គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, April 19, 2015

រដ្ឋាភិបាល​សម្រេច​កាត់​ដី​ជាង​១១៥​ហិកតារ​ពី​អាជ្ញាធរ​អប្សរា​ប្រគល់​ឱ្យ​ពលរដ្ឋ

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​លេខ ៥១​អនក្រ ដោយ​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១១៥​ហិកតារ​ចេញ​ពី​ផ្ទៃដី​បុរី​សណ្ឋាគារ​ទេសចរណ៍​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ប្រគល់​មក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​បឹងដូនប៉ា និង​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​វិញ។


​អាជ្ញាធរ​មួយ​ចំនួន​អះអាង​ថា បើ​​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ជាង ១១៥​ហិកតារ (១១៥,៤១ហិកតារ) ពី​អាជ្ញាធរ​អប្សរា ហើយ​ប្រគល់​ឱ្យ​អ្នកភូមិ​បឹងដូនប៉ា និង​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម គ្រប់គ្រង​វិញ​ក៏ដោយ ក៏​បញ្ហា​វិបត្តិ​ដីធ្លី​ដូច​គ្នា​នេះ កំពុង​កើត​មាន​នៅ​ភូមិ​ព្រៃគុយ សង្កាត់​អំពិល ជាប់​គ្នា​នោះ​ដែរ។

ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប បាន​សំដែង​ការ​ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​ដែល​ពួកគេ​បាន​ឃើញ​អនុក្រឹត្យ​លេខ ៥១​អនក្រ របស់​រដ្ឋាភិបាល​ដែល​សម្រេច​កាត់​ផ្ទៃដី​បុរី​សណ្ឋាគារ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ហើយ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ។

ការ​សំដែង​អារម្មណ៍​ត្រេកអរ​នេះ គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រឈម​មុខ​យ៉ាង​តឹងតែង​ជាមួយ​អាជ្ញាធរ​អប្សរា ដែល​ហាមឃាត់​មិន​ឱ្យ​សាងសង់​ផ្ទះសម្បែង ឬ​ក៏​បង្គន់​អនាម័យ​នៅ​លើ​ដី​របស់​ខ្លួន​ឯង​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ។

អភិបាល​ខេត្ត​សៀមរាប គឺ​លោក ឃឹម ប៊ុនសុង។ លោក​មានប្រសាសន៍​ក្នុង​ពេល​ចុះ​ទៅ​ប្រកាស​អនុក្រឹត្យ​លេខ​៥១ របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ថា​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ ១១៥,៤១​ហិកតារ​ចេញ​ពី​តំបន់​បុរី​សណ្ឋាគារ​ទេសចរណ៍​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​ប្រគល់​មក​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងដូនប៉ា និង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាន់​កាប់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​វិញ៖ «ដូច​បង​ប្អូន​មួយ​ចំនួន​បាន​ស្ដាប់​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនា​បតី​រួច​ហើយ ពេល​ដែល​លោក​ចុះ​ផ្ទាល់​ជួប​ប្រជាពលរដ្ឋ។ លោក​បាន​មើល​ឃើញ​បញ្ហា​ពិតប្រាកដ ចំពោះ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ចំពោះ​ការ​លំបាក​គ្រប់​បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ។ លោក​បាន​យក​ចិត្ត​ទុកដាក់​ព្យាយាម​ជួយ​ដោះស្រាយ​រឿង​នេះ ដោយ​មិន​ទុក​ពេល​វេលា​ឱ្យ​អូស​បន្លាយ​ទេ»។

​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា កន្លង​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ជា​បន្ទាន់ លេខ ៥១​អនក្រ.បក ដើម្បី​កាត់​ផ្ទៃដី​ទំហំ​ជាង ១១៥​ហិកតារ ចេញ​ពី​តំបន់​បុរី​សណ្ឋាគារ​ទេសចរណ៍​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ហើយ​ប្រគល់​មក​ជូន​ប្រជាពលរដ្ឋ ភូមិ​បឹងដូនប៉ា និង​ភូមិ​ចុងកៅស៊ូ គ្រប់គ្រង​ដោយ​ស្រប​ច្បាប់​វិញ។

ការ​សម្រេច​កាត់​ផ្ទៃដី​ចេញ​ពី​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ចុះ​ពិនិត្យ​ផ្ទាល់ ហើយ​រក​ឃើញ​ថា ផ្ទៃ​ទាំង​នោះ​គឺ​ប្រជាពលរដ្ឋ​បាន​កាន់កាប់ ព្រម​ទាំង​ដាំ​ដុះ​ជាក់ស្ដែង​ជា​យូរ​មក​ហើយ។ ​

ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ឱ្យ​ដឹង​ថា ទន្ទឹមគ្នា​នឹង​ការ​ប្រកាស​អនុក្រឹត្យ​លេខ​៥១ ដែល​កាត់​ផ្ទៃដី​ជាង ១១៥​ហិកតារ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងដូនប៉ា និង​ភូមិ​ចុងកៅស៊ូ នៃ​សង្កាត់​ស្លក្រាម គ្រប់គ្រង​ស្រប​ច្បាប់​នោះ គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចេញ​ផុត​ពី​បញ្ហា​ទំនាស់​ដីធ្លី ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​ភូមិ​ព្រៃគុយ សង្កាត់​អំពិល គឺ​នៅ​តែ​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ​អប្សរា​ដដែល។

ចៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប លោក ខៀវ សត មាន​ប្រសាសន៍​ថា លោក​ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​អនុក្រឹត្យ​លេខ​៥១ ដែល​សម្រេច​កាត់​ផ្ទៃដី​ជាង ១១៥​ហិកតារ ចេញ​ពី​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ហើយ​ប្រគល់​មក​ឱ្យ​ប្រជាពលរដ្ឋ​របស់​លោក​គ្រប់គ្រង​ស្រប​ច្បាប់​នោះ។ ចៅសង្កាត់​បញ្ជាក់​ថា រូប​លោក ក៏​ដូចជា​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ គឺ​មាន​ការ​ពិបាក​រយៈ​ពេល ២០​ឆ្នាំ​មក​ហើយ ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​អប្សរា ដែល​តែងតែ​ហាម​ឃាត់​មិន​ឱ្យ​ម្ចាស់​ដី​ធ្វើ​អ្វី​កើត​នៅ​លើ​ដី​របស់​ខ្លួន​ឯង​នោះ៖ «ខ្ញុំ​វា​អរ​នោះ​អរ​សែន​អនេកប្បការ ដោយ​ឃើញ​ប្រជាជន​បាន​ប្រើប្រាស់​ដី​ស្រប​ច្បាប់​វិញ ហើយ​ទី​២ ក៏​ខ្ញុំ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចុះ​បញ្ជី​ដីធ្លី​ឱ្យ​បាន​ឆាប់​រហ័ស​ដែរ»។

​ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ទទួលរង​ការ​ដាក់​សម្ពោធ​ពី​អាជ្ញាធរ​អប្សរា​ជា​យូរ​មក​ហើយ នៅ​ពេល​ដែល​អនុក្រឹត្យ​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ស្រប​ច្បាប់​មក​ឱ្យ​ពួកគេ​វិញ​នោះ គឺ​ខ្លះ​ក៏​សំដែង​ការ​ត្រេកអរ និង​ខ្លះ​ទៀត​នៅ​តែ​មាន​កង្វល់។

បុរស​អ្នក​ភូមិ​ចុងកៅស៊ូ នៃ​សង្កាត់​ស្លក្រាម ម្នាក់ ក្នុង​ចំណោម​អ្នក​រស់​នៅ​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា គឺ​លោក ឡឹក ខេន មាន​ប្រសាសន៍​ថា លោក​សែន​ត្រេកអរ នៅ​ពេល​ដែល​ឭ​ថា ទឹក​ដី​របស់​លោក​ត្រូវ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឱ្យ​ចាត់ចែង​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ។

លោក ឡឹក ខេន យល់​ថា រដ្ឋាភិបាល​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ចំពោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​មែន៖ «សម្ដេច​គាត់​អត់​ដឹង​រឿង ដែល​អាជ្ញាធរ​អប្សរា​យក​ដី​ប្រជាពលរដ្ឋ​ទៅ​គ្រប់គ្រង​ទេ ដឹង​តែ​កូនចៅ​ថ្នាក់​ក្រោម ដល់​ពេល​គាត់​មក​មើល​ផ្ទាល់ គឺ​គាត់​បាន​ប្រគល់​ឱ្យ​យើង​វិញ»។

ទោះ​យ៉ាង​ណា ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្លះ​ទៀត​នៅ​ភូមិ​ព្រៃគុយ ដែល​អាជ្ញាធរ​អប្សរា​បាន​រុះរើ​ផ្ទះ និង​បណ្ដេញ​ឱ្យ​ចាកចេញ​កាល​ពី​ពេល​កន្លង​ទៅ​នោះ បាន​និយាយ​ថា បើសិនជា​រដ្ឋាភិបាល​ប្រគល់​ដី​នោះ​ឱ្យ​គាត់​វិល​ត្រឡប់​ទៅ​រស់​នៅ​វិញ ក៏​គាត់​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា។

​បុរស​អ្នកភូមិ​ព្រៃគុយ សង្កាត់​អំពិល គឺ​លោក ហែម សំបូរ មាន​ប្រសាសន៍​ថា អាជ្ញាធរ​អប្សរា​បាន​បណ្ដេញ​ឱ្យ​គាត់​ចាក​ចេញ​ពី​ដី​ដែល​ធ្លាប់​រស់​នៅ ព្រមទាំង​រុះរើ​បំផ្លាញ​ផ្ទះសំបែង​របស់​គាត់​ឱ្យ​ខូចខាត​ខ្ទេចខ្ទី​ផង។ បុរស​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ការ​បណ្ដេញ​ចេញ​មក គឺ​ក្រុម​គ្រួសារ​របស់​គាត់​មិន​មាន​ដី​ផ្សេង​រស់​នៅ​ទេ គឺ​បាន​ទៅ​សុំ​ផ្ទះ​គេ​នៅ​ភូមិ​ចុង​កៅស៊ូ ដើម្បី​ជ្រកកោន​បណ្ដោះអាសន្ន។

លោក ហែម សំបូរ រៀបរាប់​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់ ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​ថា បច្ចុប្បន្ន​ជីវភាព​គ្រួសារ​គឺ​ទី​ទាល់ក្រ ដោយ​មាន​មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ឱ្យ​គាត់​វិល​ត្រឡប់​ទៅ​រស់​នៅ​លើ​ទឹកដី​របស់​គាត់​វិញ ក៏​គាត់​មិន​មាន​លទ្ធភាព​រក​លុយ​សង់​ផ្ទះ​បាន​ឡើយ។ គាត់​ចង់​ទាមទារ​ឱ្យ​អាជ្ញាធរ​អប្សរា​ចេញ​សង​ការ​ខូចខាត​កន្លង​ទៅ៖ «បើសិនជា​គេ​ប្រគល់​ឱ្យ​នៅ​វិញ គឺ​អត់​លុយ​ធ្វើ​ផ្ទះ​ទេ ព្រោះ​អប្សរា​ពេល​គេ​មក​រើរុះ គឺ​ស័ង្កសី​ដំបូល​ផ្ទះ​គេ​ហែក​ដូច​ជា​ក្រដាស​អ៊ីចឹង។ ផ្ទះ​អី​គេ​រុញ​ចោល​បាក់​បែក​ឈើ ហើយ​ខ្ញុំ​អត់​មាន​អី​ទេ អា​ហ្នឹង​ខ្ញុំ​ត្រូវ​ឱ្យ​សង»។

​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​ជាង ១១៥​ហិកតារ​ចេញ​ពី​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​ប្រគល់​មក​ឱ្យ​ប្រជាពលរដ្ឋ​វិញ​នោះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​អាជ្ញាធរ​អប្សរា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ការ​កាត់​ផ្ទៃដី​ជាង ១១៥​ហិកតារ ពី​អាជ្ញាធរ​អប្សរា​ហើយ​ប្រគល់​មក​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់គ្រង​វិញ គឺ​ជា​វិធានការ​ដោះស្រាយ​តាម​រូបមន្ត​ស្បែក​ខ្លា។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ដែល​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា​មក​ឱ្យ​អ្នក​ភូមិ​វិញ​នោះ។ លោក សួស ណារិន បញ្ជាក់​ថា ជា​យូរ​មក​ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​តំបន់​អប្សរា​នោះ តាម​នីតិវិធី ៣​យ៉ាង គឺ​ទី​១ ឱ្យ​ឆ្វៀល​ផ្ទៃ​ដី​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ចេញ​ពី​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​ទី​២ បើសិនជា​អាជ្ញាធរ​អប្សរា​ត្រូវ​ការ​យក​ដី​នោះ គឺ​ត្រូវ​ទូទាត់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​ទី​៣ ត្រូវ​ដោះស្រាយ​ដោយ​ឱ្យ​អាជ្ញាធរ​អប្សរា​បង្ខិត​បង្គោល​ព្រំដែន​នៃ​តំបន់​គ្រប់គ្រង​របស់​ខ្លួន​ឱ្យ​ផុត​ពី​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ជា​ដើម៕

No comments:

Post a Comment