ស្តាប់សំឡេង៖ |
ចម្លងទុក |
បុរសម្នាក់ ក្នុងចំពោះប្រជាពលរដ្ឋប្រមាណ១០នាក់ ដែលឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ លោក ដួង សុ
ខែម បានប្រាប់ VOD ថា ក្រុមហ៊ុនរ៉យហ្វេង បានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋទំហំ១១០ហិកតា ប៉ះពាល់ប្រជាពលរដ្ឋ៤៨គ្រួសារ នៅភូមិចំនួន៣ គឺភូមិជោគជ័យ ភូមិសំបូរ និងភូមិក្រឡត ក្នុងឃុំជោគជ័យ ស្រុកឆែប ខេត្តព្រះវិហារ ។ លោកដួង សុខែម បន្តថា ជម្លោះនេះបានកើតឡើងរយៈពេលជាង៣ឆ្នាំមកហើយ ដោយប្រជាពលរដ្ឋបានដាក់ញត្តិទៅសាលាស្រុកឆែបម្ដង ទៅសាលាខេត្តព្រះវិហារម្ដង និងទៅការិយាល័យតំណាងរាស្ត្រនៅខេត្តព្រះវិហារម្ដង ប៉ុន្តែរាល់ការដាក់ញត្តិនោះសុទ្ធតែគ្មានដំណោះស្រាយទាំងអស់ ជាហេតុធ្វើឲ្យពួកគាត់ឡើងមករកអន្តរាគមន៍នៅរាជធានីភ្នំពេញ ក្រែងមានសង្ឃឹម ។
បុរសម្នាក់ទៀតលោក ដា រី ប្រាប់់បន្ថែមថា នៅថ្ងៃនេះពួកគាត់បានដាក់ញត្តិទៅស្ថាប័នចំនួន៣ គឺក្រសួងបរិស្ថាន ខុទ្ទការល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ដោយមានតំណាងលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាអ្នកទទួល ។ ប៉ុន្តែលោកថា ស្ថាប័នទាំងនោះគ្រាន់តែទទួលយកញត្តិ ដោយមិនបានសន្យាថានឹងធ្វើអ្វីនោះទេ ។ លោក ដា រី បន្តថា ការតវ៉ារបស់ប្រជាពលរដ្ឋគឺមិនមែនដើម្បីបានប្រយោជន៍ជាលុយកាក់ ពីក្រុមហ៊ុនចិនឡើយ ប៉ុន្តែគឺទាមទារឲ្យក្រុមហ៊ុនកុំប៉ះពាល់ដីប្រជាពលរដ្ឋតែម្ដង ។
ប្រធានគណៈកម្មការទី១ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកបានទទួលញត្តិរបស់ប្រជាពលរដ្ឋទាំងនោះហើយ ប៉ុន្តែត្រូវការពេលពិនិត្យមើលឯកសារពាក់ព័ន្ធ មុននឹងអន្តរាគមន៍បន្តទៀត ។
បើតាមតំណាងប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា រយៈពេលជាងបីឆ្នាំ ដែលពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុយចិនរ៉យហ្វេង ធ្វើឲ្យជីវភាពរបស់ពួកគាត់ដែលក្រីក្រស្រាប់ កាន់តែធ្លាក់ចុះដុនដាបឡើង ដោយសារប្រជាពលរដ្ឋរវល់ការពារដីធ្លីពីការរំលោភបំពានរបស់ក្រុមហ៊ុនចិន គ្មានឱកាសប្រកបរបរកសិកម្មចិញ្ចឹមជីវិត ៕
No comments:
Post a Comment