គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, May 13, 2015

ស៊ុយ​ សែម ​ចេញ​មុខ​ការពារ​ភរិយា​រឿង​ជម្លោះ​ដី​នៅ​ឡពាង

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចេញ​មុខ​ជា​សាធារណៈ ការពារ​ក្រុមហ៊ុន​ភរិយា​របស់​លោក ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ ជាមួយ​ប្រជាពលរដ្ឋ​ នៅ​សហគមន៍​ឡពាង ក្នុង​ខេត្ត​កំពង់ឆ្នាំង ដោយ​​បាន​បន្ទោស​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អ្នក​នយោបាយ​ថា នៅ​ពី​ក្រោយ​ធ្វើការ​ញុះញង់​ទើប​បញ្ហា​​ជម្លោះ​ដីធ្លី​នេះ ​មាន​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​។


នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋមន្ត្រី​រូប​នេះ បាន​ចេញ​មុខ​​បកស្រាយ​ជា​សាធារណៈ​ពី​បញ្ហា​​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរៃ​រវាង​ក្រុមហ៊ុន​ខេឌីស៊ី​​របស់​ភរិយា​លោក​ ជាមួយ​​ប្រជាពលរដ្ឋ​នៅ​​សហគមន៍​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង ខណៈ​​ដែល​លោក​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការ​ប្រកាស​ដេញ​ថ្លៃ​ឲ្យ​ក្រុមហ៊ុន​បូមខ្សាច់​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក ស៊ុយ សែម បាន​ថ្លែង​ថា ក្រុមហ៊ុន​ ខេឌីស៊ី របស់​ភរិយា​​លោក បាន​ទិញ​ដី​នៅ​ភូមិ​ឡពាង​ និង​ភូមិ​​ជាង​ ១០ ​នៅ​ក្បែរ​នោះ​តាំងពី​ឆ្នាំ​ ២០០៧​ មក ដោយ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ស្គាល់​ពី​សុរិយាដី​ស្រុក និង​ខេត្ត ហើយ​ចំណែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង គឺ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ​។

ទោះ​យ៉ាង​ណា​លោក​ថា ខាង​ក្រុមហ៊ុន​នៅតែ​ចង់​ដោះស្រាយ ដោយ​ទិញ​ដី​ថ្មី​នៅ​តំបន់​ក្បែរ​នោះ និង​​​ផ្តល់​គោល​នយោបាយ​ជា​ប្រាក់​កាក់​ខ្លះ​​​​ជូន​​​ប្រជាពលរដ្ឋ។

លោក ស៊ុយ សែម បាន​បញ្ជាក់​ថា​៖ «​ការ​ចង់​នៅ​កន្លែង​ដើម​ហ្នឹង វា​អត់​កើត​​ទេ ព្រោះ​កន្លែង​​ហ្នឹង​គេ​ចាត់​ជា​តំបន់​ឧស្សាហកម្ម គេ​ត្រៀម​ធ្វើ​ជា​តំបន់​ឧស្សាហកម្ម យើង​ទៅ​ចោះ​យក​ម៉េច​កើត មាន​តែ​យក​កន្លែង​ផ្សេង​ទៀត ហើយ​​ក្នុង​ពេល​ដែល​គាត់​អត់​មាន​អី​សោះ គាត់​អត់​មាន​ប្លង់​មាន​អី​ទេ គាត់​ថា​តែ​មាត់​ទទេ ហើយ​យើង​ដោះស្រាយ​អ៊ីចឹង​ហើយ គាត់​មិន​ព្រម​ទៀត​ ឲ្យ​យើង​ធ្វើ​ម៉េច​គាត់​អត់​មាន​​អី​ទាំងអស់ គាត់​លក់​ដី​ហ្នឹង​ឲ្យ​គេ​អស់​ហើយ»។

ជាមួយ​គ្នា​នេះ​ដែរ លោក ស៊ុយ សែម បាន​លើក​ឡើង​ថា ការ​ដែល​ជម្លោះ​ដី​ធ្លី​នៅ​ឡពាង​នេះ​នៅ​បន្ត​អូស​បន្លាយ​​​រហូត​​មក​ដល់​ពេល​​នេះ ដោយសារ​តែ​មាន​អង្គការ​អាដហុក​ និង​អ្នកនយោបាយ​នៅ​ពី​ក្រោយ​ខ្នង ធ្វើការ​ញុះញង់ និង​បញ្ឆេះ​​​បញ្ហា​ជានិច្ច​ដែល​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ដោះស្រាយ​។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សូភី បាន​ច្រាន​ចោល ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​​ថា ​ក្រុមហ៊ុន​របស់​ភរិយា​លោក​ ស៊ុយ សែម ​ទៅវិញ​ទេ ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរ លួច​ធ្វើ​ប្លង់​ក្លែងក្លាយ និង​រឹប​អូស​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ ​ដែល​បាន​​រស់នៅ​ចាប់​តាំងពី​ឆ្នាំ​​ ១៩៧៩ ​​មក​​។

អ្នកស្រី​ថា៖ «​ក្រុមហ៊ុន​ទេ ជា​អ្នក​​ប្លន់​ដី​របស់​ពួក​ខ្ញុំ ហើយ​បើ​ឲ្យ​ដី​នៅ​តំបន់​ផ្សេង​ ដែល​ពួក​ខ្ញុំ​អាច​​​ទទួល​យក​បាន គឺ​ដី​នោះ​ត្រូវ​នៅ​ជិត​សាលារៀន មាន​ទីផ្សារ សម្រាប់​ពួក​ខ្ញុំ តែ​បើ​ឲ្យ​ទៅ​នៅ​ឆ្ងាយ​រាប់​គីឡូម៉ែត្រ ពួកខ្ញុំ​មិន​ទៅ​ទេ។ អ៊ីចឹង​ខ្ញុំ​នឹង​ដាក់​ពាក្យបណ្តឹង​រហូត​ទាល់តែ​មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ មិនមែន​មាន​​យុត្តិធម៌​សម្រាប់​​តែ​​អ្នក​មាន​លុយ​មាន​អំណាច​​ទេ»។

ចំណែក ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡាត់ គី បាន​សម្តែង​ការ​សោកស្តាយ និង​ចាត់ទុក​ការ​​​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ដែល​ថា សមាគម​លោក​​នៅ​ពី​ក្រោយ​ខ្នង​ជម្លោះ​ដីធ្លី​នោះ​ថា ជា​ការ​លាប​ពណ៌​​ខុស​​ពី​ការ​ពិត។

លោក​ថា អាដហុក គ្រាន់​តែ​ជួយ​ប្រឹក្សា​យោបល់ និង​បង្ហាញ​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ មិនមែន​ជា​ខ្នង​បង្អែក​ក្នុង​ផ្លូវ​ទុច្ចរិត​ណា​មួយ​ឡើយ។

លោក​បាន​បញ្ជាក់​ថា៖ ​«​បើ​ទោះ​ជា​ខំ​​អះអាង លុប​លាង​​យ៉ាង​ណា​ក៏ដោយ តែ​​រឿង​ហ្នឹង​ ដោយសារ​តែ​ឥទ្ធិពល​របស់​គាត់ [លោក​ ស៊ុយ សែម ​] ដែល​ធ្វើឲ្យ​វិវាទ​ដីធ្លី​រវាង​ភរិយា​គាត់ ហើយ​ និង​ប្រជាពលរដ្ឋ​ មិន​អាច​រក​ដំណោះស្រាយ​​បាន​រហូត​មក​ដល់​ថ្ងៃ​នេះ»។

ទំនាស់​ដីធ្លី​​រវាង​ប្រជាពលរដ្ឋ​នៅ​ឡពាង ជាមួយ​ក្រុមហ៊ុន​ ខេឌីស៊ី របស់​លោកស្រី ជា ខេង ភរិយា​លោក ​ស៊ុយ សែម បាន​កើតឡើង​តាំងពី​ឆ្នាំ ២០០៦ មក ហើយ​មក​ដល់ បច្ចុប្បន្ន គណៈកម្មការ​ទី ១ ​នៃ​រដ្ឋសភា កំពុង​ធ្វើការ​សម្របសម្រួល ជាមួយ​ភាគី​ទាំង​ពីរ ដើម្បី​​​​រក​ដំណោះស្រាយ​។

ប្រធាន​គណៈកម្មការ​ទី ១ រដ្ឋសភា ផ្នែក​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​​ថ្លែង​ថា មក​ដល់​ពេល​នេះ ​ពលរដ្ឋ​មួយ​ចំនួន​​បាន​ដាក់​សំណើ​ជា​ថវិកា ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ ហើយ​បន្ទាប់មក​គណៈកម្មការ​នឹង​យក​សំណើ​នេះ​ទៅ​ប្រាប់​ខាង​​​ក្រុមហ៊ុន ដើម្បី​ធ្វើការ​ចរចា​គ្នា។

លោក​ថា ប្រសិន​បើ​ការ​ចរចា​ពុំ​មាន​លទ្ធផល​ជា​វិជ្ជមាន​ទេ​នោះ​គណៈកម្មការ​នឹង​បញ្ជូន​​សំណុំ​រឿង​នេះ ទៅកាន់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​វិញ៕

No comments:

Post a Comment