គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, May 2, 2015

អ្នក​ភូមិ​ចោទ​មេ​ឃុំ​នៅ​មណ្ឌលគិរី​ថា​កាប់​និង​ដុត​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី

  ប្រជាពលរដ្ឋ​មួយ​គ្រួសារ ចោទ​ប្រកាន់​មេ​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ថា​ប្រើ​អំណាច​ដណ្ដើម​យក​ដី​ដែល​គាត់​បាន​ដាំ​ដំណាំ និង​កាន់​កាប់​ច្រើន​ឆ្នាំ ព្រម​ទាំង​កាប់ និង​ដុត​បំផ្លាញ​ដំណាំ​ក្នុង​ចម្ការ រំលោភ​សិទ្ធិ​គាត់​ជា​ពលរដ្ឋ។

ចំណែក​មេ​ឃុំ​បដិសេធ​ថា ជម្លោះ​ដីធ្លី និង​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ មិន​ទាក់ទិន​ចំពោះ​លោក​ជា​មន្ត្រី​មូលដ្ឋាន​នោះ​ឡើយ។


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូចា ឃុំ​ស្រែព្រះ លោក ប៉ា សំផន អះអាង​ថា មេ​ឃុំ​ស្រែព្រះ បាន​កាប់​បំផ្លាញ​ដើម​ស្វាយ​ចន្ទី និង​ដុត​ដើម​ដំឡូង​របស់​គាត់​អស់ ដោយសារ​តែ​មាន​កំហឹង​ក្នុង​ជម្លោះ​ដី​អាស្រ័យ​ផល ២​ហិកតារ ដែល​មេ​ឃុំ​ប៉ុនប៉ង​រំលោភ​យក។ លោក​ចាត់​ទុក​ករណី​នេះ​ជា​ការ​ប្រើ​អំណាច​របស់​មន្ត្រី​មូលដ្ឋាន រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដោយ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ៖ «បំផ្លាញ​ដំណាំ​លើ​ដី​ខ្ញុំ​ជា​ស្វាយ​ចន្ទី ដំឡូង​ស្អី​ហ្នឹង​កាប់​ចិញ្ច្រាំ ខ្ញុំ​មាន​ភស្តុតាង​តើ។ សិទ្ធិ​អំណាច​របស់​គាត់​ប៉ះ​សិទ្ធិ​របស់​ខ្ញុំ អ៊ីចឹង​ខ្ញុំ​មាន​សិទ្ធិ​ឲ្យ​សង​ការ​ខូចខាត​នៅ​លើ​ដី​ខ្ញុំ»។

តាម​ការ​អះអាង​របស់ លោក ប៉ា សំផន ជម្លោះ​ដីធ្លី​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ ខណៈ​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​រាជ​រដ្ឋាភិបាល ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​តាម​គោល​នយោបាយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ។ ចំណែក​មេ​ឃុំ បាន​ជំទាស់​ថា ដី​ដែល​លោក​កំពុង​កាន់​កាប់​ជា​ដី​មាន​ទំនាស់ ហេតុ​នេះ​ក្រុម​និស្សិត​មិន​បាន​វាស់វែង​ដី​នោះ​នៅ​ឡើយ។ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៤ មេ​ឃុំ​ស្រែព្រះ មិន​ព្រម​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ទេ ដោយ​ចាត់​ទុក​ថា ដី​ទំនាស់​ជា​ដី​របស់​ខ្លួន ហើយ​រហូត​មក​ទល់​នឹង​ចុង​ខែ​មករា ឆ្នាំ​២០១៥ លោក​មេ​ឃុំ​បាន​ដឹក​នាំ​កម្មករ​កាប់​ដើម​ស្វាយ​ចន្ទី​ដែល​លោក​បាន​ដាំ​រយៈពេល​ជាង ១​ឆ្នាំ និង​ដុត​គំនរ​ដើម​ដំឡូង​ដែល​លោក​គ្រោង​នឹង​ដាំ​ដុះ​បន្ថែម​ទៀត។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មេ​ឃុំ​ស្រែព្រះ លោក ព្យើស ពី បដិសេធ​ថា ទំនាស់​ដីធ្លី​នេះ​មិន​ទាក់ទង​ជាមួយ​លោក​ទេ ពីព្រោះ លោក ប៉ា សំផន មក​រស់នៅ​លើ​ដី​ប្រជាពលរដ្ឋ​ម្នាក់ ហើយ​មិន​ព្រម​ចាក​ចេញ ទើប​ម្ចាស់​ដី​កាប់​ដំណាំ និង​ដុត​ដើម​ដំឡូង​នោះ​ចោល។ ចំណែក​ម្ចាស់​ដី​ជា​អ្នក​ណា លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ឡើយ។ លោក​បន្ត​ថា បាន​អញ្ជើញ លោក ប៉ា សំផន មក​ដោះស្រាយ​បញ្ហា​ច្រើន​លើក​នៅ​សាលា​ឃុំ ប៉ុន្តែ​លោក​មិន​ចូល​ខ្លួន​មក​ដោះស្រាយ៖ «ម្ចាស់​ដី​គេ​ជាប់​ព្រំ​ដី​ខ្ញុំ​មែន អ៊ីចឹង​ប្លង់​ដី​ហ្នឹង​ដី​តា​ម្នាក់ រឿង​ហ្នឹង​គាត់​ថា​ប្រើ​ដី​មួយ​ឆ្នាំ​ហើយ គាត់​ថា​ឲ្យ​រើ​ដំឡូង​ហ្នឹង​ចេញ ពី​មុន​គាត់​ខ្ចី​អ៊ីចឹង គាត់​អត់​រើ ហើយ​ម្ចាស់​ចម្ការ​គេ​ហ្នឹង​គេ​រើ​គេ​ដុត​ចន្ទី មិន​មែន​ខ្ញុំ​ដុត​ទេ​ណា!»។

កាល​ពី​ខែ​មីនា កន្លង​ទៅ លោក ប៉ា សំផន បាន​ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ​ស្រែព្រះ ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​មន្ត្រី​មូលដ្ឋាន​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អង្កេត​បឋម​របស់​លោក​រក​ឃើញ​ថា ពិត​ជា​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ដំណាំ លោក ប៉ា សំផន និង​មាន​តម្រុយ​ជាច្រើន ដែល​ធ្វើ​ឲ្យ​សង្ស័យ​ថា មេ​ឃុំ​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ហិង្សា​រំលោភ​ច្បាប់​នេះ។ លោក​កត់​សម្គាល់​ថា ករណី​បែប​ណា​ក៏ដោយ ការ​ប្រើ​អំពើ​ហិង្សា​មិន​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ ដែល​ភាគី​ណា​មួយ​អាច​យក​មក​ប្រើប្រាស់​ដោះស្រាយ​ជម្លោះ​នោះ​បាន​ទេ៖ «ដើម្បី​បង្ហាញ​ថា​ដី​នេះ​ជា​របស់​អ្នក​ណា​មួយ​ពិត​ប្រាកដ មាន​តែ​ច្បាប់​ទេ​ជា​អ្នក​ដោះស្រាយ មុន​នឹង​ចូល​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​លើ​ដី​ហ្នឹង។ បើ​ភាគី​ណា​មួយ​ចូល​ទៅ​បំផ្លិចបំផ្លាញ ភាគី​រងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ពី​ការ​បំផ្លិចបំផ្លាញ​នេះ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​តុលាការ​ខេត្ត​មណ្ឌលគិរី ចាត់​វិធានការ​ស៊ើប​អង្កេត និង​វិនិច្ឆ័យ​រឿង​ក្តី ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​អ្នក​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ៕

No comments:

Post a Comment