គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, March 11, 2015

តុលាការ​កំពូល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង​​




តុលាការ​កំពូល សម្រេច​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង ដោយ​មិន​បានញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ខណៈ​មេធាវី​ការពារ​ក្ដី និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស ចាត់ទុក​ថា​ករណី​នេះ​ជា​រឿង​អយុត្តិធម៌ និង​ជា​រឿង​នយោបាយ ។​

​ចៅក្រម អឿង សៀង នៃ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​អាន​សាលដីកា​បដិសេធ​មិនឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នាក់​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេចចិត្ត​នេះ​ទេ ដោយ​អះអាង​ថា នៅក្នុង​ដីកា​នោះ​នឹង​មាន​ប្រាប់​ពី​មូលហេតុ ។​


​មេធាវី​ការពារ​រឿង​ក្តី​គឺ​លោក ជូ​ង ជូ​ងី បាន​ហៅ​ការសម្រេច​បន្ត​ឃុំខ្លួន​កូនក្តី​របស់​លោក​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​មិន​មាន​ភស្តុតាង​ដាក់បន្ទុក​ច្បាស់លាស់​នោះ​ទេ ។ លោក​ថា «​ពេល​ដែល​គាត់​ទៅ​ចូលរួម​នៅ​ស្ពាន​នាគ​នោះ គឺ​ទី​១ គាត់​មិន​មែន​ជា​អ្នកដឹកនាំ​ទេ ហើយ​ទី​២ ក្នុង​អំពើ​ហិង្សា​ដែល​កើតឡើង​នៅ​ទីនោះ វា​មិនមែន​ជា​រឿង​កុបកម្ម​ទេ វា​ជា​រឿង​ហិង្សា​ក្នុង​បាតុកម្ម ហើយ​ហិង្សា​ដែល​កើតឡើង​នោះ គឺជា​រឿង​បុគ្គល​ផ្ទាល់ មិនមែន​អ្នក​ណាមួយ​ទៅ​ដឹកនាំ​ឲ្យមាន​ហិង្សា​ទេ ហើយ​ពេល​ដែល​លោក មា​ជ សុវណ្ណារ៉ា ចូលរួម​នោះ គឺ​គាត់​អត់​មាន​ទៅ​ញុះ​ញ៉​ង់​ឲ្យគេ​ប្រើ​អំពើហិង្សា​ទេ គឺ​គាត់​ហាមឃាត់​កុំឲ្យ​គេ​ប្រើ​ហិង្សា ហើយ​ខ្លួន​គាត់​ក៏​អត់​មាន​ប្រើ​ហិង្សា​ទៅ​លើ​គេ​ដែរ​» ។​

​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ណៃ វ៉ង់​ដា ដែល​បាន​តាមដាន​ករណីនេះ​មានប្រសាសន៍ថា វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ ដោយ​លោក​ចាត់ទុកថា​ការសម្រេច​នេះ ស្ថិត​ក្រោម​សម្ពាធ​នយោបាយ ។ លោក​អំពាវ​ឲ្យ​តុលាការ​កំពូល ពិចារណា​ឡើងវិញ​ក្នុង​ការកាត់ក្តី​ឲ្យមាន​ភាពយុត្តិធម៌ ។ លោក​បញ្ជាក់ថា «​ខ្ញុំ​គិតថា ការបន្ត​ឃុំខ្លួន​លោក មា​ជ សុវណ្ណារ៉ា នេះ​មិនមែន​ជា​រឿង​ចំនេញ​នយោបាយ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​មើលឃើញ​កាន់តែ​ច្បាស់​ថា តុលាការ​ខ្មែរ​នេះ​មិន​មាន​ឯករាជភាព ហើយ​ឋិត​នៅក្រោម​សំពាធ​នយោបាយ​» ។​

លោក មា​ជ សុវណ្ណារ៉ា ថ្លែងថា​ការចោទប្រកាន់​របស់​តុលាការ​មក​លើ​រូប​លោក​មិន​សម​ហេតុផល​ឡើយ ។ តែ​លោក​ថា មាន​តែ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដែល​អាច​អន្តរាគមន៍​ជួយ​ឲ្យ​លោ​កនៅ​ក្រៅ​ឃុំ​បាន ។ លោក​ថ្លែងថា «​យើង​ឃើញ​ថ្ងៃ​៨ មីនា សិទ្ធិ​ស្ត្រី យើង​មាន​មនុស្សធម៌​ហើយ​សម្រាប់​កូនក្មេង សម្រាប់​អ្នកមាន​ផ្ទៃពោះ តែ​ខ្លួន​គាត់​សុទ្ធតែ​ប្រព្រឹត្ត​គ្រឿងញៀន​សម្លាប់​មនុស្ស បែរជា​នៅ​ក្រៅ​ឃុំ ហើយ​យើង​ជា​អ្នកនយោបាយ​មាន​គុណធម៌​ជា​បញ្ញវន្ត​មួយរូប នៅ​ស្រុក​គេ ដែល​យើង​រៀន​ចេះដឹង ថា​ចង់​មក​ជួយ​ស្រុក​ខ្មែរ បែរ​ជា​គេ​ឲ្យ​មនុស្ស​ល្អៗត្រូវ​ជាប់ទោស វា​អយុត្តិធម៌ ។ ​ខ្ញុំ​សង្ឃឹមថា លោក ហ៊ុន សែន ចាស់​ហើយ នឹង​មាន​គុណធម៌​សម្រាប់​ក្មេងជំនាន់ក្រោយ​»​។​

ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង​ដែល​ឃ្លាំ​មើល​ករណី​នេះ​លោកស្រី មូរ សុខ​ហួរ បញ្ជាក់​ថា​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​មាន​ជំនួប​ណាមួយ​ក្នុង​ការចរចា ឬ​ដោះដូរ​សកម្មជន​បក្សរ​បស់​ខ្លួន​ឡើយ ដើម្បី​កុំឲ្យ​មាន​ការគាបសង្កត់​ពី​បក្ស​កាន់អំណាច តែ​លោក​ស្រី​អះអាងថា នឹង​រក​យុត្តិធម៌​ជូន​សកម្មជន​ទាំងនោះ​តាម​នីតិវិធី​ច្បាប់ ។​

គួររំឭកថា ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង​អាជ្ញាធរ​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​ធ្វើការ​ក្នុង​សភា ៕

No comments:

Post a Comment