គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, April 22, 2015

អាជ្ញាធរ​និង​ពលរដ្ឋ​ប្តឹង​ប្តល់​គ្នា​រឿង​លក់​ដី​សហគន៍

ព្រះវិហារៈ ប្រជា​សហគមន៍ និង​មន្រ្តី​អាជ្ញាធរ​ក្នុង​ឃុំ​រមណី ស្រុក​រវៀង កំពុង​ប្តឹង​ប្តល់​គ្នា​ទៅ​វិញ​ទៅ​មក ​រឿង​ទន្រ្ទាន​ដី​ខុស​ច្បាប់ និង​ឈូស​ឆាយ​ដី​សហគមន៍​ជាង ១៥ ហិកតា​លក់​ឲ្យ​ឈ្មួញ។

សមាជិក​សហគមន៍​អូរពោធិ៍​បឹង​ទន្លេ​ម្រេច​បីនាក់​បាន​ប្តឹង​មន្រ្តី​អាជ្ញាធរ​ភូមិ​ឃុំ​និង​ឈ្មួញ​ដី​ម្នាក់​ទៅ​សាលា​ឧទ្ធរណ៍​កាល​​ពី​ម្សិល​មិញ​ រឿង​ឈូស​ឆាយ ​និង​លក់​ដី​សហគមន៍​ជាង​ ១៥​ហិកតា ​បន្ទាប់​ពី​តុលាការ​ខេត្ត​ព្រះ​វិហារ បាន​​តម្កល់​បណ្តឹង​ពួក​គាត់​មិន​ចាត់​ការ។


ការ​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សហគមន៍​មួយ​ក្រុម​ផ្សេង​ទៀត​ បាន​ឯកភាព​គ្នា​ជា​មួយ​នឹ​ង​អាជ្ញាធរ​ភូមិ​ឃុំ ​និង​មន្ដ្រី​បរិស្ថាន ដើម្បី​ប្តឹង​សមាជិក​​សហគមន៍​ទាំង​បី​នាក់​នោះ​ កាល​ពី​ខែ​មីនា​កន្លង​មកពី​រឿង​ទន្រ្ទាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។

សមាជិក​សហគមន៍​ទាំង​បី​នាក់​នោះ​រួម​មាន​ឈ្មោះ​ ហួន​ គីណូ អាយុ ៤១​ឆ្នាំ លោក​សុខ ​ឈិត​ អាយុ ៦៧ ឆ្នាំ និង​លោក​ព្រះ កៃ​អាយុ​ ៤៧ ឆ្នាំ។ ពួកគាត់​បាន​ប្តឹង​អតីត​ប្រធាន​សហគមន៍​លោក ទេព ធីវ មេ​ភូមិ​អូរពោធិ៍ លោក សុខ គង់ មេឃុំ​រមណី​លោក​សូ សៀ ​និង​អ្នក​ទិញ​ដី​លោក​ឃៀ ​ម៉េង​ឈួង។

លោក ហួន គីណូ បាន​បញ្ជាក់​ថា៖ «ពួកខ្ញុំ​តំណាង​សហគមន៍​ ១៣៧ គ្រួសារ ប្តឹង​មេភូមិ មេឃុំ​និង​លោក​ ម៉េងឈួង ​ដែល​បាន​លក់​និង​ឈូស​ឆាយ​ដី​សហគមន៍​ជាង ១៥ ហិកតា។ ដី​ហ្នឹង​គេ​ដាំ​ដំណាំ​អស់​ហើយ»។

លោក គីណូ បន្ត​ថា បណ្តឹង​របស់​ពួក​គាត់​ដាក់​ទៅ​តុលាការ​ខេត្ត​តាំង​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ​បែរ​ជា​ត្រូវ​តម្កល់​ទុក​ឥត​ចាត់​ការ ​ទើប​ពួក​លោក​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​វិញ​ម្តង។

ក្រុម​លោក​ គីណូ បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​រួម​មួយ​ទៅ​រដ្ឋសភា​ ក្រសួង​យុត្តិធម៌ ​និង​សាលា​ឧទ្ធរណ៍​ កាល​ពីថ្ងៃ​ទី ១៨ ខែ​មីនា កន្លង​មក​ បន្ទាប់​ពី​លោក ឡុង ស៊ីថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ បាន​ដឹក​នាំ​កម្លាំង​ជាង ២០ នាក់​ទៅ​រុះរើ​ស្នាក់​ការ​សហគមន៍​របស់​ពួកគាត់​ចោល។ ការ​ហ៊ាន​រុះរើ​ដោយ​សំអាង​ថា​ ស្នាក់​ការ​នោះ ​គឺ​មិន​មាន​ការ​ឯកភាព​ពី​គណៈ​កម្មការ​សហគមន៍ អា​ជ្ញាធរ​ និង​មន្រ្តី​បរិស្ថាន​នោះ​ទេ ដោយសាង​សង់​បែប​​អនាធិប​តេយ្យ​លើ​ដី​សហគមន៍​ដែល​គ្រប់​គ្រង​ដោយ​​បរិស្ថាន​ដើម្បី​ចាប់​យក​ដី​លក់។ ពីរ​ថ្ងៃ​ក្រោយ​ពីសុំ​អន្តរាគមន៍​មក ក្រុម​លោក​គីណូ​ ត្រូវ​បាន​ក្រុម​អាជ្ញា​ធរ និង​សមាជិក​សហគមន៍​ផ្សេង​ទៀត​ប្តឹង​វិញ។

លោក​​គី​ណូ​បាន​ចាត់​ទុក​ថា​ ការ​ប្តឹង​ពួក​លោក​នេះ​គឺ​ទំនង​ជា​រឿង«គំនុំ»ដោយ​សារ​តែ​ពួក​​លោក​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ស្ថាប័ន​ទាំង​បី​ខាង​លើ​នេះ។

ទោះ​យ៉ាង​ណា​លោក​ មេឃុំ​សូ សៀ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​បាន​ថ្លែង​ថា ​ការ​ដែល​អាជ្ញាធរ ​និង​សហគមន៍​ឯកភាព​គ្នា​ប្តឹង​ក្រុម​លោក​ហួន គីណូ​នោះ​គឺដោយ​សារ​តែ​ពួក​គេ​កាប់​ទន្រ្ទាន និង​កាន់​កាប់​ដី​សហគមន៍​ជា​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។

លោក​មេឃុំ​ក៏​បាន​បដិសេធ​ថា ​ពួក​លោក​មិន​បាន​ឈូស​ឆាយ និង​លក់​ដី​សហគមន៍​ឲ្យ​ទៅ​លោក​ម៉េង​ឈួង​នោះ​ទេ។ «មិន​ពិត​ទេ។ អត់​មាន​លក់​ដី​ទេ គឺ​លោក​ម៉េង​ ឈួង​បាន​កាន់​កាប់​ដី​នោះ​តាំង​ពី​មុន​បង្កើត​សហគមន៍​ម៉្លេះ។ គេ​ទិញ​ពី​អ្នក​ស្រុក​ទេ។ បើខ្ញុំ​ចេះ​លក់​ដីអ៊ីចឹង​មាន​លុយ​ទិញ​ឡាន​ជិះ​ហើយ»។

លោកឡោ ​ចាន់​អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​ព្រះវិហារ​បាន​សង្កេត​​ឃើញ​ថា តុលាការ​មិន​សូវ​ចាត់​ការ​បណ្តឹង​របស់​ពលរដ្ឋឡើយ។ ប៉ុន្តែ​បើ​បណ្តឹង​របស់​អាជ្ញាធរ​វិញ​តុលាការ​ច្រើន​តែ​ចាត់​វិធាន​ការណ៍ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច និង​ប្រឈម​ទៅ​នឹង​ការ​ជាប់​ឃុំ​ឃាំង។

អង្គការ​អាដហុក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ពិនិត្យ​ជម្លោះ​នៅ​សហគមន៍​អូរពោធិ៍​បឹង​ទន្លេ​ម្រេច​នេះ ​ដើម្បី​កុំឲ្យ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក ឡុង ស៊ីថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា មាន​សំណុំ​រឿង​ប្រមាណ​ជា​ ៧ ​នៅ​តុលាការ​ខេត្ត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហួន គីណូ។

លោក​ស៊ី​ថា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ត​ដោយ​សុំ​ឲ្យ​ទាក់ទង​ទៅ​ព្រះ​រាជ​អាជ្ញា​លោក លី លន់។

លោក លី លន់ បាន​ថ្លែង​ថា បណ្តឹង​របស់​ក្រុម​លោក​គីណូ​បាន​តម្កល់​មិន​ចាត់​ការ​ដោយសារ​តែ ពួក​គាត់​ប្តឹង​ខុស​មនុស្ស។ រីឯ បណ្តឹង​ឧទ្ធរណ៍​របស់​ពួកគាត់​នោះ តុលាការ​កំពុង​តែ​រៀប​ចំ​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍​តាម​ផ្លូវ​ច្បាប់៕

No comments:

Post a Comment