គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Monday, May 4, 2015

ការវិវត្តន៌របស់សហរដ្ឋអាមេរិកាំង


អ្នកមាន​សង្កេត​ទេ​ថា ​ផែនទី​កម្ពុជា​មាន​ទម្រង់​ដូច​ផែនទី​អាមេរិកាំង​ដែរ។អាមេរិកាំង ប្រើប្រាស់​ពេលវេលា ១០០ ឆ្នាំ (១៨០០-១៩០០) ដើម្បី​ពង្រីក​ទឹកដី​របស់​ខ្លួន។ ការពង្រីក​​ទឹកដី​ចែក​ជា​ប្រាំ​ដំណាក់កាល។ នេះ​បើ​តាម​ការពិពណ៌នា​ក្នុង​សៀវភៅ «វិបត្តិ​នៃ​មហាអំណាច​នយោបាយ» និពន្ធ​ដោយ​លោក​ជន​មេសៀម័រ​។ ទី ១.​ទិញ​ដី​ល្វីសាណា​មកពី​បារាំង​នៅ​ឆ្នាំ​ ១៨០៣ ក្នុង​តម្លៃ ១៥ ​លាន​ដុល្លារ។ ទី ២.ផ្តាច់​តំបន់​តិចសាស់​ចេញពី​ប្រទេស​ម៉ិកស៊ិក មក​បញ្ចូល​ក្នុង​អាមេរិក​។ ទី ៣.ដោះស្រាយ​ជម្លោះ​យក​ដី អូរេហ្គន់​ពី​ចក្រភព​អង់គ្លេស​។ ទី ៤.ធ្វើ​សង្គ្រាម​ជាមួយ​ម៉ិកស៊ិក​យក​ទឹកដី​កាលីហ្វ័រនីញ៉ា។ ក្នុង​
រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​អាមេរិកាំង​កើន​ទឹកដី​ចំនួន​ ១,២ ​លាន​ម៉ៃល៍ការ៉េ ឬ​ប្រហែល​ជា​​ ៦៤ ​ភាគរយ​នៃ​ផ្ទៃដី​សរុប​។

យោងតាម​ការិយាល័យ​​ជំរឿន​អាមេរិកាំង​នៅពេល​នោះ​គឺ​ដី​អាមេរិកាំង​​ធំ​ជាង​ជិត ១០ ដង បើ​យក​បារាំង​បូក​នឹង​អង់គ្លេស​ ឬ​ធំ​ជាង​បី​ដង​បើ​យក​បារាំង ​អង់គ្លេស ​អូទ្រីស​ ព្រុសសៀ (អាល្លឺម៉ង់) អេស្ប៉ាញ​ ព័រទុយហ្គាល់ បែលហ្ស៊ិក ហូឡង់ (នីដឺឡេន) និង​ដាណឺម៉ាក បូក​​បញ្ចូល​គ្នា។ ចុងក្រោយ​ទើប​អាមេរិកាំង​បាន​ទិញ​ទឹកដី​អាឡាស្កា​ពី​ប្រទេស​រុស្ស៊ី​នៅ​។ នៅ​សតវត្សរ៍​ទី​ ១៩ សហរដ្ឋអាមេរិក​នៅ​តែ​​​រីក​ទឹកដី​ ទៀត ឯ​​​កម្ពុជា​​ពេល​នោះ​កំពុង​រួម តែ​បច្ចុប្បន្ន​នេះ​ផែនដី​មាន​ទម្រង់​ដូចគ្នា​។ នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ «ផែនការ​វាសនា​ច្បាស់លាស់ Manifest Destiny»។

បន្ទាប់ពី​បាន​ទឹកដី​ក្នុង​រយៈពេល​ ៦០ ឆ្នាំ​នៃ​សតវត្សរ៍ ១៩ អាមេរិកាំង​​មាន​ការបែកបាក់ សង្គ្រាម​​ផ្ទៃក្នុង ទើប​អាមេរិកាំង​អនុវត្ត​ផែនការ​ទី ២ ឲ្យ​ឈ្មោះ​ថា «ផែនការ​រស់រាន​​មាន​ជីវិត» ​ចែក​ជា​បួន​ដំណាក់កាល ទី ១. ធ្វើ​សង្គ្រាម​ស៊ីវិល​ដើម្បី​បញ្ចប់​ទាសភាព​ និង​ការចង់​បំបែក​រដ្ឋ ទី ២.ផ្លាស់ប្តូរ​ទីតាំង​ជនជាតិ​ដើម​ដែល​គ្រប់គ្រង​ដែនដី​ភាគច្រើន​ដែល​អាមេរិកាំង​យក​បាន​ឲ្យ​ទៅ​រដ្ឋ​នៅ​កន្លែង​ផ្សេង​ក្នុង​អាមេរិក ទី ៣.យក​ជនអន្តោប្រវេសន៍​ជាច្រើន​ចូល​ទៅក្នុង​អាមេរិកាំង​ដើម្បី​ឲ្យ​ទៅ​រស់នៅ​លើ​ទឹកដី​ធំធេង​​ដែល​ខ្លួន​យក​បាន ​ទី ៤.​កសាង​ប្រទេស​ឲ្យ​ទៅ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក។

ចុងក្រោយ​អាមេរិកាំង​អនុវត្ត​ផែនការ​ទី ៣ ឲ្យ​ឈ្មោះ​ថា​ផែនការ​ម៉ន់រ៉ូ (Monroe Doctrine) ដែល​ជា​ផែនការ​នយោបាយ​ការបរទេស​ផ្តួចផ្តើម​គំនិត​ដោយ​​ប្រធាធិបតី ចច​ វ៉ាស៊ីនតោន​ដោយ​​មិន​ឲ្យ​លូកដៃ​ចូល​ក្នុង​​សង្គ្រាម​​នៅ​​អឺរ៉ុប​ទេ​ហើយ​រាប់អាន​មិត្ត​គ្រប់កន្លែង​ដើម្បី​ធ្វើ​របង​ការពារ​ប្រទេស។ យើង​ឃើញ​ថា​ទម្រាំ​តែ​អាមេរិកាំង​ក្លាយ​មក​ជា​មហាអំណាច​ពិភពលោក​នៅពេល​នេះ អ្នកដឹកនាំ​របស់​គេ​មាន​ផែនការ​ជាតិ​តាំង ពី ៣ ០ ០ ឆ្នាំ​មុន។ កម្ពុជា​មិន​អាច​ទៅ​ធ្វើ​ជា​មហាអំណាច​ពិភពលោក​បាន​ទេ​ ប៉ុន្តែ​កម្ពុជា​អាច​ធ្វើ​ជា​មហាអំណាច​ក្នុង​តំបន់​បាន។

ទីតាំង​ភូមិសាស្ត្រ​កម្ពុជា​ជា​ជ្រុង​ពេជ្រ​មួយ​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​សមុទ្រ​អាស៊ីប៉ាស៊ីហ្វិក​​នៃ​ដុំ​ពេជ្រ​រាង​ចតុកោណ​ដែល​​ស្រប​នឹង​ជ្រុង​ពេជ្រ​ខាង​លិច​​​ឆៀង​ខាង​ជើង​ជាប់​សមុទ្រ​អាត្លង់ទិក​ខាង​ជើង​គឺ​ព្រះរាជាណាចក្រ​អង់គ្លេស​នៅ​អឺរ៉ុប​បន្ត​ជាប់​ជាយ​ឧបទ្វីប​ថាយមៀរ​ (TaymirPennisula) នៅ​រុស្ស៊ី​ជាប់​មាត់​មហាសមុទ្រ​អាកទិក​ និង​​បន្ត​មក​ឧបទ្វីប​ជូកត់ស្គី​ (ChukotskiyPennisula) នៃ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ជើង​ជាប់​អាឡាស្កា​អាមេរិកាំង។ ចំណែក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ​កម្ពុជា​ជា​បេះដូង​របស់​អាស៊ាន​ជា​បន្ទាត់​បែងចែក​អាស៊ាន​ដីគោក​ និង​អាស៊ាន​លិច​ទឹក។ តើ​​កម្ពុជា​មាន​អ្នកនយោបាយ​ណា​ដែល​មាន​ផែនការ​ជាតិ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​យោធា សម្រាប់​អនាគត​កម្ពុជា​ក្នុង​រយៈពេល​ ១០០ ឆ្នាំ​ទៅ​មុខ​ទេ?

ត្រឡប់​មក​ពិនិត្យ​មើល​ទីតាំង​កម្ពុជា​នៅ​អាស៊ីអាគ្នេយ៍​ឲ្យ​កាន់តែ​លម្អិត។ ថ្វីដ្បិតតែ​កម្ពុជា​ជា​បេះដូង​របស់​អាស៊ាន​តែ​គួរ​ឲ្យ​ស្តាយ។ ស្តាយ​ត្រង់​ថា​នាគ​មួយ​ក្បាល​នេះ​មាន​ក្បាល​ល្អ​ពិត តែ​កន្ទុយ​នាគ​ត្រូវ​គេ​កាត់​យក​បាត់ (ការបាត់បង់​កម្ពុជា​ក្រោម​ The Tale of Indochina Region)។

នាគ​ដែល​អត់​កន្ទុយ​បាន​អី​នឹង​បក់​ហែល​ក្នុង​ឈូងសមុទ្រ​ថៃ​ និង​ឈូងសមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ធ្វើ​ម៉េច​ឲ្យ​នាគ​ធំធាត់​ និង​មាន​កម្លាំង​ខ្លាំង​កើត​? ដង្ហើម​សេដ្ឋកិច្ច​សមុទ្រ​ត្រូវ​វៀតណាម​បិទ​ខ្ទប់​រន្ធ​ច្រមុះ​ទាំង​សង​ខាង នៅ​សមុទ្រ​កំពត​ កំពង់សោម​ និង​កែប។ មាន​សមុទ្រ​ដូច​អត់​សមុទ្រ។ដង្ហើម​សមុទ្រ​ត្រូវ​គេ​ខ្ទប់​តាម​បន្ទាត់​ប្រេវីយេ (Line Brevier) ស្ទើរ​ដាច់​ខ្យល់​កម្ពុជា​ជា​បណ្តោះអាសន្ន​មាន​តែ​សង់​ផែ​ចូល​ទៅក្នុង​ទឹកសមុទ្រ​ជ្រៅ។ ចុះ​ផែនការ​សម្រាប់​រយៈពេល​វែង? ចំណែក​ភាគ​ឦសាន​ប្រទេស​ត្រូវ​វៀតណាម​ហ៊ុមព័ទ្ធ​ក្បាល​នាគ​ដោយ​បន្ទះ​ដែក​ថែប​នៅ​រតនគិរី​ និង​មណ្ឌលគិរី។

បើ​ចង់​ឲ្យ​​នាគ​អាស៊ី​មួយ​នេះ​អាច​ហែល​ចេញពី​សមុទ្រ​ថៃ​ចូល​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​បន្ទាប់មក​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ទាល់តែ​ដោះ​ច្រវាក់​ដែល​​​ចង​​កន្ទុយ​នាគ​ចេញ​លែង​នាគ​ចូល​សមុទ្រ។ដូច្នេះ​ថា តើ​ត្រូវ​ធ្វើ​ម៉េច​ទៅ​?​ទោះ​ជា​​ត្រូវ​វ៉ៃ​គ្នា​ស្លាប់​​រស់​ក៏ដោយ​ ក៏​ចិន​ដាច់ខាត​មិន​ព្រម​លែង​ប្រជុំ​កោះ​ប៉ារ៉ាសែល​ និង Spratly នៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​​ទៅ​ឲ្យ​វៀតណាម​ ម៉ាឡេស៊ី​ ឬ​ហ្វីលីពីន​ឡើយ​ពី​ព្រោះ​​​ច្រក​សមុទ្រ​ចិន​ភាគ​ខាង​ត្បួង​នេះ​គឺ​ជាប់​នឹង​សមុទ្រ​ឥណ្ឌា​​ដែល​ជា​ខ្សែសមុទ្រ​សម្រាប់​ដឹក​ជញ្ជូន​ថាមពល​ចរាចរណ៍​ទំនិញ​ និង​ចល័ត​នាវា​ចម្បាំង។ តែ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ទៅ​មុខ ពោល​គឺ ២០៣០ ចិន​មិន​ចង់​បង្ក​សង្គ្រាម​ទេ ទី ១.ទុក​ឲ្យ​ដើម​សេដ្ឋកិច្ច​ចិន​បាន​ចាក់​ឫស​កាន់តែ​ជ្រៅ​ផ្លែផ្កា​កាន់តែ​ច្រើន ទី ២.ទំនើបកម្ម​យោធា​នៅ​មាន​បញ្ហា​ថ្វីដ្បិត​តែ​ទ័ព​ជើងគោក​ច្រើន​ប៉ុន្តែ​កម្លាំង​ទ័ព​មិន​ទាន់​ស៊ីសាច់​គ្នា​ពោល​គឺ​សមត្ថភាព​ប្រយុទ្ធ​នៅ​អន់ ចំណែក​​កម្លាំង​អាកាស​ចិន​​មិន​ទាន់​អាច​គ្រប់គ្រង​ដែនអាកាស​​បាន​ទាំង​ស្រុង​ ពីព្រោះ​ចង់​គ្រប់គ្រង​ដែន​អាកាស​ត្រូវ​គ្រប់គ្រង​ដែន​គោក​ជាពិសេស​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​​សិន។ ដូចនេះ​ហើយ​បានជា​ចិន​គូស​ខ្សែបន្ទាត់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ដោយ​ខ្លួនឯង​ហើយ​សង់​កោះ​សិប្បនិមិ្មត​នៅ​តាម​​បណ្តោយ​ឆ្នេរសមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ដើម្បី​ធ្វើ​មូលដ្ឋាន​ទ័ពការពារ​នាវា​ទំនិញ​នាវា​ដឹក​យន្តហោះ​នាវា​មុជ​ទឹក​ និង​ផ្តល់​ជំនួយ​​ឆាប់រហ័ស​របៀប​ជា​ស្ថានីយ បណ្តាក់​គ្នា​ដូច​ខ្យង។

ចិន​ពិតជា​សប្បាយ​រីករាយ​ណាស់ នៅពេល​​ឃើញ​អាមេរិកាំង​នៅ​ជាប់​ដៃ​ជាមួយ​អឺរ៉ុប​ក្នុង​ការទប់ទល់​នឹង​រុស្ស៊ី​លើ​ដែនដី​អ៊ុយក្រែន​នៅ​ដៃម្ខាង ចំណែក​ដៃម្ខាង​ទៀត​នៅ​ជាប់​នឹង​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រីឯ​ជើង​ទាំង​ពីរ​នៅ​ជាន់​​​ក្នុង​ដី​ស្អិត​​នៅ​មជ្ឈិមបូព៌ា ទាំង​រឿង​អាយស៊ីស​​ (IS) នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ចំណែក​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​។ ដូចនេះ​ចិន​នៅ​មាន​ពេលវេលា​ច្រើន​គួរសម​ដើម្បី​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​និង​យោធា។ ដោយសារ​ទីតាំង​​ភូមិសាស្ត្រ​​នយោបាយ​បាន​ធ្វើឲ្យ​វាសនា​​ចិន​ និង​កម្ពុជា​នៅ​ជាប់​គ្នា​ត្រូវការ​គ្នា​មិន​អាច​ខ្វះ​បាន​ ឬ​ក៏​ថា​ចិន​អាច​​ខ្វះ​កម្ពុជា​​បាន​តែ​កម្ពុជា​មិន​អាច​ខ្វះ​ចិន​បាន​ជា​ដាច់ខាត ខណៈ​ដែល​កម្ពុជា​នៅ​ចន្លោះ​ថៃ​ និង​វៀតណាម​ដែល​ជា​កូន​សំណព្វ​របស់​អាមេរិក​។ ថ្វីដ្បិត​តែ​រដ្ឋាភិបាល​ថៃ​ជា​រដ្ឋាភិបាល​យោធា​កើត​ចេញ​ពី​រដ្ឋប្រហារ​​ក៏​ពិតមែន​​តែ​អាមេរិក​មិន​ងាយ​បោះបង់​សម្ព័ន្ធមិត្ត​មួយ​នេះ​ចោល​ជា​ដាច់ខាត​ពីព្រោះ​​ផលប្រយោជន៍​អាមេរិក​​យ៉ាងច្រើន​​នៅ​ទី​នោះ។

នៅពេល​ចិន​មាន​ពេលវេលា​កាន់តែ​ច្រើន កម្ពុជា​ក៏​ត្រូវ​ឆ្លៀត​យក​ពេល​នេះ​ក្នុង​​រយៈពេល ១៥ ឆ្នាំ​ទៅ​មុខ​ទៀត​ផ្តោត​លើ​ការ​ធ្វើ​ទំនើបកម្ម​ទាំង​វិស័យ​សេដ្ឋកិច្ច​ និង​យោធា ពីព្រោះ​ដោយសារ​កម្ពុជា​ដី​តូច​ប្រជាពលរដ្ឋ​តិច​សេដ្ឋកិច្ច​អន់ យោធា​ខ្សោយ​បែប​នេះ​មាន​តែ​កម្ពុជា​រឹងមាំ​ដោយ​ខ្លួនឯង​ពិតប្រាកដ​ទេ ទើប​អាច​មាន​ចំណែក​នៅលើ​តុ​បាយ​​អាស៊ាន​បាន។ ហេតុនេះ​ក្នុង​ពេល​​​បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​គួរ​រវល់​នឹង​រឿង​របស់​សកលលោក​ច្រើន​ពេក​​ទេ វា​ជា​ល្បែង​របស់ មហាអំណាច​ទុក​ឲ្យ​មហាអំណាច​ជា​អ្នក​ដោះស្រាយ​ចុះ ហើយ​កម្ពុជា​ក៏​មិន​គួរ​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​ក្នុង​តំបន់​ដែរ។ ជា​ការពិត​ណាស់ ដើម្បី​ប្រទេស​ជាតិ​មួយ​ខ្លាំងក្លា​បាន​យើង​ត្រូវ​ធ្វើ​នយោបាយ​បី (3D) គឺ​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​នយោបាយ​ការពារ​ជាតិ​ និង​នយោបាយ​ការទូត។ អាច​មាន​អ្នក​លើក​ឡើង​ថា​ នយោបាយ​ទាំង​បី​ត្រូវ​ធ្វើ​ជាមួយ​គ្នា​ ព្រោះ​វា​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ តែ​ខ្ញុំ​យល់​ថា​សេដ្ឋកិច្ច​ជា​គ្រឹះ​នៃ​ការការពារ​ជាតិ​ចំណែក​នយោបាយ​​ការពារ​ជាតិ​គឺជា​សសរស្តម្ភ​នៃ​នយោបាយ​ការទូត។ នៅក្នុង​នយោបាយ​ការទូត​គ្មាន​អ្នកណា​គេ​ឲ្យ​តម្លៃ​យើង​នៅពេល​ដែល​យើង​ក្រ អន់ ខ្សោយ​​នោះ​ទេ។ បើ​បាន​ជា​គេ​ហៅ​ឡើង​តុ​គឺ​គេ​គ្រាន់ តែ​យក​យើង​ទៅ​ប្រើ​ ឬ ក៏​ថា​ធ្វើ​ជា​ចាន​​ចាំ​ត្រង​​ឆ្អឹង​ និង​គោះ​កន្ទុយ​បារី​ឲ្យ​គេ​តែ​ប៉ុណ្ណោះ។

ជា​ការពិត​កម្តៅ​នយោបាយ​ការបរទេស​​គឺ​កើនឡើង​ជា​លំដាប់​ក្នុង​អាស៊ីប៉ាស៊ីហ្វិក​តែ​ដរាប​ណា​អាមេរិកាំង​នៅ​ជាប់​ដៃ​ជាប់​យើង​នៅ​ឡើយ យើង​មាន​ពេលវេលា​ច្រើន​បង្គួរ។ ក្នុង​ពេល​ដែល​​អាមេរិក​​មិន​ទាន់​អាច​ដាក់​ជើង​ជាន់​ផ្ទាល់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ទេ គឺ​អាមេរិកាំង​នឹង​​រើស​យក​មួយ​ក្នុង​ចំណោម​​ឥណ្ឌា​ និង​ជប៉ុន​ដើម្បី​អនុវត្ត​នយោបាយ​កាន់​កំណាត់​ឈើ​រត់​បណ្តាក់​គ្នា​ ឬ​បោះបាល់​ឲ្យ​គេ​លេង​ ឬ​ប្រតិបត្តិការ​លាក់​មុខ។

សង្កេត​មើល​នាពេល​កន្លង​ទៅ​បូក​នឹង​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ជា​យុទ្ធសាស្ត្រ​ផង​នោះ​ឥណ្ឌា​មិន​ព្រម​ឱន​ក្បាល​ឲ្យ​​​អាមេរិកាំង​ប្រើ​ទេ ​តែ​ជប៉ុន​ព្រម​លុតជង្គង់​​ឲ្យ​ប្រើ។ ដោយសារ​តែ​មូលហេតុ​នេះ​បំណង​នៃ​ការ​ចង់​ប្រែ​ក្លាយ​រដ្ឋធម្មនុញ្ញ​របស់​ជប៉ុន​ដើម្បី​ប្រែ​ក្លាយ​កម្លាំង​សន្តិសុខ​ទៅ​ជា​កម្លាំង​ទ័ព​ការពារ​ជាតិ​ និង​ធ្វើ​ទំនើបកម្ម​យោធា​នោះ​​គឺ​ប្រាកដ​ជា​មាន​ការជួយ​ជ្រោមជ្រែង​ពេញ​ដៃ​ពេញ​ជើង​ពី​សំណាក់​អាមេរិកាំង​ ព្រោះ​អាច​ដាក់​កាំភ្លើង​ធំ​ប៉ុន្មាន​ដើម​​នៅ​មុខ​ផ្ទះ​ចិន។ លើស​ពី​នេះ អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​ជប៉ុន​បាន​នៅក្នុង​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​អចិន្រៃ្តយ៍​មិន​ខាន។

បន្ទាប់ពី​ការផ្តោត​លើ​នយោបាយ​ទំនើបកម្ម​សេដ្ឋកិច្ច​ និង​យោធា ក្នុង​រយៈពេល ១៥ ឆ្នាំ ពី​ឆ្នាំ ២០១៥ ទៅ​ឆ្នាំ ២០៣០ ខាង​មុខ កម្ពុជា​ត្រូវតែ​មាន​ផែនការ​ជាតិ​រយៈពេល ១០០ ​ឆ្នាំ​ទៅ មុខ​ទៀត​ដើម្បី​ធ្វើឲ្យ​នយោបាយ 3D (សេដ្ឋកិច្ច​ យោធា​ ការទូត) កាន់តែ​​ខ្លាំងក្លា។ មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​គឺ​ធនធាន​មនុស្ស។ មូលដ្ឋាន​នៃ​ការទូត​គឺ​យោធា ហើយ​ដើម្បី​ធ្វើឲ្យ​មូលដ្ឋាន​ទាំងនេះ​រឹងមាំ​គឺ​ត្រូវ​ផ្តោត​លើ​វិស័យ​គ្រឹះ​ចំនួន​ពីរ គឺ​វិស័យ​​អប់រំ​ និង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ហើយ​ខ្ញុំ​នៅតែ​យល់​ឃើញ​ថា ភាពប្រាកដនិយម​នៃ​អនាគត ១០០ ឆ្នាំ​ទៅ​មុខ​ទៀត​របស់​កម្ពុជា គឺ​ស្ថិត​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​។ ទឹកដី​កម្ពុជា​ក្រោម​គឺជា​កូនសោ​គន្លឹះ​ដើម្បី​ចាក់​ច្រវាក់​ដោះលែង​នាគ​​កម្ពុជា​ចូល​មហាសមុទ្រ៕

No comments:

Post a Comment