្រោងតូចៗ ធំៗជាបន្តបន្ទាប់។ ក្រោយមកទៀតនោះគឺខ្ញុំបានបង្កើតកម្មវិធីបង្រៀនដល់សហគមន៍ មិនត្រឹមតែបង្រៀនគាត់ឱ្យយល់ដឹងអំ ពីច្បាប់នោះទេ ថែមទាំងបង្រៀនឱ្យពួកគាត់អនុវត្តផ្ទាល់ទៀតផង។ ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបាន ចូលរួមចំណែកដឹកនាំ និងកសាងឱ្យស្ថាប័នមួយនេះមានគុណតម្លៃ និងគុណភាពធនធានមនុស្សល្អៗ ហើយមានធនធានថវិកាគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពជួយដល់សហគមន៍ដែលងាយរងគ្រោះជាច្រើន។

២. ក្រោមការដឹកនាំរបស់លោក តើមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានជួយអ្វីខ្លះដល់សហគមន៍?

បាទ! បើនិយាយទៅ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានធ្វើការងារមួយចំនួនច្រើនវិស័យ ដែរក្នុងនោះយើងបានធ្វើការទៅលើវិស័យផ្នែកដីធ្លី សិទ្ធិការងារ និងសិទ្ធិទទួលបានយុត្តិធម៌អីជាដើម។ តាមយរៈគម្រោងការ កម្មវិធីផ្សេងៗហ្នឹង ជាពិសេសពលរដ្ឋដែលរងគ្រោះដោយសារការរំលោភសិទ្ធិដីធ្លី និងសិទ្ធិការងារអីជាដើមនេះ បានទទួលសេវាពិគ្រោះយោបល់ និងការបណ្តុះបណ្តាលផ្នែកច្បាប់ ពីខាងយើង។ ហើយពេលខ្លះ ពួកគាត់បានទទួលការការពារដោយក្រុមមេធាវីរបស់យើងទៀតផង ក្នុងនោះរួមទាំងរឿងរដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌ។ មានករណីច្រើនទៀតដែលខ្ញុំរាប់មិនអស់ ដូចជាជួយឱ្យសហគមន៍ទទួលបានដី និងសំណង បើទោះជាមិនបានទាន់ បានសមរម្យ តែបានខ្លះ។ ចំណែកកម្មករនយោជិក ដែលត្រូវបាននិយោជកបញ្ឈប់ និងមិនបានផ្តល់ប្រាក់ពលកម្ម ខាងយើងបានជួយឱ្យ ពួកគាត់បានទទួលថ្លៃពលកម្មទាំងនោះខ្លះដែរ។ និយាយជារួមទៅ សេវាជំនួយផ្នែក ច្បាប់របស់យើង បានជួយឱ្យមានប្រសិទ្ធភាពទៅលើទាំងផ្នែករដ្ឋប្បវេណី ទាំងព្រហ្មទណ្ឌ មួយចំនួន។

៣. បន្ទាប់ពីលាឈប់ពី CLEC ទៅ តើលោកនឹងមានសកម្មភាពអ្វីជាបន្តទៀត?

បាទ! ខ្ញុំគិតថា ល្មមដល់ពេលដែលខ្ញុំត្រូវលាឈប់ពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហើយ ខ្ញុំបាទបានចំណាយពេលគិតថាយូរមកហើយ។ ល្មមដល់ពេលដែលខ្ញុំត្រូវទៅបម្រើសហគមន៍ដែលធំជាងនេះ បាទ។ ចឹង! ខ្ញុំយកពេលវេលាដែលខ្ញុំនឹងមានទៅថ្ងៃខាងមុខនេះ នឹងធ្វើការងារអប់រំប្រជាពលរដ្ឋឱ្យយល់ដឹង អំពីសិទ្ធិសេរីភាពរបស់គាត់ ឱ្យពួកគាត់ដឹងពីតួនាទីរបស់ប្រជាពលរដ្ឋ ការ​ទទួល​ខុសត្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ ឱ្យប្រជាពលរដ្ឋកាន់តែសកម្មនៅក្នុងជីវភាពសង្គម និងជីវភាពនយោបាយ។ បង្រៀនឱ្យគាត់យល់ថា ប្រជាពលរដ្ឋនឹងឯងជាម្ចាស់នៃប្រទេស ហើយគាត់នឹងឯងគឺជាអ្នកឆ្លាក់ស្មូននូវជីវិតរបស់គាត់ សហគមន៍គាត់ និងប្រទេសជាតិគាត់។ បើគាត់ចង់កសាងសង្គមមួយដែលមានលក្ខណៈ ប្រជាធិបតេយ្យពិប្រាកដ គាត់ត្រូវតែយល់ដឹង ហើយសកម្មចូលរួមក្នុងការកសាងសង្គមប្រជាធិបតេយ្យនោះ។ ខ្ញុំនឹងចំណាយពេលវេលាអប់រំ និងបង្កលក្ខណៈឱ្យគាត់អាចក្លាយទៅជាពលរដ្ឋសកម្មក្នុងសង្គម និង អប់រំពលរដ្ឋ ឱ្យមានការយល់ដឹង ហើយពលរដ្ឋដែលអាចកសាងសង្គមប្រជាធិបតេយ្យដ៏មានប្រសិទ្ធភាព។

No comments:

Post a Comment