គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, May 29, 2015

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ព្រះវិហារ​ចោទ​អាជ្ញាធរ​ថា​រារាំង​មិន​ឲ្យ​ធ្វើ​វេទិកា​សាធារណៈ



អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច កំពុង​កើត​ឡើង​ជាច្រើន​ករណី​នៅ​ក្នុង​ស្រុក​ចំនួន​៧ រួម​នឹង​ក្រុង​១ ក្នុង​ខេត្ត​ព្រះវិហារ។

ទំនាស់​ដីធ្លី​ទាំង​នោះ ធ្វើ​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​ជាច្រើន​អស់​សង្ឃឹម ហើយ​មិន​ជឿជាក់​លើ​ការ​ដោះស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​ទេ។ ពួក​គេ​អស់​សង្ឃឹម
ដោយសារ​គ្មាន​ជំនឿ​លើ​ការ​ដោះស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​នេះ។ ក្រុម​សហគមន៍​ទំនាស់​ដីធ្លី​ខ្លះ បាន​នាំ​គ្នា​ធ្វើ​ពិធី​បន់ស្រន់​ដាក់​បណ្ដាសា និង​ខ្លះ​ទៀត​ក៏​នាំ​គ្នា​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​សម្ដែង​កង្វល់ ជាដើម។

សហគមន៍​ទំនាស់​ដីធ្លី​ចំនួន​៣ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ថា​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ប្រជុំ​គ្នា​ធ្វើ​វេទិកា​សាធារណៈ​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

ក្រុម​សហគមន៍​ទាំង​បី​នោះ គឺ​មក​ពី​ឃុំ​រួសរាន់ ឃុំ​រតនៈ និង​ឃុំ​រៀបរយ នៃ​ស្រុក​រវៀង ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​ឃុំ​រួសរាន់ គឺ​លោក វង្ស សុខេងលី។ លោក​អះអាង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ឧសភា ប្រជាពលរដ្ឋ​ប្រមាណ ៤៧០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​តៃវ៉ាន់ ភី.អិន.ធី (PNT) និង​ក្រុមហ៊ុន​វៀតណាម ធីង៉ា (Thy Nga) បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​វេទិកា​សាធារណៈ ក្នុង​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដីធ្លី និង​ធនធាន​ធម្មជាតិ​មក​ឲ្យ​សហគមន៍​ពួក​គេ​វិញ។ បុរស​ដដែល​បញ្ជាក់​ថា រូប​លោក​ផ្ទាល់​បាន​ធ្វើ​លិខិត​អញ្ជើញ​អាជ្ញាធរ​ឃុំ ស្រុក ឲ្យ​មក​ចូលរួម​វេទិកា​សាធារណៈ​នេះ​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ក៏ប៉ុន្តែ​នៅ​ពេល​ដែល​វេទិកា​សាធារណៈ​ចាប់​ផ្ដើម បែរ​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​មក​រារាំង។ លោក វង្ស សុខេងលី បង្ហាញ​ជំហរ​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​រារាំង​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តែ​ជម្នះ​នាំ​គ្នា​ធ្វើ​វេទិកា​នោះ​ទាល់​តែ​បាន៖ «ប៉ូលិស​សមត្ថកិច្ច​ដែល​ការពារ​ក្រុមហ៊ុន​ហ្នឹង​មក​រារាំង មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​តែ​ម្ដង នៅ​ពេល​ប្រជាពលរដ្ឋ​លើក​រោង​វេទិកា​ឡើង គេ​មក​ដោះ​រោង​ប្រជាពលរដ្ឋ​ចេញ មិន​ឲ្យ​សង់​ឡើង​វិញ​ទេ»។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​វិញ បាន​ចាត់​ទុក​វេទិកា​សាធារណៈ​ដែល​ធ្វើ​ឡើង​ដោយ​សហគមន៍​ទំនាស់​ដីធ្លី​នោះ ថា​មិន​មែន​ជា​ឆន្ទៈ​ផ្លូវ​ច្បាប់​ពិត​ប្រាកដ​ទេ។

អភិបាល​ស្រុក​រវៀង លោក ឯ សារ៉ូ បាន​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​បញ្ជូន​សមត្ថកិច្ច​ទៅ​រុះរើ​រោង​វេទិកា​សាធារណៈ ដូច​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​នោះ​ទេ គឺ​គ្រាន់​តែ​បាន​បញ្ជូន​កម្លាំង​មួយ​ចំនួន​ទៅ​ឃ្លាំ​មើល​ក្បែរៗ​នោះ​ប៉ុណ្ណោះ។ លោក​អភិបាល​ស្រុក​រវៀង ចាត់​ទុក​វេទិកា​សាធារណៈ​ដែល​រៀបចំ​ដោយ​សហគមន៍​ទំនាស់​ដីធ្លី​នោះ ថា​គឺ​ជា​វេទិកា​សម្ដែង​មតិ​ដោយ​គ្មាន​ច្បាប់ និង​គ្មាន​តំណាង​ត្រឹមត្រូវ​ទេ ពីព្រោះ​លោក​បាន​ហៅ​ឈ្មោះ វង្ស សុខេងលី ដែល​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ការ​រៀបចំ​វេទិកា​មក​សាកសួរ គឺ​វេទិកា​នោះ​មិន​មែន​រៀបចំ​ដោយ​អង្គការ​ណា​ឡើយ។ ដូច្នេះ ឈ្មោះ វង្ស សុខេងលី ដែល​គ្រាន់​តែ​ជា​ប្រជាពលរដ្ឋ​ម្នាក់ មិន​មាន​លក្ខណៈ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ ដើម្បី​រៀបចំ​វេទិកា​សាធារណៈ​សម្ដែង​មតិ​នោះ​ទេ៖ «ហើយ​ខ្ញុំ​បាន​ធ្វើ​លិខិត​មួយ​ហាម​ឃាត់​កុំ​ឲ្យ​គាត់​ធ្វើ។ ផ្ដាំ​តាម​រយៈ​វិទ្យុ​អាស៊ីសេរី ថ្ងៃ​ក្រោយ​បើ​សិន​ជា​គាត់​ចង់​ធ្វើ​វេទិកា ឲ្យ​គាត់​ធ្វើ​ជា​សំណើ​សុំ​មក​ក្រុមប្រឹក្សា​ឃុំ ឬ​ក៏​ស្រុក​មក ដើម្បី​ក្រុមប្រឹក្សា​ឃុំ ឬ​ក៏​ស្រុក រៀបចំ​ធ្វើ​វេទិកា​ឲ្យ​ស្រប​តាម​គោលការណ៍ តាម​នីតិវិធី​តែ​ម្ដង»។

អាជ្ញាធរ​ស្រុក​រវៀង សង្ស័យ​ថា វេទិកា​សាធារណៈ​ដែល​សហគមន៍​ទំនាស់​ដីធ្លី​ឃុំ​រួសរាន់ ឃុំ​រតនៈ និង​ឃុំ​រៀបរយ ប្រមូល​ផ្ដុំ​ជួបជុំ​គ្នា​នោះ គឺ​រៀបចំ​ដោយ​អង្គការ​ពន្លក​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ទី​រួម​ខេត្ត​ព្រះវិហារ។

ក៏ប៉ុន្តែ មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​បដិសេធ​ថា វេទិកា​សាធារណៈ​នោះ គឺ​មិន​មែន​អង្គការ​ពន្លក​ខ្មែរ​ជា​អ្នក​រៀបចំ​ទេ។ ទោះ​យ៉ាង​ណា លោក ប៉ិក សោភ័ណ បាន​ចាត់​ទុក​សកម្មភាព​រារាំង​របស់​សមត្ថកិច្ច​នោះ ថា​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា៖ «ការ​រារាំង​បែប​នេះ គឺ​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ជាពិសេស​គឺ​ឃើញ​ថា បាន​រំលោភ​សិទ្ធិ និង​គំរាម​កំហែង​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​យក​ដីធ្លី»។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដូច​គ្នា​នេះ សមត្ថកិច្ច​របស់​រដ្ឋាភិបាល ក៏​បាន​បញ្ជូន​កម្លាំង​មួយ​ចំនួន​ទៅ​រារាំង​សហគមន៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែ២ ស្រុក​ឆែប មិន​ឲ្យ​ជួប​ប្រជុំ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ​អំពី​សិទ្ធិ ក៏ដូចជា​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទៀត​ដែរ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា លោក​បាន​អញ្ជើញ​ទៅ​ចូលរួម​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី​សិទ្ធិ និង​ច្បាប់ នៅ​ឃុំ​សង្កែ២ ស្រុក​ឆែប។ លោក​ថា មាន​សមត្ថកិច្ច​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​ដំណើរ​ការ​កម្មវិធី។ លោក ឡោ ចាន់ បាន​ចាត់​ទុក​សកម្មភាព​របស់​សមត្ថកិច្ច​ដែល​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នៅ​ឃុំ​សង្កែ២ ស្រុក​ឆែប និង​នៅ​ឃុំ​រួសរាន់ ស្រុក​រវៀង បាន​ជួប​ប្រជុំ​គ្នា​នោះ គឺ​ជា​ការ​គាប​សង្កត់ និង​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស៖ «នេះ​ជា​ការ​ដាក់​សម្ពាធ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ក៏ដូចជា​ការ​គំរាម​កំហែង​ដោយ​ប្រយោល។ អា​ហ្នឹង​បើ​និយាយ​ទៅ គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន»។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កាន់​តែ​កើន​ឡើងៗ​នៅ​ខេត្ត​ព្រះវិហារ ហើយ​អាជ្ញាធរ​រដ្ឋាភិបាល ហាក់​គ្មាន​គោល​នយោបាយ​ដោះស្រាយ​ឲ្យ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​នោះ។ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទំនាស់​ដីធ្លី​ដែល​ក្តៅ​គគុក​កំពុង​កើត​ឡើង​ជាច្រើន​កន្លែង​នៅ​ក្នុង​ស្រុក​ចំនួន​៧ និង​ក្រុង​១ ក្នុង​ខេត្ត​ព្រះវិហារ៕

No comments:

Post a Comment