ស្តាប់សំឡេង៖ |
ចម្លងទុក |
អាជ្ញាធរភូមិកោះស្រឡៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងស្នើឲ្យថ្នាក់លើអន្តរាគមន៍បណ្តេញបុគ្គលិកអង្គការមាតាធម្មជាតិចេញពីភូមិ ដោយចោទថាក្រុមនោះតែងតែអុចអាល ញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឲ្យតវ៉ារារាំងការអភិវឌ្ឍ ។
លិខិតរបស់អាជ្ញាធរភូមិកោះស្រឡៅ ដែល VOD ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះលើកឡើងថា ក្នុងនាមជាមេភូមិ-សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងភូមិកោះស្រឡៅ ស្នើឲ្យសមត្ថកិច្ចឃុំកោះកាពិ សមត្ថកិច្ចស្រុកកោះកុង សមត្ថកិច្ចខេត្តកោះកុង បណ្តេញបុគ្គលិកអង្គការមាតាធម្មជាតិឲ្យចេញពីភូមិកោះស្រឡៅ ។
ការស្នើឲ្យបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីបុគ្គលិកអង្គការមាតាធម្មជាតិ ដឹកនាំប្រជាពលរដ្ឋនៅក្នុងភូមិកោះស្រឡៅតវ៉ាកាលពីថ្ងៃទី១០ ខែមេសា បណ្តេញក្រុមហ៊ុនបូមខ្សាច់ឈ្មោះ international Rainbow Co.,Ltd ដែលចោទថា ធ្វើអាជីវកម្មខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ។ ប៉ុន្តែអាជ្ញាធរភូមិកោះស្រឡៅអះអាងនៅក្នុងលិខិតថា ក្រុមហ៊ុនមូបខ្សាច់នោះ ធ្វើអាជីវកម្មស្របច្បាប់ ហើយបានផ្តល់ការឧបត្ថម្ភដល់ការអភិវឌ្ឍភូមិទៀតផង ។
VOD មិនអាចទាក់ទងមេភូមិ អនុប្រធានភូមិ ឬសមាជិកភូមិកោះស្រឡៅបានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន ។
ប្រធានប៉ុស្តិ៍ឃុំកោះកាពិ លោក ហេង សំអឿន មានប្រសាសន៍ថា លោកមិនដែលមានគំនិតចង់បណ្តេញពលរដ្ឋឬសមាជិកអង្គការមាតាធម្មជាតិចេញពីភូមិទេ មានតែសម្របសម្រួល និងជួយការពារ ។ លោកបន្តថា សម្រាប់ក្រុមហ៊ុនបូមខ្សាច់មានអាជ្ញាប័ណ ឬអត់ លោកមិនច្បាស់នោះទេ ។ លោកថា «រឿងនេះខ្ញុំជម្រាបបងថា ក្រុមហ៊ុននេះគេបូម[ខ្សាច់]ប្រហែលបីបួនឆ្នាំហើយ ដល់ហើយថាដាច់អាជ្ញាប័ណ្ណ នេះតាមខ្ញុំឮសូរគេនិយាយទេ ហើយសម្រាកបូមហ្នឹងប្រហែលចូលបួនប្រាំខែ ថាឥឡូវបានអាជ្ញាប័ណ្ណមកវិញ តបានអាជ្ញាប័ណ្ណហើយក៏មកបូម ចាប់បូមប្រហែលមិនទាន់បានកន្លះខែទេ» ។
សមាជិកអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ក្រុមមាតាធម្មជាតិមិនដែលមានគំនិតញុះញង់ពលរដ្ឋឲ្យប្រឆាំងអាជ្ញាធរទេ តែពួកគេមានឆន្ទៈខ្លួនឯងក្នុងការការពារធនធានធម្មជាតិ ខណៈពលរដ្ឋមើលឃើញថា ក្រុមហ៊ុនចុះបូមខ្សាច់មិនព្រមបង្ហាញអាជ្ញាប័នក្នុងការបូមខ្សាច់ ។ លោកបញ្ជាក់ថា «ជារឿយៗ គ្រប់កន្លែងគ្រប់តំបន់នៅពេលដែលមានក្រុមអង្គការសង្គមស៊ីវិល ឬមាននរណាម្នាក់ដើម្បីទៅជួយការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ដែលរស់នៅ ឬរង់គ្រោះដោយសារបញ្ហាចឹងៗ តែងតែបង្កភាពមិនពេញចិត្តដល់អាជ្ញាធរមូលដ្ឋាន គេតែងតែរករឿងយើងធ្វើការគំរាមកំហែងយើង ធ្វើម៉េចដើម្បីបំបាក់ស្មារតីក្រុមអ្នកតវ៉ា ជាពិសេសបំបាក់ស្មារតីប្រជាពលរដ្ឋ កុំឲ្យមានការចូលរួមជាមួយពួកយើង» ។
លោក សាន់ ម៉ាឡា ឲ្យដឹងទៀតថា បន្ទាប់ពីពលរដ្ឋតវ៉ាក្រុមហ៊ុនបូមខ្សាច់ក៏បានផ្អាកតាំងពីថ្ងៃទី១០ ខែមេសា រហូតដល់ពេលនេះ ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកចប្រចាំខេត្តកោះកុង លោក ញៀប សំអឿន មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋបណ្តេញក្រុមហ៊ុនបូមខ្សាច់មានអាជ្ញាប័ណ្ណ គឺខុស តែបើគ្មានអាជ្ញាប័ណ្ណ គឺពលរដ្ឋមានសិទ្ធិបណ្តេញក្រុមហ៊ុនចេញ ។ ទោះជាយ៉ាងណាលោកយល់ថាការបណ្តេញសមាជិកមាតាធម្មជាតិចេញពីភូមិនេះមិនត្រឹមត្រូវទេ ព្រោះពួកគេគ្រាន់តែចេញមុខការពារធនធានធម្មជាតិប៉ុណ្ណោះ ហើយជាពិសេសពលរដ្ឋមិនចង់បាត់បង់ធនធានធម្មជាតិ ដែលពួកគេតែងតែអាស្រ័យផលនៅកន្លែងនោះរាល់ថ្ងៃ ។
អង្គការមាតាធម្មជាតិ គឺជាអង្គការមួយដែលចេញមុខការពារធនធានធម្មជាតិ ដែលពេលថ្មីៗនេះ រដ្ឋាភិបាលបានបណ្តេញស្ថាបនិកអង្គការនេះគឺលោក អាឡិច ដែលជាជនបរទេស ចេញពីកម្ពុជាដោយចោទថា ញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ាប្រឆាំងការអភិវឌ្ឍ ។ ប៉ុន្តែការបណ្តេញលោកអាឡិច ត្រូវអង្គការ សង្គមស៊ីវិលរិះគន់ថា ជាទង្វើបំបាក់ស្មារតីអ្នកដែលចេញមុខការពារធនធានធម្មជាតិ ៕
No comments:
Post a Comment