គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 22, 2015

ពលរដ្ឋ​នៅ​ស្វាយរៀង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដោះស្រាយ​បញ្ហា​ព្រំដែន

ពលរដ្ឋ​ខេត្ត​ស្វាយរៀង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដោះស្រាយ​បញ្ហា​ព្រំដែន ដើម្បី​កុំ​ឲ្យ​វៀតណាម រំលោភ​បន្ត​ទៀត។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា-​វៀតណាម ឃើញ​វៀតណាម ធ្វើ​ផ្លូវ​ថ្នល់​ជាប់​ព្រំដែន លួច​រំកិល​ចូល​ដី​ខ្មែរ​ដោយ​មិន​មាន​អាជ្ញាធរ​ខ្មែរ​ណា​ម្នាក់​អន្តរាគមន៍​ទេ ដែល​នេះ​ជា​ឱកាស​ឲ្យ​វៀតណាម រំលោភ​ដី​ខ្មែរ​បន្ត​ទៀត​បើ​រដ្ឋាភិបាល​នៅតែ​ព្រងើយ។



ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា-​វៀតណាម អះអាង​ថា អាជ្ញាធរ​វៀតណាម កំពុងតែ​កសាង​ផ្លូវ​ថ្នល់​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន ចាប់​ពី​ឃុំ​ទួលស្តី រហូត​ដល់​ឃុំ​សំរោង ប្រហែល ១​ខែ​មក​ហើយ ចាប់​ពី​បង្គោល​ព្រំដែន​លេខ ៩៤ ដល់ ១៩៧ ឋិត​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ផ្លូវ​ថ្នល់​ដែល​វៀតណាម កំពុង​សាងសង់​មាន​កម្ពស់ ២​ម៉ែត្រ ទទឹង ១៥​ម៉ែត្រ។ ទោះ​យ៉ាង​ណា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ជិត​តំបន់​នោះ​អះអាង​ថា វៀតណាម​មាន​ចេតនា​អភិវឌ្ឍ​ចូល​ដី​ខ្មែរ ដែល​កំពុង​កសាង​នោះ​ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ខ្មែរ​គិតគូរ​អន្តរាគមន៍​ទេ ហើយ​នៅ​តែ​បណ្ដោយ​ឲ្យ​វៀតណាម ធ្វើ​តាម​តែ​អំពើ​ចិត្ត​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ទឹកដី​ខ្មែរ​បាត់បង់​បន្ត​ទៀត។

ពលរដ្ឋ​ម្នាក់​មាន​កំណើត​ខ្មែរ​កម្ពុជា​ក្រោម ដែល​មក​តាំង​ទីលំនៅ​ទី​នោះ​ជាង ២០​ឆ្នាំ រស់​នៅ​ជាមួយ​បង​ប្អូន​ក្នុង​ខ្ទម​ដ៏​តូច​សង់ ២​ជាប់​គ្នា នៅ​ដាច់​ស្រយាល​ពី​ភូមិ​អ្នក​ស្រុក ឋិត​នៅ​ក្នុង​ភូមិ​គក់តែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ប្រហែល​ជា ១០០​ម៉ែត្រ​ដល់​ទឹក​ដី​វៀតណាម ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។ លោក​រៀបរាប់​ថា ក្នុង​ភូមិ​គក់តែក ឃុំ​ចន្ទ្រា មាន​បង្គោល​លេខ ៩៨ ដែល​វៀតណាម បាន​បោះ​តម្រុង​ព្រំដែន​ចូល​ក្នុង​​ដី​ខ្មែរ​ចំនួន ១៥​ម៉ែត្រ និង​មាន​កន្លែង​ខ្លះ​អស់​ជាង ១០០​ម៉ែត្រ ហើយ​នៅ​ពេល​បច្ចុប្បន្ន វៀតណាម បន្ត​រំលោភ​ទៀត និង​ចាប់​ផ្ដើម​យក​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ដែល​មាន​កម្ពស់​ពីរ​ម៉ែត្រ។ លោក​បន្ត​ថា អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ថា វៀតណាម​ធ្វើ​ផ្លូវ​នោះ​គឺ​ជា​ខ្សែ​ក្រវាត់​ការពារ​ព្រំដែន ហើយ​កំពុង​សាងសង់​បុក​ឆ្ពោះ​ទៅ​កាន់​ឃុំ​សំរោង ពុំ​មាន​អាជ្ញាធរ​ខ្មែរ​ចុះ​ត្រូវ​ពិនិត្យ​ទេ ដែល​ជា​កត្តា​បង្ក​ឲ្យ​ដី​ខ្មែរ​នៅ​ទី​នោះ​ប្រឈម​នឹង​ការ​ឈ្លានពាន។

លោក​ថា កន្លង​ទៅ​ការ​រស់​នៅ រួម​ទាំង​ការ​ដាំ​ដំណាំ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​តែ​មាន​ការ​រារាំង​ពី​យោធា​វៀតណាម ហាម​ឃាត់​​នឹង​គំរាមកំហែង។ លើស​ពី​នេះ​ទៀត បន្ទាត់​ព្រំដែន​ដែល​ជាប់​តំបន់​ស មិន​បាន​កំណត់​ច្បាស់លាស់​នៅ​ឡើយ ជា​កត្តា​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​រង​ផលវិបាក៖ «អាអ៊ិច (គ្រឿងចក្រ) យក​មក​ជីក ឡាន​ដឹក​ដី​មាន​គ្រប់​អស់​ហើយ។ តែ​គេ​ឈូស​គេ​មាន​តាម​បណ្ដោយ​ចិត្ត​របស់​គេ គេ​ចង់​ធ្វើ​ម៉េច​ធ្វើ​ទៅ មក​ពី​យើង​អត់​មាន (អ្នក) ឈរ​មើល​ផង»។
ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត លោក សារុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ថា កន្លង​មក​លោក​បាន​ឃើញ​អាជ្ញាធរ​វៀតណាម បាន​បោះ​តម្រុយ​ព្រំដែន​ចូល​ក្នុង​ដី​ស្រែ​ពលរដ្ឋ​តែ​នៅ​ពេល​ដែល​ពលរដ្ឋ​ដក​តម្រុយ​នោះ​ចេញ អាជ្ញាធរ​ស្រុក​បាន​ប្ដឹង​តុលាការ​ចាប់​ពលរដ្ឋ​ស្លូត​ត្រង់​ដាក់​គុក។ លោក​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​អមនុស្សធម៌​ដោយ​រំលោភ​សិទ្ធិ​រស់​នៅ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

តួយ៉ាង​កាល​ពី​ឆ្នាំ​២០០៩ ពលរដ្ឋ ៥​នាក់ បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​ត្រូវ​វៀតណាម បោះ​ចូល​ដីស្រែ​ពួកគាត់​ជា​ច្រើន​ហិកតារ ឋិត​នៅ​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេង ១៨៤ និង ១៨៥  ឋិត​នៅ​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង តែ​ត្រូវ​បាន​តុលាការ​ឃាត់​ខ្លួន​ពលរដ្ឋ​បាន ២​នាក់ ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ​ត្រូវ​ជាប់​ពន្ធនាគារ ៩​ខែ ២០​ថ្ងៃ។ ពលរដ្ឋ​ទាំង​នោះ​ចាត់​ទុក​ថា គឺ​នេះ​ជា​ទង្វើ​អយុត្តិធម៌​ជា​ទី​បំផុត។

លោក សារុន បន្ថែម​ថា បើ​ទោះ​បី​ដឹង​ថា វៀតណាម​មាន​ចេតនា​រំលោភ​ដី តែ​អាជ្ញាធរ​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​វៀតណាម រំលោភ​ត​ទៀត មិន​ដឹង​ថា ពេល​ណា​ទើប​មាន​វិធី​ទប់​ស្កាត់​ការ​រំលោភ​បាន​ទេ បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ដោះស្រាយ៖ «តែ​ដី​យើង​តែ​វា​សុំ​ជីក​ដើម្បី​វា​ជួល​ស្រែ​យើង​ធ្វើ ជួល​ស្រែ​ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​ហ្នឹង​ទៅ​វា​ជីក​ប្រឡាយ​មក ជីក​តាម​ហ្នឹង​មក​វា​ដាក់​កាណូត​តូចៗ ទុក​នៅ​ហ្នឹង​ចាំ​នៅ​ហ្នឹង»។

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ចន្ទ្រា រួម​ទាំង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​តំបន់​ច្រក​របៀង​ស្រុក​ចន្ទ្រា សុទ្ធតែ​បាន​អះអាង​ដូចៗ​គ្នា​ថា វៀតណាម​បាន​បោះ​បង្គោល និង​តម្រុយ​ព្រំដែន​ចូល​ដី​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​តាំង​ពី​ក្រុង​បាវិត រហូត​ដល់​ស្រុក​ចន្ទ្រា រំលោភ​ខ្លះ​តិច ខ្លះ​ច្រើន​ដោយ​កន្លែង។

សំឡេង​ចម្រុះ៖ «ទឹក​ដី​យើង​នៅ​ខាង​កើត​អី​នោះ មិន​មែន​ត្រង់​ហ្នឹង​ទេ  នៅ​គេ​ហៅ​ថា ស្វាយបី បើ​ពី​ដើម​ទី​នៅ​ព្រៃនគរ​ទៀត​នោះ។ ម៉េច​ថា​មិន​បារម្ភ? បើ​គេ​យក​ដី​យើង​ទៅ​ហើយ បារម្ភ​សោកស្ដាយ​ដី​ដែល​ធ្លាប់​ធ្វើ​ខ្លាច​គេ​យក មិន​ដឹង​គេ​យក​ពេល​ណា? ហ្នឹង​គេ​ទិញ​ហើយ​ថ្នល់ ហ្នឹង​ថ្នល់​គេ​ធ្វើ​តែ​យើង​មាន​នៅ​ទី​នោះ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ចន្ទ្រា លោក គង់ វស្សា បដិសេធ​ការ​លើក​ឡើង​របស់​ពលរដ្ឋ។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន​មែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ដាំ​កៅស៊ូ ជិត​ព្រំដែន និង​ដើម្បី​ភាព​ងាយ​ស្រួល​ដល់​ធ្វើ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ។ លោក​ថា វៀតណាម​បាន​ធ្វើ​ផ្លូវ​រាល់​ថ្ងៃ​នេះ​គឺ​នៅ​ប្រទេស​វៀតណាម​ទេ មិន​ដូច​ការ​អះអាង​របស់​ពលរដ្ឋ​ឡើយ។ ចំណែក​អាជ្ញាធរ​ខ្មែរ​ក៏​មាន​គម្រោង​ធ្វើ​ផ្លូវ​សម្រាប់​ត​ភ្ជាប់​ទៅ​តំបន់​នោះ​ដែរ។

លោក​បន្ត​ថា អាជ្ញាធរ​ខ្មែរ​កំពុង​ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម ផ្ដល់​ទឹក​តាម​ប្រឡាយ​ចូល​ដល់​ដី​ខ្មែរ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ធ្វើស្រែ​ដល់​កសិករ​ខ្មែរ​តាម​ព្រំដែន និង​បង្កើន​ជីវភាព​ពលរដ្ឋ​ព្រោះ​ភាគី​វៀតណាម មាន​ខ្សែ​ទឹក​ដែល​មក​ពី​ប្រភព​ទឹក​សំខាន់។ ដោយ​ឡែក​នៅ​តាម​ព្រំដែន​លោក​ឃើញ​ពលរដ្ឋ​ខ្មែរ-វៀតណាម ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ៖ «ហើយ​យើង​បើ​តាម​បណ្ដាល​ឃុំ​ជាប់​ព្រំដែន​មួយ​ចំនួន​ក៏​ធ្វើ​ស្រែ បង្កបង្កើត​ផល​ជាប់​ព្រំដែន​ដែរ ដូច​នៅ​បាវិត តំបន់​ជ៦​នោះ​ធ្វើ​ជាប់​តែ​គ្នា​ហ្នឹង»។

ក្នុង​បញ្ហា​នេះ​តំណាង​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ធ្លាប់​បាន​អះអាង​ថា ទឹកដី​ខ្មែរ​មិន​ត្រូវ​ឲ្យ​បាត់បង់​មួយ​ចំអាម​ឡើយ ហើយ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ការ​ចរចា​សន្តិវិធី តែ​បើ​ការ​ចរចា​មិន​ទាន់​ទេ គឺ​ត្រូវ​អូស​បន្លាយ​រយៈពេល​យូរ​រហូត​ដល់​បច្ចុប្បន្ន។

លោក​ថា លោក​ពុំ​បាន​ដឹង​អំពី​ការ​អភិវឌ្ឍ​របស់​វៀតណាម ទេ ព្រោះ​អភិបាល​ខេត្ត​ពុំ​បាន​ផ្ដល់​របាយការណ៍​ជូន​លោក​ឡើយ។ លោក​បន្ត​ថា គណៈកម្មាធិការ​ព្រំដែន ចង់​បោះ​បង្គោល​ឲ្យ​រួចរាល់ តែ​មិន​ងាយ​រក​ចំណុច​ឯកភាព​គ្នា​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​អូស​បន្លាយ​ដល់​សព្វ​ថ្ងៃ។ លើស​ពី​នេះ​ទៀត លោក​នឹង​ស៊ើប​អង្កេត​ករណី​នេះ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ៖ «មិន​អស់​សង្ឃឹម​ទេ យើង​នៅ​បន្ត​ការ​ចរចា។ កន្លែង​យើង​រាយការណ៍​មក អភិបាល​ខេត្ត​ស្វាយរៀង មិន​ឃើញ​របាយការណ៍​មក​ប្រាប់​ខ្ញុំ​ទេ»។

​ទោះ​យ៉ាង​ណា​អតីត​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ហើយ​វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការពារ​បូរណភាព​ទឹកដី​ដែល​បណ្ដែតបណ្ដោយ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ជា​បន្ទាន់​ជុំវិញ​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​វៀតណាម តាម​បណ្ដោយ​ព្រំដែន៖ «កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស មាន​ការ​រំលោភ​បំពាន​មក​លើ​ទឹកដី​របស់​យើង អាជ្ញាធរ​កម្ពុជា​យើង​ហ្នឹង​ត្រូវ​តែ... បើ​មិន​មាន​លទ្ធភាព​ត្រូវ​ធ្វើ​របាយការណ៍​ឡើង​ទៅ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី»។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន រិះគន់​កង​កម្លាំង​យោធា​ខ្មែរ​មាន​តួនាទី​ការពារ​ព្រំដែន​ខ្មែរ​ថា មិន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​ជា​កងកម្លាំង​យោធា​វៀតណាម​ឡើយ។ ការ​រិះគន់​នោះ​បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​រក​ឃើញ​ថា កងកម្លាំង​យោធា​ខ្មែរ​រាប់​ម៉ឺន​នាក់​ទូទាំង​ប្រទេស គឺ​នៅ​តែ​ទីក្រុង និង​ទី​រួម​ខេត្ត​មិន​ឃើញ​មាន​ការពារ​សន្តិសុខ​តាម​ព្រំដែន​ទេ គឺ​ឃើញ​មាន​តែ​កម្លាំង​ប៉ូលិស ២ ទៅ ៣​នាក់​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​វៀតណាម មាន​ប្រៀប​ខាង​កម្លាំង​យោធា ជា​កត្តា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មិន​ចង់​រស់​នៅ​តាម​ព្រំដែន ព្រោះ​តែ​ភ័យខ្លាច និង​ខ្លះ​ទៀត​គ្មាន​ជំនឿ​លើ​កម្លាំង​ការពារ​សន្តិសុខ​ខ្មែរ ដែល​ជា​លក្ខណៈ​ងាយ​ស្រូល​ដល់​អាជ្ញាធរ​វៀតណាម រំលោភ​ដី។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​តាម​ព្រំដែន​ជា​ប្រចាំ ដើម្បី​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ​ខ្មែរ និង​បូរណភាព​ទឹកដី។

No comments:

Post a Comment