គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Tuesday, March 31, 2015

តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺមុនចូលឆ្នាំខ្មែរ​

តុលាការបានចេញដីកាកោះហៅ លោក កឹម សុខា ដែលជាអនុប្រធានទី១រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដោយក្នុងដីកានោះ មិនឃើញបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ។

ប៉ុន្តែចំណាត់ការនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន ព្រមានចាត់ការតាមប្រព័ន្ធតុលាការ​ទៅ​លើអនុប្រធានគណបក្សប្រឆាំងរូបនេះ ដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។


លោកចាន់ ចេន ជាមេធាវីការពារក្តីលោក កឹម សុខា ​ឲ្យVODដឹងនៅថ្ងៃអង្គារនេះថា កាល​ពី​ម្សិលមិញ លោកបានទទួលដីកាកោះហៅពីព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លី សុផាន់ណា ដែលកោះហៅលោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភាដែលមាន​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​នោះ ឲ្យចូលទៅបំភ្លឺនៅ​ថ្ងៃទី៨ ខែមេសាឆ្នាំ២០១៥ខាងមុខនេះ ដើម្បីសាកសួរបន្ថែម។

បើទោះជាដីកានោះ មិនបានបញ្ជាក់ពីមូលហេតុក្តីតែមេធាវី បញ្ជាក់ថាការកោះហៅនេះ ទាក់ទង​ទៅនឹងបាតុកម្ម កាលពីឆ្នាំ២០១៤នៅលើផ្លូវវ៉េងស្រេង បើទោះជាលោក កឹម សុខា​ បាន​ចូល​បំភ្លឺ​រួច​រាល់​ហើយ​ក៏ដោយ។

លោក ចាន់ ចេន ឲ្យដឹងទៀតថា បើគិតតាមផ្លូវច្បាប់​ការកោះ​ហៅ​កូន​ក្តី​របស់​លោក​គឺ​ត្រូវ​តែ​ដាក់​លិខិត​ស្នើត្រឹមត្រូវតាមរយៈក្រសួងយុត្តិធម៌ ហើយឆ្លងកាត់រដ្ឋសភាជាមុនសិន មិនមែន​គ្រាន់តែ​កោះ​ហៅ​ដោយ​​មិន​បញ្ជាក់​មូលហេតុ​បែប​នេះ​ទេ​ ព្រោះ​កូន​ក្តីលោកមានអភ័យឯកសិទ្ធិ។ លោកបញ្ជាក់ថា​«ចំពោះកូនក្តីខ្ញុំលោក កឹម សុខា គាត់មិនមានបានប្រព្រឹត្តអ្វីខុសឆ្គងទេតាមការកំណត់ ឬក៏តាមការកោះអញ្ជើញនោះទេ ហើយខ្ញុំគិតថាការដែលកោះហៅ​របស់តំណាងសាលាដំបូងរាជធានីភ្នំពេញលោកព្រះរាជអាជ្ញារង មិនត្រូវតាមផ្លូវច្បាប់ទេ ដូច្នេះចង់អញ្ជើញឯកឧត្តមកឹម សុខា ទាល់តែតាមរយៈក្រសួងយុត្តិធម៌ទៅក្រសួងស្ថាប័ន និងជាការត្រឹមត្រូវជាង»។

VODមិនទាន់អាចទាក់ទងព្រះរាជអាជ្ញារង លី សុផាន់ណា​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​បន្ថែម​លើ​ដី​កា​កោះ​ហៅបាននោះទេ ។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថា​ ការកោះ​ហៅនេះគឺ​ជារឿង​នយោបាយ​ដែល​គណបក្ស​កាន់​អំណាច​តែងយកប្រព័ន្ធតុលាការមកគំរាមកំហែងគណបក្សប្រឆំាង។ លោកបន្តថា លោក កឹម សុខា មាន​សិទ្ធិគ្រប់គ្រាន់សម្រេចចិត្តថាចូលឬមិនចូលបំភ្លឺ ព្រោះ​លោកមានអភ័យឯកសិទ្ធិ។ លោកបញ្ជាក់ថា​«តាមពិតគាត់មិនចំាបាច់ចូលក៏បាន តែបើសិនជាគាត់ចង់ជ្រើសរើសចូលអាហ្នឹងជាសិទ្ធិរបស់គាត់ គាត់មានអភ័យឯកសិទ្ធិ។ យកតុលា​ការជាឧបករណ៍ក្នុងការគំរាមកំហែងជារឿងមួយយើងឃើញបន្តបន្ទាប់មក រហូតមក ហើយឥឡូវនេះគេនៅឃើញនៅប្រើប្រាស់តុលាការជាឧបករណ៍ក្នុងការគាបសង្កត់គណបក្សប្រឆំាង និងអ្នករិះគន់រដ្ឋាភិបាល»។​

No comments:

Post a Comment