គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, April 23, 2015

នៅ​សល់​ ១ ​ឆ្នាំ​ ៦ ​ខែ​ទៀត​ លោក​ ឈូកបណ្ឌិត ​នឹង​​រួចទោស

ភ្នំពេញៈ បើ​ទោះបី​ជា​​តុលាការ​ និង​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ និង​ស្វែងរក​ចាប់​ខ្លួន​ អស់​រយៈពេល​​ជាង​ ៣ ​​ឆ្នាំ​​ក្នុង​ករណី​បាញ់ប្រហារ​ទៅលើ​កម្មការិនី​ ៣ ​នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​កៅវ៉េ ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ​​ក្នុង​ក្រុង​បាវិត ​ឲ្យ​រងរបួស​ធ្ងន់​ ដោយ​អតីតអភិបាលក្រុង​បាវិត​លោក​ ឈូកបណ្ឌិត ក៏ដោយ ក៏​ទណ្ឌិត​រូប​នោះ​នៅ​មាន​​សេរីភាព​រស់នៅ​
ក្រៅឃុំ ដែល​ផ្ទុយ​ពី​ករណី​​សំណុំ​រឿង​របស់​លោក​ ឧកញ៉ា ថោង សារ៉ាត់ នាយក​ក្រុមហ៊ុន Meanchey International Investment និង​ក្រុមហ៊ុន​បុរី​៩៩៩ ដែល​ទើបតែ​កើតឡើង​ជាង​បួន​​ខែ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ បើ​ទោះបី​ជា​បាន​​​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​មួយ​រយៈ​ក៏ដោយ​។

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត​ ដែល​បាន​​បាញ់​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត​ ៣ ​នាក់​ឲ្យ​រងរបួស​កាលពី​ថ្ងៃ​​ទី​ ២០ ខែ​កុម្ភៈ​ នៅ​ខណៈ​តវ៉ា​លក្ខខណ្ឌ​ការងារ​ប្រសើរ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​កាលពី​ថ្ងៃ​ទី​ ៤​ ខែ​មីនា ឆ្នាំ ២០១៣​ សាលាឧទ្ធរណ៍​ បាន​​សម្រេច​ធ្វើ​ការចោទប្រកាន់​សាជាថ្មី​ឡើង​វិញ​ ដោយ​​បង្វិល​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​បើក​សវនាសា​ជាថ្មី ហើយ​នៅ​​ថ្ងៃ​ទី ២៥ ខែ​មិថុនា អតីត​អភិបាល​ក្រុង​បាវិត​ដ៏​មាន​​ឥទ្ធិពល​រូប​នោះ​ត្រូវ​បាន​សាលាដំបូង​​ខេត្ត​ស្វាយរៀង​​ចេញ​​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ បន្ទាប់ពី​តុលាការ​បាន​​​សម្រេច​​ធ្វើការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១ ឆ្នាំ ៦ ខែ​ ដោយ​​ពិន័យ​ជា​ប្រាក់​ ៣៨ លាន​រៀល​តម្រូវ​ឲ្យ​បង់​សង​​ជំងឺ​ចិត្ត​​ឲ្យ​កម្មការិនី​រងគ្រោះ​ទាំង​បី​នាក់​រូប​នោះ​។

ក្រោយពី​តុលាការ​សម្រេច​កាត់ទោស អតីត​អភិបាល​​ក្រុង​បាវិត​ដ៏មាន​ឥទ្ធិពល​រូប​នោះ បាន​ដាក់​​ពាក្យ​​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​​ប្រឆាំង​​ទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ដោយ​ចាត់ទុក​ថា​សាលក្រម​​នោះ​​ពុំ​បាន​ផ្តល់​យុត្តិធម៌​ដល់​ខ្លួន​​។ ​គិត រហូត​មក​ទល់​បច្ចុប្បន្ន ទោះបី​មាន​ឈ្មោះ​ជា​ទណ្ឌិត​រួច​ហើយ​ក៏ដោយ ក៏​លោក ឈូក បណ្ឌិត នៅ​មាន​​ឱកាស​ទទួល​បាន​សេរីភាព​រួច​ផុត​ពី​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ និង​កាតព្វកិច្ច​សំណង​​រដ្ឋប្បវេណី អស់​រយៈពេល​ជាង​ ៣ ​ឆ្នាំ​ ខណៈ​ដែល​​​កម្មការិនី​រងគ្រោះ​បី​នាក់​នៅ​កំពុង​ដេក​វេចសម្ពាយ​​ជំងឺ​ដែល​​បង្ក​ឡើង​ដោយ​ជាតិ​រំសេវ​គ្រាប់​កាំភ្លើង លោក បណ្ឌិត​។

កម្មការិនី​ កែវ នា ដែល​រងរបួស​បាន​ថ្លែង​ថា ពួកនាង​ទាំង​បី​នាក់​គឺ​នៅតែ​ឈឺ​នៅលើ​មុខរបួស ជាពិសេស​ជាតិ​រំសេវ​តែងតែ​ធ្វើ​ទុក្ខ​ ពេល​​ខ្លះ​ក្តៅខ្លួន ពេល​ខ្លះ​ក៏​សន្លប់ មិន​សូវ​មាន​កម្លាំងកំហែង​ ប៉ុន្តែ​ជន​ប្រព្រឹត្ត​ដែល​មាន​អំណាច​ជា​អភិបាលក្រុង​នៅតែ​​មិន​ទាន់​ចាប់​ដាក់គុក​​នៅ​ឡើយ​។

នាង​បាន​ថ្លែង​ថា៖ «ក្នុង​រឿង​នេះ​បើ​មិនមែន​ជា​ ឈូក បណ្ឌិត គឺ​ត្រូវ​ចាប់​ខ្លួន​យូរ​មក​ហើយ ប៉ុន្តែ​នេះ​គេ​ជា​អ្នក​ធំ មាន​លុយ​មាន​អំណាច បើ​ពួកយើង​ជា​អ្នក​ប្រព្រឹត្ត​ម្ល៉េះ​បាន​ជាប់គុក ហើយ​បាន​ចេញ​ពី​គុក​វិញ​បាត់​ទៅ​ហើយ​»។

នាង​បាន​ថ្លែង​ឲ្យ​ដឹង​បន្ត​ទៀត​​ថា ពួកនាង​មិន​សង្ឃឹម​ថា​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ពួកនាង​ចង់​ឲ្យ​អាជ្ញាធរ​ចាប់​ ឈូក បណ្ឌិត​ ដាក់​គុក​ និង​សង​ថ្លៃ​ជំងឺ​ចិត្ត​ដើម្បី​ឲ្យ​ពួកនាង​បាន​លុយ​នោះ​ទុក​សម្រាប់​ទិញ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​របស់​ពួកគេ​។ នាង​និយាយ​ថា៖ «​សព្វថ្ងៃ​នេះ​ពួកយើង​ខំ​ធ្វើការ​ដើម្បី​បាន​លុយ​ទិញ​ថ្នាំ ប៉ុន្តែ​ប្រាក់ខែ​ពួកយើង​ក៏​គេ​កាត់​អស់​មួយ​ចំនួន​ដែរ​ដោយសារ​តែ​ពួកយើង​​ឈឺ​ សុំ​ច្បាប់​ឈប់​​»។

លោក​នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ។

កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៣ លោក​ ស ខេង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​លិខិត​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ ស្វែងរក​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​ លោក​ ឈូក បណ្ឌិត​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ផង​ដែរ។

មន្ត្រី​នគរបាល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ ឈូក បណ្ឌិត ដែល​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​​ជាមួយ​​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​ដ៏​មាន​ឥទ្ធិពល​នោះ មិនមែន​សមត្ថកិច្ច​​ចាប់​ខ្លួន​មិន​​បាន​ទេ។

មន្ត្រី​រូប​នោះ​បាន​ថ្លែង​ថា ៖«​សមត្ថកិច្ច ​មិន​ហ៊ាន​ចាប់​ខ្លួន​តែ​ម្តង​​»​។

លោក​ មេធាវី សុក សំអឿន​ ប្រធាន​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ថ្លែង​ថា ករណី​លោក ​ឈូក បណ្ឌិត ​​ដែល​ចោទ​បង្ក​​របួស​ស្នាម​ដោយ​អចេតនា គឺជា​បទមជ្ឈិម ដូច្នេះ​បើ​គាត់​នៅ​បន្ត​លាក់​ខ្លួន​ពី​សំណាញ់​ច្បាប់​រហូត​ដល់​ ៥ ​ឆ្នាំ​គឺ​ផុត​​អាជ្ញាយុកាល​ហើយ ប៉ុន្តែ​គាត់​ត្រូវ​បង់​ប្រាក់​សំណង​ទៅ​ឲ្យ​ជនរងគ្រោះ​។

លោក​បាន​ថ្លែង​ថា​៖ «​បើ​គាត់​គេច​ផុត ៥ ​ឆ្នាំ​គឺ​លែង​មាន​​ទោស​ហើយ​»។

រវាង​សំណុំរឿង​ទណ្ឌិត​ ឈូក ​បណ្ឌិត និង​ជន​ដែល​ត្រូវ​ចោទ ថោង សារ៉ាត់ ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តម​ សេនីយ៍ទោ ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ចេញដីកា​បង្គាប់​ឲ្យ​កម្លាំង​សាធារណៈ​តាម​ចាប់​ខ្លួន​នា​ថ្ងៃ​ទី​ ០៥ ខែ​ធ្នូ ឆ្នាំ​ ២០១៤ ​នោះ​គឺ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មេសា ឆ្នាំ​ ២០១៥ ត្រូវ​បាន​សមត្ថកិច្ច​ប្រកាស​ថា ចាប់​ខ្លួន​លោកឧកញ៉ា ថោង សារ៉ាត់ បាន​ហើយៗ​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ នា​ថ្ងៃ​ទី​ ១៧ ខែ​មេសា ឆ្នាំ​ ២០១៥ ក្រោយពី​បាន​គេច​ខ្លួន​​បាន​ជាង​ ០៤ ​ខែ​​។​ ដូច្នេះ​តើ​លោក​ ឈូក​ បណ្ឌិត​ជា​អ្នកណា?

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ ឈូក បណ្ឌិត​ នៅតែ​មាន​សិទ្ធិ​រស់នៅ​ក្រៅឃុំ​យ៉ាង​សប្បាយ​បើ​ទោះបី​ជា​ត្រូវ​បាន​តុលាការ​កាត់ទោស​ហើយ​ក៏ដោយ​នោះ​គឺ​​ដោយសារ​តែ​សមត្ថកិច្ច​គ្មាន​ឆន្ទៈ​ក្នុង​ការស្វែងរក​ចាប់​ខ្លួន​មក​ដាក់​គុក​។ ម្យ៉ាង​ទៀត​គាត់​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​​​ខ្នង ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​ជួរ​រដ្ឋាភិបាល​។

លោក​ថ្លែង​ថា៖ «​នេះ​បង្ហាញថា​ការអនុវត្ត​ច្បាប់​​នៅក្នុង​ប្រទេស​យើង​នៅ​មាន​កម្រិត​ បើ​ទោះបី​ជា​តុលាការ​ចេញ​ដីកា​ឲ្យ​​ស្វែងរក​ចាប់​ខ្លួន​ក៏ដោយ​»​។

លោក​បាន​ថ្លែង​ថា បើ​ធៀប​ករណី​លោក​ ឈូក បណ្ឌិត​ និង​លោកឧកញ៉ា ថោង សារ៉ាត់​ គឺ​​វា​ខុស​គ្នា​ស្រឡះ​គឺ​ករណី​លោកឧកញ៉ា​ ថោង សារ៉ាត់ ​បាន​​​បង្ហញ​ថា សមត្ថកិច្ច​មាន​បំណង​ក្នុង​ការ​ចាប់​ខ្លួន​គាត់​មក​អនុវត្តទោស​បើទោះបី​ជា​គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ក្រៅ​ប្រទេស​ក៏ដោយ​។

លោក​ថា៖ ​«​ករណី​លោក ​ឈូក បណ្ឌិត ​នេះ​គឺ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​គឺ​និទ្ទណ្ឌភាព​ ចេះ​តែ​បន្ត​កើតឡើង​ដោយសារ​អ្នក​ផ្សេង​ឃើញ​ថា​ អ្នក​ដែល​ប្រពឹត្ត​មិន​ត្រូវ​បាន​ចាប់​យក​មក​ដាក់​ទោស»។

សូម​រំឭក​ផង​ដែរ​ថា ​លោក ឈូក បណ្ឌិត មាន​ឋានន្តរស័ក្តិ​ជា​វរមន្ត្រី​ថ្នាក់​លេខ​ ១០ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈអភិបាលក្រុង​បាវិត ដោយ​​អនុក្រឹត្យ​​របស់​រាជរដ្ឋាភិបាល​លេខ​ ៧២៧ ​អនក្រ.តត ចុះ​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា ឆ្នាំ​ ២០០៩ និង​ក្រោយមក​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​មុខតំណែង​នេះ​ឲ្យ​មក បម្រើ​ការងារ​នៅ​សាលា​ខេត្ត​ស្វាយរៀង​វិញ ដោយ​អនុក្រឹត្យ​​លេខ​ ២៥៩ ​អនក្រ​.​តត ចុះ​ថ្ងៃ​ទី​ ០៥ ខែ​មីនា ឆ្នាំ​ ២០១២ បន្ទាប់ពី​មាន​រឿង​អាស្រូវ​បាញ់ប្រហារ​លើ​កម្មការិនី​រោងចក្រ​ផលិត ស្បែកជើង​កៅវេ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ស្ទើរ​​បាត់បង់​ជីវិត​​ចំនួន​ ៣ ​នាក់ នៅពេល​ដែល​​នាំ​គ្នា​ធ្វើ​កូដកម្ម​​បាតុកម្ម ទាមទារ​​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នា​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០១២​៕PP

No comments:

Post a Comment