គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 24, 2015

ក្រសួង​ដែនដី​គ្រោង​សង់​ផ្ទះ​លក់​ឲ្យ​ពលរដ្ឋ​ក្រីក្រ

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ តាមរយៈ​នាយកដ្ឋាន​លំនៅឋាន ដែល​ទើប​បង្កើត​ថ្មី គ្រោង​សាងសង់ និង​អភិវឌ្ឍ​លំនៅឋាន​ក្នុង​តម្លៃ​សមរម្យ​ដើម្បី​ដាក់​លក់ និង​ជួល​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ប្រាក់ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ​ទូទាំង​ប្រទេស​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ស្តីពី​ការអភិវឌ្ឍ​លំនៅឋាន​មាន​តម្លៃ​
សមរម្យ កាលពី​ម្សិលមិញ​ លោក ប៉េង ហុងសុជាតិ​ខេមរ៉ូ អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន បាន​ឲ្យ​ដឹង​ថា គម្រោង​នៃ​កម្មវិធី​សាងសង់ និង​អភិវឌ្ឍន៍​លំនៅឋាន​នេះ​គឺ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្តល់​សេវា​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​គម្រោង​លំនៅឋាន​លក់​ផ្តាច់ និង​គម្រោង​លំនៅឋាន​សម្រាប់​ជួល ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ ១៨ ភាគរយ នៃ​ពលរដ្ឋ​កម្ពុជា​សរុប។

លោក​ថា៖ «កម្មវិធី​នេះ​គឺ​សំដៅ​ធ្វើ​ឡើង​សម្រាប់​បងប្អូន​អ្នក​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​ក្នុង​រយៈពេល​ខ្លី​នៅ​កន្លែង​ណា​មួយ គឺ​គាត់​ជួល​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​គឺ​គាត់​ទិញ​ក្នុង​តម្លៃ​សមរម្យ»។

លោក​បន្ត​ថា ការលក់ និង​ជួល​លំនៅឋាន សម្រាប់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប និង​ក្រុម​ជនងាយ​រងគ្រោះ នឹង​ត្រូវ​បាន​បែងចែក​ទៅ​តាម​ស្តង់ដា និង​ការវាយតម្លៃ​ទៅ​តាម​បច្ចេកទេស​លំនៅឋាន ហើយ​​ការអនុវត្ត​គម្រោង​នេះ គឺ​នឹង​ប្រើប្រាស់​នូវ​ថវិការដ្ឋ ក្រោម​កិច្ចសហការ​ពី​អង្គការ​ពាក់ព័ន្ធ​ផង​ដែរ។

លោក​ថា៖ «យើង​បាន​ប្រើប្រាស់​នូវ​ថវិកា​ជាតិ ម្រាប់​ផែនការ​ទី ១ គឺ​ការកសាង​សមត្ថភាព​មន្ត្រី​ជំនាញ​។ យើង​មិន​ដឹង​ថា​ ចំណាយ​ប៉ុន្មាន​ទេ តែ​យើង​នឹង​អាច​ដឹង​ពី​ចំណាយ​សរុប​បន្ទាប់ពី​គម្រោង​ត្រូវ​បាន​រៀបចំ​រួចរាល់»។

បើ​តាម​លោក ហុងសុជាតិខេមរ៉ូ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ផ្តល់​សេវា​លំនៅឋាន​នេះ នាយកដ្ឋាន​លំនៅឋាន បាន​រៀបចំ​នូវ​ផែនការ​ចំនួន ៤ រួមមាន ទី ១ ការរៀបចំ​ការងារ ពាក់ព័ន្ធ​នឹង​បញ្ញត្តិ​លំនៅឋាន តាមរយៈ​ការកសាង​សមត្ថភាព​ដល់​មន្ត្រី ទី ២ ការបង្កើត​មូលនិធិ​សម្រាប់​លំនៅឋាន ទី ៣ ការរៀបចំ​បទដ្ឋាន​លំនៅឋាន សម្រាប់​ប្រជាពលរដ្ឋ និង​ទី ៤ ការអនុវត្ត​គម្រោង​សាកល្បង​។

ជាមួយ​គ្នា​នេះ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា បាន​​ទាក់ទាញ​វិនិយោគិន​មក​ធ្វើការ​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​យ៉ាងច្រើន ប៉ុន្តែ​ការវិនិយោគ​លើ​ផ្នែក​នេះ ច្រើន​ផ្តោត​តែ​លើ​លំនៅឋាន សម្រាប់​អ្នក​ដែល​មាន​ចំណូល​ខ្ពស់ ចំណែក​​ការវិនិយោគ​លើ​លំនៅឋាន សម្រាប់​អ្នក​មាន​ចំណូល​មធ្យម និង​ទាប​នៅ​ពុំ​មាន​សកម្មភាព​ផុសផុល​នៅ​​ឡើយ​។

លោក​ថា៖ «ដោយសារ​កត្តា​នេះ តម្រូវការ​ចេះ​តែ​កើនឡើង​នូវ​លំនៅឋាន​តម្លៃ​សមរម្យ សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម ទាប​និង​ក្រីក្រ ទើប​រដ្ឋាភិបាល​សម្រេច​អនុម័ត​គោលនយោបាយ​ជាតិ​នេះ»។

អ្នកសម្របសម្រួល​បច្ចេកទេស​​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត គាំទ្រ​នូវ​កម្មវិធី​សេវា​លំនៅឋាន​នេះ ដែល​​ជា​ផ្នែក​មួយ​នៃ​ការជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​លទ្ធភាព​ក្នុង​ការទិញ ឬ​ស្នាក់នៅ​ក្នុង​លំនៅឋាន​​សមរម្យ។

លោក​ថា៖ «កម្មវិធី​នេះ អាច​ជួយ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទិញ​ផ្ទះ​ក្នុង​តម្លៃថោក ឬ​តាមរយៈ​ការបង់រំលស់ តែ​ខ្ញុំ​បារម្ភ​ពី​ដំណើរការ​នៃ​ការ​ដាក់​លក់ ឬ​ជួល ខ្លាច​ត្រង់​ថា អ្នកក្រីក្រ​ពិតប្រាកដ​មិន​អាច​រក​បាន តែ​បាន​តែ​អ្នក​មាន​លទ្ធភាព​អាច​រក​បាន​ក្នុង​តម្លៃ​ថោក​ទៅវិញ»។

កាលពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០១៥ លីកាដូ បាន​ចេញ​ផ្សាយ​សេចក្តី​​ថ្លែងការណ៍​មួយ​ ដោយ​បាន​រកឃើញ​ថា មាន​ពលរដ្ឋ ១០,៦២៥ គ្រួសារ ដែល​បាន​រងផលប៉ះពាល់​ថ្មី​ដោយសារ​ជម្លោះ​ដីធ្លី ព្រោះ​យន្ត​ការដោះស្រាយ​វិវាទ​ដីធ្លី​គ្មាន​ប្រសិទ្ធភាព និង​ការកើត​មាន​អំពើ​ពុករលួយ ​ជា​ហេតុ​នាំឲ្យ​គ្រួសារ​ខ្លះ បាន​រង​នូវ​ការបណ្តេញចេញ​ មិន​មាន​លំនៅឋាន​សមរម្យ ហើយ​ចំនួន​នេះ មាន​ការ​កើនឡើង ៣ ដង បើ​ធៀប​នឹង​​ឆ្នាំ ២០១៣ ដែល​មាន ៣,៤៧៥ គ្រួសារ និង​កើន​ជាង ២ ដង បើ​ធៀប​នឹង​ឆ្នាំ ២០១២ ដែល​មាន​ចំនួន ៥,៦៧២ គ្រួសារ។ យ៉ាងណា​ក្តី ក្រសួង​​រៀបចំ​ដែនដី បាន​​ច្រានចោល​របាយការណ៍​នេះ​ និង​បាន​អះអាង​ថា វិវាទ​ដីធ្លី​​ទូទាំង​ប្រទេស បាន​ថយ​ចុះ​ជាង ២០០ ករណី​ក្នុង​ឆ្នាំ​ ២០១៤ បើ​ធៀប​នឹង​ឆ្នាំ ២០១៣៕

No comments:

Post a Comment