គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, June 1, 2015

កម្មករ​អូសរទេះ​នៅ​ប៉ោយប៉ែត​ស្នើ​ឲ្យ​​គយ​ប្រកាស​អត្រាពន្ធ​នៃ​ទំនិញ

បន្ទាយមាន​ជ័យៈ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ដ៏​ហិង្សា​មួយ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ​ដែល​នាំ​ឲ្យ​មនុស្ស​យ៉ាង​តិច​បួន​នាក់​រង​របួស និងខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ឯកជន មួយ​ចំនួន​មក​នោះ គេ​សង្កេត​ឃើញ​សកម្មភាព​របស់​ក្រុម​កម្មករ​អូសរទេះ​និង​​សំឡេង​កញ្ចែ​របស់​សមត្ថកិច្ច​នគរបាល​នៅច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ហាក់​ដូចជា​ស្ងប់ស្ងាត់​ជាង​មុន។



យូរៗ​ម្ដង គេ​ឃើញ​កម្មករ​អូស​រទេះ​ម្នាក់​ឬ​ពីរ​នាក់ ដើរ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ចូល​ទៅ​រក​ម៉ូយ​ដឹក​ទំនិញចេញពី​មជ្ឈមណ្ឌល​ផ្សារថៃ ស្ថិត​នៅ​ក្នុង​តំបន់​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​នេះ។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ក្នុង​កម្មករ​ម្នាក់​ត្រូវ​បង់​ថ្លៃ ១០ បាត ឬ ១២០០​រៀល សម្រាប់​បង្កាន់​ដៃ​មួយ​សន្លឹក​ចូល​ក្នុង​ផ្សារ​ថៃក្នុង​មួយដង ហើយ​ពួក​គាត់​ត្រូវ​បង់​លុយ​ឲ្យ​សមត្ថកិច្ច​នគរ​បាល​ការពារ​ព្រំដែន​កម្ពុជា ដែល​ឈរ​ជើង​នៅ​ចំណុច​ខ្លោង​ទ្វារ​ប្រាសាទ​ចន្លោះ​ពី ២០០០ ​រៀល​ទៅ​​ ៣០០០ រៀល និង បង់​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​ពី​ ៣០០០ រៀល​ទៅ ៥០០០ រៀល នៅ​ពេល​ពួក​គាត់​ដឹក​ទំនិញ​ពី​ផ្សារ​ថៃ​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ការ​បង់​នេះ​មិន​រាប់​បញ្ចូល​ទៅ​លើ​ពន្ធនោះ​ទេ។

អតីតយោធា នៃ​កង​ពល​តូច ២៨៦ ដែល​ត្រូវ​បាន​កាត់​រំសាយ នៅ​ឆ្នាំ​១៩៩៦ លោក វ៉ាន់ ងិះ អាយុ​ ៤៨ ​ឆ្នាំ ដែល​បច្ចុប្បន្ន ជា​កម្មករ​អូស​រទេះ នៅ​តំបន់​ព្រំដែននេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មករ​អូស​រទេះ​ដូច​ជា​ពួក​គាត់ ក្នុង​មួយថ្ងៃៗ បាន​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាង​លំបាក​ ប៉ុន្តែ​កម្រៃ​ដែល​រកបានពី​ការ​អូសរទេះនេះ ស្ទើរតែ​មិន​គ្រប់គ្រាន់​សម្រាប់​​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន កម្មករ​អូស​រទេះ​ដូច​ជាពួក​យើង​ខ្ញុំ ហាក់​ដូច​ទាសករ ​របស់​​មន្ត្រី​គយ​ មន្ត្រី​នគរបាល​និង​មន្ត្រី​កាំកុង​ត្រូល​អ៊ីចឹង។ ព្រោះមុន​ពេល​នាំ​ទំនិញ​ចូល​ទៅ​ដល់​ទីតាំង​ត្រួត​ពិនិត្យ​ពន្ធគយ ដែល​មាន​ចម្ងាយ​ជាង​ ១៥០ ​ម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំដែន ពួក​យើង​ត្រូវ​ចំណាយ​លុយ​អស់​​ចន្លោះ​ពី ៥០០០ ​រៀល ទៅ​ ១០០០០ រៀល​ ទៅ​លើ​​មន្ត្រី​​នគរបាល​ប្រចាំ​ច្រក​ទ្វារ​ព្រំ​ដែន និង​ ត្រូវ​ចំណាយ​ចន្លោះ​ពី​ ២០០០០ រៀល​ទៅ​ ៣០០០០ ​រៀល ​ទៅ​លើ​ថ្លៃ​បង់​ពន្ធ​គយ​ទៀត ដូច្នេះក្នុង​មួយជើង យើង​ខ្ញុំរក​បាន​ត្រឹម​តែ​ ៥០០០ រៀល​ទៅ​ ១០០០០ រៀល​ប៉ុណ្ណោះ»។

លោកបាន​បញ្ជាក់​ថា៖ «មន្ត្រី​គយ​ទារ​ថ្លៃ​បង់​ពន្ធទំនិញ​ពី​ពួក​យើង តែ​មិន​ផ្ដល់​បង្កាន់​ដៃ​ពន្ធ​ឲ្យ​ពួក​យើង​ទេ ហេតុ​នេះ​​ហើយ​ទើប​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួកយើង​នាំគ្នា​ធ្វើ​ការ​តវ៉ា​បញ្ចុះ​តម្លៃ​សេវា​បង់​ពន្ធនេះ ប៉ុន្តែ​អាជ្ញាធរមិន​ត្រឹម​​តែ​មិន​ដោះ​ស្រាយ​ទេ ថែមទាំង​វាយ​បង្ក្រាប​ពួកយើង​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​យើង​អត់​ទ្រាំ​មិន​តប​ត​មិន​បាន»។

ចំណែក​លោក ម៉ៅ សុន ដែលត្រូវបានកម្លាំង​សមត្ថកិច្ច​នគរបាល​ព្រំដែន និងកង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត វាយ​ដំ​ឲ្យ​រង​របួស​ធ្ងន់​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា កាលពី​ថ្ងៃ​អង្គារ​​សប្ដាហ៍​មុន និងដែល​ទើប​​ចេញ​ពី​មន្ទីរ​ពេទ្យ កាលពី​ព្រឹកថ្ងៃ​​សុក្រ បាន​និយាយថា ទាំង​អាជ្ញាធរ និងមន្ត្រី​គយ​ មិន​បាន​គិត​គូ​រអំពី​ជី​វភាព​របស់ពួក​គាត់​ដែលជា​កម្មករ​អូស​រទេះ​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «នៅ​ថ្ងៃ​ខ្លះ​ពួក​យើង​ប្រឹង​អូស​រទេះ​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​បាន​ប្រាក់​ត្រឹម​តែ​ ៥០០០ រៀល​ ស្ទើរ​តែ​ទិញបាយ​ហូបមិន​គ្រប់ផង ហើយ​ព្រោះ​តែ​ហេតុ​នេះ ​ទើប​ពួក​យើង​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ឲ្យ​បញ្ចុះ​តម្លៃ​នៃ​ការ​បង់​ពន្ធ សម្រាប់​​ទំនិញ​អូស​តាម​រទេះ​ ដែល​មាន​ចំនួន​លើស​ពី​ ៣០ កេះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​ពួក​យើង​រស់​ដោយ​បាន​ហូប​ឆ្អែត​ផង»។

លោក សេង សុវណ្ណឌី អាយុ ៣៥ ឆ្នាំ ជា​កម្មករ​អូស​រទេះម្នាក់​ទៀត ដែល​ក្រុម​របស់​គាត់​មាន​គ្នា​បួន​នាក់ ហើយ​បាន​ម៉ៅ​អូស​ទំនិញ​ [ទឹកក្រូច] មួយ​រថយន្ត​ចំណុះ ៥ តោន​ពី​ផ្សារ​រុង​ក្លឿ​ ប្រទេស​ថៃ ចូល​មក​បែង​ចែក​ឲ្យ​អាជីវករ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត បាន​និយាយ​ថា សម្រាប់​ទឹក​ក្រូច​​មួយកេះ​គាត់​យក​ថ្លៃ​ពី​ម្ចាស់​​ទំនិញ​ចន្លោះ​ពី​ ៧ បាត​ទៅ​ ១០ ​បាត ប៉ុន្តែ​ គាត់​ត្រូវ​បង់​ពន្ធ​គយ​​ក្នុង​មួយកេះ​ថ្លៃ​ពី​ ៥ ​បាត​ទៅ​​ ៧ ​បាត ហើយ​ត្រូវ​ចំណាយ​បង់​ទៅ​លើ​សមត្ថកិច្ច​នគរបាល​កាំកុង​ត្រូល​ពី​មួយម៉ឺន​រៀល​ទៅ​ពីរ​ម៉ឺន​រៀល​ក្នុង​មួយរទេះ ដែល​អាច​ផ្ទុក​ទំនិញ​បាន​រហូត​ដល់ ៥០​កេះ។

លោក សុវណ្ណឌី បាន​បន្តថា៖ «ក្នុង​មួយថ្ងៃ​ក្រុម​របស់​ខ្ញុំ​អាច​អូស​បាន​ពី​បី​ទៅ​បួន​ជើង ប៉ុន្តែ​ គ្មាន​មួយ​ជើង​ណា​ដែល​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពី​សមត្ថកិច្ច​នគរបាល​ច្រក​ទ្វារ​ព្រំដែន​នោះ​ទេ ហើយ​គ្មាន​មួយ​ជើង​ណា​ដែល​មន្ត្រី​គយ​ផ្ដល់​នូវ​វិក្កយ​បត្រ​បង់​ពន្ធ​នោះ​ដែរ។ ពួកគេ​រាប់​ក្បាល​រទេះ និងរាប់​កេះ​ទំនិញ​យក​លុយ​ឆៅៗ​តែ​ម្ដង»។

ទោះ​ជា​បែបណា​ក្ដី លោក សុវណ្ណឌី បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ទំនិញ​ដូចជា​បន្លែ ផ្លែឈើ មន្ត្រី​គយ​មិន​ទារថ្លៃ​បង់​ពន្ធ​នោះ​ទេ គឺ​អនុញ្ញាត​ឲ្យ​ដឹក​ចូល​ដោយ​រួច​ពន្ធ ប៉ុន្តែ​សម្រាប់​ទំនិញ​ផ្សេង​ៗ​ទៀត ដូចជា​ទឹក​ក្រូច ទឹក​ផ្លែ​ឈើ ស្រាបៀរ ឧបករណ៍​ប្រើប្រាស់​ គ្រឿង​អេឡិច​ត្រូនិក ម៉ូតូ និង​គ្រឿង​ម៉ាស៊ីន រួម​ទាំង​ថង់​ប្លាស្ទីក ត្រូវ​បង់ពន្ធ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​​សុំ​ឲ្យ​មន្ត្រី​គយ​ ប្រកាស​អំពី​អត្រា​ពន្ធ នៃ​ទំនិញ​យថា​ប្រភេទ​ឲ្យ​យើង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទារ​ថ្លៃ​សេវាដឹក​ជញ្ជូន​ពី​អតិថិជន​របស់​យើង ដែល​ជា​អាជីវករ​តូច​តាច នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ដែល​ពួកគេ​បញ្ជា​ទំនិញ​និង​បង់​ថ្លៃ​ទំនិញ​តាម​រយៈ​ទូរស័ព្ទ [ប្រព័ន្ធ​វីង​ផ្ទេរ​លុយ] ប៉ុន្តែ​មន្ត្រី​គយ​មិន​ព្រម​ផ្ដល់​តារាង​ពន្ធ​លើ​ទំនិញ​ឲ្យ​យើង​តាម​សំណើ​ទេ»។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​ចុះ​អង្កេត​និង​ប្រមូល​ព័ត៌មាន​ដល់ ទី​កន្លែង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ពន្ធ​គយ និងប៉ុស្តិ៍​ត្រួត​ពិនិត្យ​កាំកុង​ត្រូល​ ដែល​មាន​ទី​តាំង​នៅ​ផ្សារ​រ៉ា​។ សកម្មភាព​នៅ​ទី​នោះ មិន​ខុស​ពី​អ្វី​ដែល​កម្មករ​អូស​រទេះ បាន​រៀប​រាប់​នោះ​ទេ។ រទេះដឹក​ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឆែកឆេរ ប៉ុន្តែ​រទេះដឹក​ទំនិញ​មួយ​ចំនួន​ទៀត ដែល​មាន​គ្រប​បិទជិត​ដោយ​ផ្ទាំង​ក្រណាត់​កៅ​ស៊ូ ឬ បាវ មើល​មិន​ឃើញ​ទំនិញ​អ្វី​ទាំង​អស់​នោះ មិន​ត្រូវ​បាន​ធ្វើ​ការ​ឆែក​ឆេរ​នោះ​ទេ។

នៅ​ពេល​ដែល​សាកសួរ​ថា​ ហេតុ​អ្វី​បាន​ជា​មិន​ឆែក សមត្ថកិច្ច​នៅ​ទី​នោះ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ឡើយ បែរ​ជា​និយាយ​ថា៖ «រវល់​ណាស់ មក​សួរ​អី​នៅ​ពេល​នេះ»។​ លុះដល់​ពេល​អាហារ​ថ្ងៃ​ត្រង់ មន្ត្រី​ទាំង​នោះ​បាន​បដិសេធ​ផ្ដល់​ការ​អធិប្បាយ ដោយ​​បាន​ជំរុញ​ឲ្យ​សាកសួរ ប្រធាន​ការិយា​ល័យ​​របស់​ខ្លួន​។

ទោះ​យ៉ាង​ណា ភ្នំពេញ​ប៉ុស្តិ៍ បាន​​ព្យាយាម​សាកសួរ​តាម​ទូរស័ព្ទ​ទៅ​កាន់​លោក នួន វឌ្ឍី ប្រធាន​ការិយាល័យ​ស្ដី​ទី​គយ​និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត តែ​លោក​បាន​និយាយ​ថា «ជាប់​រវល់» ខណៈ​លោក ឈួន ហៃ ប្រធាន​ការិយា​ល័យ​គយ និង រដ្ឋាករ មិន​លើក​ទូរស័ព្ទ។

លោក ហ៊ាន ត្រេន ដែល​ជាកម្មករ​អូស​រទេះ​នៅ​ក្នុង​តំបន់​ជាយ​ដែន​នេះ បាន​និយាយ​ថា ព្រោះ​តែ​បញ្ហា​បក្ខពួក​និយម​បែបនេះ​ហើយ​ទើប​មាន​ការ​តវ៉ា​ កាលពី​ថ្ងៃ​អង្គារ​កើត​ឡើង។

លោក​បាន​បន្តថា នៅ​ពេល​មាន​ការ​តវ៉ា សមត្ថកិច្ច​ចោទ​កម្មករ​ថា មិន​គោរព​ច្បាប់ បង្ក​អស្ថិរភាព​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយ​សង្គម ដែល​ជាលេស​ក្នុង​ការ​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ។

លោក ត្រេន បាន​បញ្ជាក់​ថា៖ «ព្រឹត្តិការណ៍​តវ៉ា​នាថ្ងៃ​ ២៥ ខែ​ឧសភា កន្លង​មក​នេះ គឺ​ជា​កំហុស​របស់​អាជ្ញាធរ ទាំង​ស្រុង មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មករ​នោះ​ទេ»។

ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​ធ្ងន់​ធ្ងរ​រវាងក្រុម​កម្មករ​អូស​រទេះ​​ជាមួយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ពិសេស​សមត្ថកិច្ច​គយ​និង​​រដ្ឋាករ​ក្រុង​នេះ លោកគោ​ស៊ុម សារឿត អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បង្កើត​ក្រុម​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ធ្វើ​ការស្រាវ​ជ្រាវ​លើ​បញ្ហា​នេះ។ ​
ក្រុម​គណៈកម្មការ​នេះ បាន​​ធ្វើ​ការ​ស៊ើប​អង្កេត ប្រមូល​ភ័ស្ដុ​តាង​ និងសាកសួរ​ពលរដ្ឋ​និង​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន ប៉ុ​ន្តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ធ្វើ​ការ​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ។

លោក សួន សុដ្ឋារ័ត្ន ប្រធាន​ការិយាល័យ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​និយាយ​ថា៖ «មក​ទល់​ពេល​នេះ សមត្ថកិច្ច​របស់​យើង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​លើ​ករណី​នេះ និង​កំពុង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​របាយ​ការណ៍​ ចម្លើយ​របស់​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ និងសាក្សី​ ដែល​ជា​ជន​រង​គ្រោះ ព្រមទាំង​ភ័ស្ដុតាង​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​ដល់​ការ​វាយ​តម្លៃ​លើ​មូល​បញ្ហា»។

តាម​ការ​សន្និដ្ឋាន​របស់​លោ​ក ដំណើរ​ការ​ស្រាវ​ជ្រាវ​រឿង​ក្ដី​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​ទៀត​យ៉ាង​យូរ៕

No comments:

Post a Comment