
លោក សឿម ឆន ជំទប់ ទី២ ឃុំរកា ដែលបានផ្ទុកមេរោគអេដស៍និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានថ្លែងថា ប៉ុន្មានថ្ងៃនេះមានពលរដ្ឋមួយចំនួនបានកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ខ្លះទៅផ្ទះ ហើយខ្លះក៏នៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្ត ហើយចាស់ៗដែលកំពុងឈឺនោះមាន ដូចជា រូបលោកផ្ទាល់ តា ស៊ឹម សូយ អាយុ ៦៩ឆ្នាំ យាយ សាប់ ឆយ អាយុ ៨៤ឆ្នាំ យាយ លួង អម អាយុ ៨៥ឆ្នាំ យាយ ជិន វុន អាយុ ៧៧ឆ្នាំ និងយាយ ប៉ាត់ ធឿត អាយុ ៧៨ឆ្នាំ។
លោកបានថ្លែងថា៖ «ពួកគាត់មួយចំនួនត្រូវបានកូនចៅនិមន្តព្រះសង្ឃមកសូត្រមន្តឲ្យ។ ចំណែករូបខ្ញុំក៏មិនដឹងថា រស់ដល់ពេលណានោះដែរ គឺតែងតែរងាញាក់និងចុករួយរាល់ថ្ងៃ»។
លោកបានថ្លែងឲ្យដឹងទៀតថា អាការដែលធ្វើទុក្ខសព្វថ្ងៃគឺក្តៅ គ្រុនរងា ចុក ហើយបច្ចុប្បន្នពេទ្យបានឈប់ឲ្យលេបថ្នាំពន្យារហើយ គឺគេឲ្យអ្នកជំងឺដែលឈឺធ្ងន់នោះលេបថ្នាំព្យាបាលរបេងសិន ពីព្រោះពេទ្យថា ពលរដ្ឋទាំងនោះខ្សោយមិនអាចហូបថ្នាំខ្លាំងបានទេអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។
លោកបានថ្លែងថា ពលរដ្ឋកំពុងតែរងគ្រោះ ស្រាប់តែខាងកាកបាទក្រហមយកអង្ករនិងត្រីខដែលមានក្លិនស្អុយហូបមិនកើតយកមកឲ្យប្រជាពលរដ្ឋហូប។ ក្លិនស្អុយនោះសូម្បីតែសត្វក៏វាខ្ពើមដែរ កុំថាឡើយមនុស្សនោះ។
លោកថា៖ «ពលរដ្ឋរអ៊ូច្រើនគ្នា អាជ្ញាធរខេត្តក៏បានចុះមកចែកអង្ករថ្មីជំនួសវិញ»។
លោកយាយ គឹម ឡាប អាយុ ៧០ ដែលជាភរិយាលោកតា សូយ ថ្លែងថា គ្រួសាររបស់គាត់បានធ្វើពិធីសូត្រមន្តជូនប្តីចំនួនបីថ្ងៃមកហើយ ដោយសារតែគាត់មានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗបន្ទាប់ពីត្រឡប់មកពីព្យាបាលនៅពេទ្យធំវិញ។
លោកយាយថា៖ «គាត់ឡើងពងពេញខ្លួននិងមាត់ គាត់និយាយមិនបានហូបមិនបានគឺដេកស្តូកស្តឹង ដូច្នេះយើងមានតែនិមន្តព្រះសង្ឃមកសូត្រមន្តជូនគាត់ប៉ុណ្ណោះ។ ចំណែកខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរទេ ប៉ុន្តែខ្ញុំនៅអាចស៊ូនឹងជំងឺនេះបាន»។
លោក ស្រី សែម ពៅ មេឃុំ រកា បានថ្លែងថា បច្ចុប្បន្ននេះពិតជាមានចាស់ៗមួយចំនួនកំពុងតែធ្លាក់ខ្លួនឈឺពិតមែន ប៉ុន្តែលោកស្រីពុំបានចុះពិនិត្យមើលទៅដល់លំនៅឋានរបស់ពួកគាត់នោះទេ ដោយសារមួយរយៈនេះគាត់ជាប់រវល់ក្នុងការចែកអំណោយជូនពលរដ្ឋដែលផ្ទុកមេរោគអេដស៍ទាំងនោះ។
លោកស្រីថា៖ «ចាស់ៗគាត់ពិតជាឈឺមែន យើងនឹងចុះពិនិត្យដើម្បីស្រង់តួលេខជាក់លាក់»។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរពេទ្យខេត្តបាត់ដំបង បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេដោយលោកមានប្រសាសន៍ថា លោកនៅរាជធានីភ្នំពេញពុំបានដឹងរឿងនោះទេ។ ចំណែក លោក លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ ថ្លែងថា លោកពុំទាន់ទទួលបានព័ត៌មាននោះនៅឡើយទេ។
សូមរំឭកផងដែរថា រហូតមកទល់នឹងពេលនេះ អ្នកដែលផ្ទុកមេរោគអេដស៍នៅ ឃុំរកា មានចំនួន ២៣៦នាក់ គិតត្រឹម ថ្ងៃទី១៥ កុម្ភៈ។ ចំណែកឯអ្នកស្លាប់បានកើនឡើងដល់ចំនួន ៥នាក់ ហើយ គិតត្រឹមថ្ងៃ ទី២៥ កុម្ភៈ។
កាលពី ថ្ងៃទី៩ មករា កន្លងមក ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការ យូអិនអេដស៍ បានចេញសេចក្តីប្រកាសព័ត៌មានរួមដោយ បញ្ជាក់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរកប្រភពនៃការឆ្លងរាលដាលមេរោគអេដស៍ ដែលរួមបញ្ចូលទាំងការសិក្សាលើករណីឆ្លង និងមិនឆ្លងមេរោគអេដស៍ បង្ហាញថា អ្នកឆ្លងមេរោគអេដស៍ដែលបានចាក់ថ្នាំ និងចាក់សេរ៉ូម មានកម្រិតខ្ពស់ជាងអ្នកមិនឆ្លងមេរោគអេដស៍៕
No comments:
Post a Comment