គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, March 28, 2015

ពលរដ្ឋ​ក្មេង​ចាស់​រាប់​រយ​នាក់​នៅ​ឃុំ​ពង្រលើ​ខេត្ត​សៀមរាប​សង្ស័យ​ថា​ពុល​នំបុ័ង​សាច់



ប្រភព​ពី​មន្ត្រី​ផ្នែក​សុខភាព ឲ្យ​ដឹង​ថា សិស្ស​សាលា និង​ឪពុក​ម្ដាយ​ជាច្រើន​រយ​នាក់​នៅ​ក្នុង​ឃុំ​ពង្រលើ ស្រុក​ជីក្រែង ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប កំពុង​ពុល​ចំណី​អាហារ។

ក្រុម​សង្គ្រោះ កំពុង​ជញ្ជូន​កុមារ និង​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ជា​បន្តបន្ទាប់  ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​មីនា។

ការ​ពុល​ចំណី​អាហារ​នេះ កើត​ឡើង​បន្ទាប់​ពី​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បាន​ទៅ​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ហើយ​បាន​ចែក​នំប៉័ង​សាច់​ជាច្រើន​រយ​ដើម​ទៅ​ឲ្យ​សិស្ស​សាលា និង​ឪពុក​ម្ដាយ​ទទួល​ទាន កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា កន្លង​ទៅ។


ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ពង្រលើ គឺ​លោក អ៊ុំ សារ៉ាត។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២៧ មីនា គឺ​មាន​ក្មេងៗ និង​ឪពុក​ម្ដាយ​ជាច្រើន​នាក់ បាន​កើត​អាការៈ​ចុក​ពោះ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ទាន​នំប៉័ង​ក្នុង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​ធ្វើ​នៅ​ក្នុង​ឃុំ​នោះ។ លោក អ៊ុំ សារ៉ាត បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​មីនា មុន​ដំបូង គឺ​មាន​កុមារ​តិចតួច​ដែល​ក្អួត ហើយ​នាំ​មក​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព ក៏ប៉ុន្តែ​បន្តិច​ក្រោយ​មក គឺ​មាន​កុមារ និង​ឪពុក​ម្តាយ​សិស្ស​កាន់​តែ​ច្រើន​ឡើងៗ​មាន​អាការៈ​ដូច​គ្នា​នេះ ត្រូវ​បញ្ជូន​មក​មណ្ឌល​សុខភាព៖ «មក​ច្រើន​មាន​បញ្ជូន​ចេញ​ខ្លះ ឡាន​ដឹក​បណ្ដើរៗ​ចេញ​ខ្លះ​ទៅ​កន្លែង​មន្ទីរពេទ្យ ហើយ​អ្នក​ណា​ល្មមៗ​នៅ​ទីនេះ​សិន។ ភាគ​ច្រើន គឺ​ក្តៅ​ខ្លួន ក្អួត ហើយ​ទន់​ដៃ​ទន់​ជើង»។

ទោះ​យ៉ាង​ណា មន្ត្រី​មណ្ឌល​សុខភាព​ប្រចាំ​ឃុំ​ពង្រលើ នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា តើ​មាន​កុមារ និង​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ ដែល​ពុល​នំប៉័ង​នោះ​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ក៏​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​នៅ​ឡើយ ដោយ​លោក​ប្រាប់​ថា​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ។

ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ទីនោះ​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា កន្លង​ទៅ គឺ​មាន​កុមារ និង​ឪពុក​ម្ដាយ​សិស្ស​ប្រមាណ​ជាង ៧០០​នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​ដែល​រៀបចំ​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក៕

No comments:

Post a Comment