ប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនជាបន្ដបន្ទាប់ ដោយសង្ស័យថាលួចដុតខ្លោងទ្វារអង្គរសង្ក្រាន្ដ កាលពីថ្ងៃទី៧ ខែមេសា។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ខេត្ដសៀមរាប លោក ចៅ លក្ខវណ្ណា ប្រាប់ VOD នៅព្រឹកថ្ងៃសុក្រនេះថា មានមនុស្ស៨នាក់
ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទពីបទសង្ស័យលួចដុតខ្លោងទ្វារអង្គរសង្ក្រាន្ត ។ លោកបន្តថា ក្នុងចំណោមពលរដ្ឋទាំងនោះ ៧នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងម្នាក់ទៀតមិនដឹងទីលំនៅ ។ លោកថា អ្នកទាំងនោះ ខ្លះនៅមិនបាននៅជិតកន្លែងកើតហេតុ និងមួយចំនួនកំពុងផឹកទឹកត្នោតជូរនៅក្បែនោះ ។ មន្ត្រីសិទ្ធិមនុស្សដដែលបន្ដថា ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសានេះ ។ លោកថា «ការស៊ើបអង្កេតរបស់សមត្ថកិច្ចក៏នៅតែបន្តព្រឹកនេះ ពួកគាត់ទាំងអស់នឹងនាំទៅសាកសួរចម្លើយបន្ថែមនៅឯតុលាការ អ៊ីចឹងទាំងសង្គមស៊ីវិល ទាំងសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវព័ត៌មាននេះបន្តទៅដែរ ។ យើងមិនទាន់បានសន្និដ្ឋានថា បានយ៉ាងម៉េចនៅឡើយទេ» ។
លោក ចៅ លក្ខវណ្ណា បន្ថែមថា ជនសង្ស័យម្នាក់ក្នុងចំណោម៨នាក់ ឈ្មោះ ជួប ចាម ជាសន្ដិសុខភូមិ នៅយប់កើតហេតុនោះ គាត់បានទៅយាមតូបលក់អីវ៉ាន់នៅឯផ្សារ ។ លោកថា លោក ជួប ចាម មិនជាប់ពាក់ព័ន្ធនឹងករណីនោះទេ ។
ភរិយាជនសង្ស័យឈ្នោះ ជួប ចាម គឺអ្នកស្រី ប៉ុល ភួត ឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងនោះ មានពីរនាក់ជាអ្នករាយការណ៍ករណីភ្លើងឆេះខ្លោងទ្វារនោះប្រាប់សមត្ថកិច្ច ។ អ្នកស្រីថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស២នាក់ ដែលបានរាយការណ៍ព័ត៌មាននោះ ហើយឆែកទូរសព្ទឃើញមានលេខទូរសព្ទប្រាប់ប្ដីគាត់ សមត្ថកិច្ចក៏ចាប់ខ្លួនប្ដីគាត់ដែរ ។ អ្នកស្រីបន្ថែមថា ស្វាមីគាត់មិនជាប់ពាក់ព័ន្ធនឹងការដុតខ្លោងទ្វារនោះទេ ។ អ្នកស្រីថា «គាត់នៅសន្តិសុខភាព យាមភូមិ គាត់ទៅប្រព្រឹត្តធ្វើអីព្រោះស្រុកភូមិកំណើតនៅហ្នឹងអង្គរនេះឯង ពីរនាក់ដែល[ជា]អ្នកឃើញ អ្នកទាំង៦នាក់ទៀតនៅផឹកនៅនឹងផ្ទះ ហើយទាំងប្តីខ្ញុំម្នាក់ថែមទៀត តែប្តីខ្ញុំគាត់នៅកន្លែងយាមឯផ្សារក្រឡាញ់» ។
ស្នងការនគរបាលខេត្ដសៀមរាប លោក សត ណាឌី មានប្រសាសន៍ថា សមត្ថកិច្ចគ្រាន់តែហៅអ្នកទាំងនោះសាកសួរប៉ុណ្ណោះ ហើយមិនទាន់ដឹងអ្នកលួចដុតពិតប្រាកដនៅឡើយទេ ។ លោកថា «យើងគ្រាន់តែយកគាត់មិនសួរអ្នកដែលបានដឹងរឿង ដឹងព័ត៌មានស្អីៗអំពីឆេះយ៉ាងម៉េចៗនោះ គ្រាន់អញ្ជើញគាត់មកដើម្បីសួរនាំទេតើ» ។
កាលពីថ្ងៃទី៧ ខែមេសានេះ ខ្លោងទ្វារអង្គរសង្ក្រាន្ដ ដែលធ្វើឡើងដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រណៃជាតិខ្មែរ ស្ថិតនៅខាងមុខអង្គរវត្ដ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប មានចម្ងាយប្រហែល១០០ម៉ែត្រ ពីអង្គភាពនគបាលបេតិកភណ្ឌ ត្រូវបានជនមិនស្គាល់មុខលួចដុត បន្ទាប់ពីមានការរិះថា ជារចនាប័ទ្មពីប្រទេសវៀតណាម និងប្រទេសចិន ៕
No comments:
Post a Comment