ស្តាប់សំឡេង៖ |
ចម្លងទុក |
ជនជាតិដើមភាគតិចដែលមានជម្លោះដីធ្លីចំនួន៣ឃុំ ក្នុងខេត្តព្រះវិហារ នៅថ្ងៃចន្ទនេះ បានឡើងមកដាក់ញ្ញត្តិនៅរដ្ឋសភា ដើម្បីស្នើសុំឲ្យស្ថាប័ននេះជួយពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ដោយសារក្រុមហ៊ុនបរទេសពីរ បានទន្ទ្រានយកដីពួកគេអស់រយៈពេលជិត៨ឆ្នាំ មិនមានដំណោះស្រាយ ។
ឃុំទាំងនោះរួមមាន ឃុំរៀបរយ ឃុំរតនៈ និងឃុំរួសរាន់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ។
តំណាងប្រជាពលរដ្ឋ លោក ទិត ពិជ័យ ប្រាប់អ្នកយកព័ត៌មាន VOD បន្ទាប់ពីដាក់ញត្តិនៅរដ្ឋសភានាថ្ងៃនេះថា ក្រុមហ៊ុនបានរំលោភយកដីពួកគេជិត៨ឆ្នាំ តែក្រុមហ៊ុនតៃវ៉ាន់ និងក្រុមហ៊ុនវៀតណាម ជាភាគីជម្លោះនោះមិនបានសងសំណងជូនពួកគេនោះទេ ទើបតំណាងពលរដ្ឋនាំគ្នាឡើងមកដាក់ញត្តិនៅរដ្ឋសភា ដើម្បីស្នើសុំឲ្យស្ថាប័ននេះ ពន្លឿនដោះស្រាយបញ្ហានេះឲ្យបានឆាប់ ខណៈពួកគេកំពុងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ។ លោកថា «សូមឲ្យខាងសភា គាត់ចុះត្រួតពិនិត្យ បើមិនដូច្នេះទេ ជីវភាពបងប្អូនខ្ញុំនៅខាងហ្នឹងប្រាកដជាជួបផលលំបាកហើយ ព្រោះគាត់មួយថ្ងៃៗ គាត់ពឹងផ្អែកទៅលើដីស្រែដីចម្ការ…» ។
ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកបានឲ្យជំនួយការទទួលយកញត្តិពីពលរដ្ឋទាំងនោះហើយ ។ ប៉ុន្តែលោកថា នៅពេលក្រុមការងារពិនិត្យរួចហើយ នឹងជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនៅពេលក្រោយ ។ លោកថា «ចាំឲ្យខ្ញុំពិនិត្យសិន ពិនិត្យញត្តិ ពិនិត្យខ្លឹមសារ ហើយខ្ញុំប្រមូលនូវឯកសារពាក់ព័ន្ធសិន អង្កេតសិន បើថាចាំបាច់គឺគណៈកម្មការនឹងធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ» ។
ក្រុមអ្នកមានជម្លោះដីធ្លីទាំងនោះព្រមានថា បើស្ថាប័នរដ្ឋសភាមិនពន្លឿនដោះស្រាយបញ្ហាជូនពួកគេទេ នោះពួកគេនឹងនាំគ្នាឡើងមកធ្វើបាតុកម្មទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ។
បើតាមអ្នកមានជម្លោះដីធ្លីនៅឃុំរាបរយ ឃុំរតនៈ និងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ អះអាងថា ពួកគេជាង៧០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនតៃវ៉ាន់ឈ្មោះ ភីអេនធី (PNT) និងក្រុមហ៊ុនវៀតណាមឈ្មោះ ធីង៉ា លើផ្ទៃដីជាង១ម៉ឺនហិកតា ។ ពួកគេបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះបានវិនិយោគដីនៅស្រុករវៀងនោះ ដើម្បីដាំដើមច័ន្ទគ្រឹះស្នា តែមិនបានសិក្សាពីផលប៉ះពាល់ប្រជាពលរដ្ឋ ឬផ្តល់សំណងនៅឡើយ ៕
No comments:
Post a Comment