កណ្តាលៈ លោក ចាន់ ចេង តំណាងរាស្ត្រម្នាក់នៃគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការដំបូងខេត្តកណ្តាល កាលពីម្សិលមិញ ផ្តន្ទាទោសចំនួន ២ឆ្នាំ ពីបទផ្តល់មធ្យោបាយលួចរត់ តាមមាត្រា ៥៦៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានមន្ត្រីបក្សប្រឆាំងនេះ ចាត់ទុកជាថានេះ «រឿងនយោបាយ» ដែលត្រូវតែដោះស្រាយក្រោយមានជម្លោះនយោបាយបានបញ្ចប់។
ការប្រកាសសាលក្រមនេះ គឺនៅពេល លោក ចាន់ ចេង ដែលជាប់ជាតំណាងរាស្ត្រក្នុងអាណត្តិទី៥ឆ្នាំ២០១៣ ដល់២០១៨ ហើយកំពុងមានអភ័យឯកសិទ្ធិទៀតផង។
លោក សំ សុគង់ មេធាវីការពារក្តីតំណាងរាស្ត្ររូបនេះ ឲ្យដឹងថ្ងៃសុក្រទី១៣ មីនានេះថា ក្រៅ ពីលោក ចាន់ ចេង តុលាការ ក៏បានប្រកាសផ្តន្ទាទោសលោក មាស ប៉េង ជាសមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន ១៨ ខែ ពីបទលួចរត់ពីមន្ទីរឃុំឃាំង មាត្រា ៥៦១ និង ៥៦២ ក្រមព្រហ្មទណ្ឌ ចំណែកលោក ជូង ជូងី មេធាវីដ៏សកម្មរបស់គណបក្សសង្គ្រោះជាតិ ត្រូវផ្តន្ទាទោសចំនួន ២ឆ្នាំផងដែរ។
រឿងនេះ កើតចេញពីហេតុការណ៍ក្នុងឆ្នាំ ២០១១ ពេលដែលលោក មាស ប៉េង អតីតជាជំទប់ទី២ ឃុំបន្ទាយដែក ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារពីបទញុះញង់ឲ្យមានហិង្សាលើម្ចាស់អចលនវត្ថុ ក្នុងការតវ៉ារឿងដីធ្លីមួយ។
ពេលនោះមេធាវី លោកជូងី បានប្រាប់សមត្ថកិច្ចថាកូនក្តីរបស់លោកគឺលោក មាស ប៉េង ត្រូវបានគេឃុំទាំងខុសច្បាប់ ហើយលោកនិងកូនក្តី ក៏បានដើរចេញពីមន្ទីរឃុំឃាំង មកកាន់រថយន្តរបស់តំណាងរាស្ត្រ ចាន់ ចេង ដើម្បីចាកចេញពីពន្ធនាគារខេត្តកណ្តាល។
ការប្រកាសក្តីព្រឹកមិញ ក្នុងពេលដែលក្រុមមេធាវីជនជាប់ចោទបានស្នើសុំតុលាការ«បញ្ឈប់» ការប្រកាសសាលក្រមលើ លោក ចាន់ចេង នេះផងដែរ ដោយសារលោក មានអភ័យឯកសិទ្ធជាតំណាងរាស្ត្រ។
លោក ចាន់ ចេង ថ្លែងថា៖ «នេះជារឿងនយោបាយសុទ្ធសាធ ខ្ញុំជាតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិ។ សូម្បីតែចាប់ ឬឃុំមិនបានផង កុំដល់ទៅប្រកាសកាត់ទោស។ ខ្ញុំនឹងប្តឹងឧទ្ធរណ៍»។
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន និងជាអ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា បទល្មើសដែលលោក ចាន់ ចេង បានប្រព្រឹត្ត មិនមែនក្នុងអំឡុងពេល លោកមានអភ័យឯកសិទ្ធិទេ ហើយរដ្ឋសភា បានដកអភ័យឯកសិទ្ធិនៅខែធ្នូ ក្នុងឆ្នាំ២០១១ ដូច្នេះតុលាការមានសិទ្ធិបន្តសំណុំរឿងបាន។
លោកថា៖ «បើគាត់មានកំហុសលើរឿងព្រហ្មទណ្ឌ ហើយទាល់តែមានសាលក្រមស្ថាពរ គាត់នឹងបាត់នូវអភ័យឯកសិទ្ធិដោយស្វ័យប្រវត្តិ» បើមិនដូច្នេះទេ មិនអាចមានការចាប់ខ្លួនបានឡើយ៕
No comments:
Post a Comment