ស្តាប់សំឡេង៖ |
ចម្លងទុក |
មេដឹកនាំបក្សប្រឆាំងមួយរូបអះអាងថា ការដែលបក្សកាន់អំណាចព្រមបង្កើតឲ្យមានវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាជាតិនាពេលថ្មីៗនេះ ដោយសារតែសន្ទុះរួបរួមគ្នារបស់ពលរដ្ឋ គាំទ្របក្សប្រឆាំងខ្លាំង នៅអាណត្តិទី៥នេះ ។
ក្នុងវេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០១៥ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងថាការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣កន្លងទៅ ពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិច្រើនលើសលុប ។
មេបក្សប្រឆាំងរូបនោះអះអាងទៀតថា ការគាំទ្រយ៉ាងគំហុកនេះ ជាកត្តាជំរុញឲ្យបក្សកាន់អំណាច ទទួលយកវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ ដូចបច្ចុប្បន្ននេះ ។
លោក កឹម សុខា ទទូចឲ្យពលរដ្ឋកុំបែកបាក់គ្នា បន្ដគាំទ្រគណបក្សសង្គ្រោះជាតិបន្ថែមទៀត ដើម្បីទទួលបានផ្លែផ្កាពីវប្បធម៌សន្ទនា សម្រាប់ជាតិ និងម្ចាស់ឆ្នោតខ្លួនឯង ។ លោកថា «គណបក្សកាន់អំណាចបច្ចុបន្បន្ននេះ ដឹងខ្លួន ភ្ញាក់ខ្លួន បើអត់មានការគាំទ្រខ្លាំងពីប្រជាខ្មែរ គាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងគគ្រឹកគគ្រេងដូចឆ្នាំ២០១៣ទេ គេនៅថា ខ្ញុំខុសអីទៀត ។ យើងកុំបែកគ្នា កាលណាបែកគ្នា ទឹកមាត់យើងសាបហើយ កឹម សុខា សម រង្ស៊ី និយាយអី គេមិនចាប់អារម្មណ៍ទេ តែបើឥឡូវនេះ រួមគ្នានេះ ប្រជារាស្ត្រស្រែកដ៏ខ្លាំងនេះ គាំទ្រសង្គ្រោះជាតិដ៏ខ្លាំងនេះ នៅតែរឹងមាំដដែល យើងនឹងមានការសន្ទនាមួយបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាមិនខាន» ។
ការថ្លែងរបស់លោក កឹម សុខា នេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាជាតិ និងចំពេលដែលសមាគមមួយរបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ប្រកាសបង្កើតគណបក្សថ្មីដើម្បីប្រកួតប្រជែងរកសំឡេងឆ្នោត ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា វប្បធម៌សន្ទនាដែលគណបក្សប្រជាជនកម្ពុជាកំពុងបង្កើតឡើងជាមួយមេបក្សប្រឆាំង លោក សម រង្ស៊ី ពេលនេះ មិនផ្តោតសំខាន់លើសំឡេងច្រើនឬតិចទេ ដោយលោកអះអាងថា ដើម្បីលុបបំបាត់វប្បធម៌ប្រទូស្តរាយគ្នា ។ ប៉ុន្តែអ្នកនាំពាក្យរូបនោះ អះអាងទៀតថា លោក កឹម សុខា មិនដែលសប្បាយចិត្តនឹងវប្បធម៌សន្ទនានេះ ដូចមេបក្សរបស់ខ្លួន លោក សម រង្ស៊ី ទេ ។ លោកថា «តាំងពីនៅស្រុកខ្មែរ រហូតដល់អាមេរិកនេះ គាត់ថា គាត់មិនពេញចិត្តអំពីវប្បធម៌សន្ទនាទេ អ៊ីចឹងគាត់ដើរផ្ទុយពីគោលជំហររបស់មេបក្សគាត់» ។
អ្នកឃ្លាំមើលព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ធ្លាប់សាទរនឹងអ្នកនយោបាយដែលចាប់យកវប្បធម៌មិនយកគ្នាជាសត្រូវ ដើម្បីដោះស្រាយបញ្ហាជាតិ ។ ប៉ុន្តែអ្នកវិភាគសង្គមនៅតែបារម្ភថា វប្បធម៌សន្ទនានោះ បក្សកាន់អំណាចជាអ្នកមានប្រៀបលើបក្សប្រឆាំង នៅពេលធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតកន្លងទៅជាដើម ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត និងផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងផ្តល់សិទ្ធិឲ្យគណបក្សសង្គ្រោះជាតិមានទូរទស្សន៍ជាដើម តាមរយៈវប្បធម៌សន្ទនា ។
ចំណែកឯលោក កឹម សុខា វិញអះអាងថា បើមានតែវប្បធម៌សន្ទនា ហើយបក្សប្រឆាំងមួយនេះភ្លេចពង្រឹងគោលនយោបាយរបស់ខ្លួនតាមតម្រូវការចាំបាច់របស់ពលរដ្ឋ នោះគណបក្សសង្គ្រោះជាតិ នឹងបាត់បង់អាសនៈក្នុងសភាដូចគណបក្សហ្វ៊ុនស៊ិនប៉ិច ៕
No comments:
Post a Comment