គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 31, 2015

ព្រៃ​សហគមន៍​​នៅ​អូរយ៉ាដាវ​កំពុង​រង​ការ​កាប់បំផ្លាញ

រតនគិរីៈ ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ជាង​ ៩ ​ពាន់​ហិកតា​ ក្នុង​ស្រុក​អូរយ៉ាដាវ បាន​នឹង​កំពុង​​ទទួល​រង​ការ​កាប់​ និង​ឈូសឆាយ​ពី​ជនជាតិ​វៀតណាម និង​ក្រុមហ៊ុន​ឯកជន ខណៈ​ដែល​ប្រជាសហគមន៍​ទទួល​រង​ការគំរាម​ និង​ហាមឃាត់​មិន​ឲ្យ​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​។

ប្រជាសហគមន៍​ជនជាតិ​ចារ៉ាយ​ ៤ នាក់ បាន​ដាក់​ពាក្យប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​រតនគិរី ដើម្បី​សុំ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​ខុស​ច្បាប់​ និង​ដក​ក្រុមហ៊ុន​កាប់បំផ្លាញ​​ព្រៃ​ទាំងនោះ​ចេញ។​


លោក សល់ ហ្លប់ អាយុ​ ៣៦ ​ឆ្នាំ បាន​អះអាង​​ពេល​មក​ដាក់​ពាក្យប្តឹង​​កាលពី​ម្សិលមិញ​ថា ព្រៃ​សហគមន៍​ទំហំ ជា ៩១០០ ​ហិកតា ដែល​ប្រជាសហគមន៍​ប្រមាណ ៣០០ ​គ្រួសារ​ក្នុង​ភូមិ​ប៉ាតាង ភូមិ​ភិ និង​ភូមិដល អាស្រ័យ​ផល​ពី​ដូនតា ត្រូវ​ក្រុមហ៊ុន​ឈ្មោះ ៧ មករា ផាវើរី ធ្វើការ​ឈូសឆាយ​ចាប់​តាំងពី​ឆ្នាំ​ ២០១៤​ មក អស់​ជាង​ ៤ ​ហិកតា នៅក្នុង​ភូមិ​ប៉ាតាង​ហើយ​លើស​​ពី​នោះ​ឈើ​ធំៗ ​នៅក្នុង​ព្រៃ​ក៏​ត្រូវ​​កាប់​​ដឹកចេញ​ទៅ​លក់​​ឲ្យ​ឈ្មួញ​វៀតណាម​ដែរ​។

លោក សល់ ហ្លប់ បញ្ជាក់​ថា​៖ «ថៅកែ​ក្រុមហ៊ុន​ខ្មែរ​ តែ​កម្មក​សុទ្ធតែ​វៀតណាម​ទាំងអស់។ គេ​ឈូស​ព្រៃ​ហើយ​កាប់​សុក្រំ កកោះ ស្រឡៅ​ មុខកាត់ ៥ ទៅ​ ៦ ​តឹក ដឹក​តាម​ទូក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម»។

លោក​ថា ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ឲ្យ​ដំណឹង​​មក​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។​ ក្រៅពី​នោះ​ក្រុមហ៊ុន​បាន​គំរាម មិន​ឲ្យ​អ្នកភូមិ​ចូល​ធ្វើ​ចម្ការ​វិលជុំ ឬ​ចូល​រក​​អនុផល​ព្រៃឈើ​ទៀត​ផង ហើយ​បើ​អ្នកណា​ហ៊ាន​​ចូល​ធ្វើ​ចម្ការ​នោះ ក្រុមហ៊ុន​និង​ប្តឹង​ឲ្យ​បង់​​ប្រាក់​ ៥ ​ពាន់​ដុល្លារ ក្នុង​ ១ ហិកតា បើ​​អារ​ឈើ​មួយ​ដើម ត្រូវ​បង់​ ៥០០ ​ដុល្លារ​អាមេរិក​។

លោក សល់ ហ្លប់ បន្ត​ថា៖ ​«ព្រៃសហគមន៍​យើង​សោះ តែ​ឲ្យ​យើង​បង់​លុយ​ឲ្យ​ក្រុមហ៊ុន​ទៅវិញ​។ អត់​ហ៊ាន​ចូល​ទេ​ តាំងពី​គេ​គំរាម​មក។ ថ្ងៃ​ក្រោយ​កូនចៅ​មិន​ដឹង​បាន​ព្រៃ​ពី​ណា​ទេ។ អ៊ីចឹង​បាន​​យើង​ឲ្យ​អង្គការ​ជួយ​ឲ្យ​ដក​ក្រុមហ៊ុន​ចេញ»។

លោក សេវ មេភូមិ​ភិ ក៏​បាន​អះអាង​ដែរ​ថា ក្រុមហ៊ុន ៧ ​មករាផាវើរី មិន​ទាន់​​ឈូសឆាយ​ដី​ព្រៃ​សហគមន៍​ក្នុង​ភូមិ​​លោក​ទេ​ប៉ុន្តែ ពួកគេ​បាន​កាប់​គាស់ និង​ដុត​ព្រៃ​អស់​ប្រមាណ​ជា ៤ ​ហិកតា ដើម្បី​ដាំដុះ​ដើម​កៅស៊ូ។ លោក​មេភូមិ​និយាយ​ថា៖ «ក្រុមហ៊ុន​ហាម​មិន​ឲ្យ​យើង​ចូល​អារ​ឈើ​យក​ទៅ​ធ្វើ​​ផ្ទះ​ទេ។ គេ​ថា ដី​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង គឺ​រាប់ម៉ឺន​ហិកតា​ឯណោះ។ បើ​អ៊ីចឹង​មែន វា​ប៉ះពាល់​ដី​ចម្ការ​ទាំងអស់»។

លោក ឆាយ ធី អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ដែល​ទទួល​ពាក្យបណ្តឹង​ពី​​ពលរដ្ឋ​ឲ្យ​ដឹង​ថា ដើមឈើ​ធំ​ប្រមាណ​ ២ ​ពាន់​ដើម​ក្នុង​ព្រៃ​អារក្ស​តាំងពី​ដូនតា​រាប់ពាន់​ឆ្នាំ​កន្លងមក​ត្រូវ​បាន​កាប់​ហើយ​ដឹក​ចេញ​តាម​អំពើ​ចិត្ត។ ប្រជាសហគមន៍​ក្នុង​ភូមិ​ប៉ាតាង ធ្លាប់​បាន​ធ្វើការ​តវ៉ា​ ៣ ​ដង​ហើយ​​ប្រឆាំង​ទៅ​នឹង​ការឈូសឆាយ​ និង​កាប់ឈើ​នោះ។

លោក​បន្ត​ថា អាដហុក​នឹង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្រ្តី​រដ្ឋបាលព្រៃ ដើម្បី​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​។

លោក សេវ ​ស្វេន​ មេឃុំ​សេសាន​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ ៧ ​មករា​ផាវើរី​នេះ​ពិតជា​អត់​មាន​ផ្សព្វផ្សាយ​ប្រាប់ ឬ​សហការ​ជាមួយ​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ទេ​ បើ​ទោះ​ជា​លោក​ធ្លាប់​ក្រើន​រំឭក​មក​រួច​ហើយ​ក្តី​។

លោក​ថា រឿង​ទំនាស់​រវាង​ប្រជាសហគមន៍ និង​ក្រុមហ៊ុន​នោះ​ អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បាន​កោះ​ហៅ​ភាគី​ដែល​ពាក់ព័ន្ធ​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​ក្រុមហ៊ុន សុំ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ។ តែ​លោក ម៉ា វិចិត្រ អភិបាល​ស្រុក​អូរយ៉ាដាវ​ប្រាប់​ថា ដី​ព្រៃ​សហគមន៍​ គឺ​ស្ថិត​ក្នុង​ស្រុក អណ្តូង​មាស ប៉ុន្តែ ប្រជាសហគមន៍​របស់​លោក​បាន​កាន់កាប់ និង​អាស្រ័យ​ផល​យូរ​មក​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មន្រ្តី​នៅ​ការិយាល័យ​អន្តរវិស័យ​នៅ​សាលាខេត្ត រតនគិរី​នឹង​សម្របសម្រួល​ជាមួយ​នឹង​សហគមន៍ និង​ក្រុមហ៊ុន​នៅ​ថ្ងៃ​អង្គារ​នេះ៕

No comments:

Post a Comment