តាមរយៈរបាយការណ៍បូកសរុបរបស់ក្រសួងមហាផ្ទៃឆ្នាំ ២០១៤ បានបង្ហាញថា «បទល្មើសព្រហ្មទណ្ឌកើនឡើង ៤ ភាគរយ»។ រីឯបុណ្យស័ក្តិរបស់កងកម្លាំងទាំងប៉ូលិស ទាំងកងរាជអាវុធហត្ថ ក៏ចេះកើនឡើងដែរ ផ្កាយៗក៏ចេះតែរះពេញមេឃ។
តើការដំឡើងស័ក្តិ ដំឡើងផ្កាយឲ្យចេះតែកើនឡើងៗមានន័យថាយ៉ាងម៉េចសម្រាប់សុវត្ថិភាពនៅស្រុកខ្មែរ ជាពិសេសមុខមាត់នៅតំបន់ទេសចរណ៍?
ទោះបីជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែង ចំពោះមុខឯកអគ្គរាជទូតឯកអគ្គរដ្ឋទូត ប្រចាំប្រទេសកម្ពុជាទាំង ២៥ ថាមិនទទួលពួកម៉ាហ្វីយ៉ាមកវិនិយោគនៅស្រុកខ្មែរទេ និងប្តេជ្ញាពង្រឹងសន្តិសុខ នៅតំបន់ទិសដៅទេសចរណ៍មិនទាន់បានមួយសប្តាហ៍ស្រួលបួលផងក៏ដោយ ក៏បញ្ហាឧក្រិដ្ឋកម្ម នៅកំពង់សោម គឺកំពុងតែកើតមានពេញបន្ទុក។ គ្រាន់តែតាមរយៈសារព័ត៌មានក្នុងស្រុកមាន ៣ ករណីធំៗ នៅក្រុងព្រះសីហនុ ទី ១, នៅកោះរុង មានករណីប្លន់កាប់បុរសជនបរទេស ២ នាក់ ម្នាក់ជនជាតិកាណាដា និងម្នាក់ជនជាតិហ្វាំងឡង់បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយទី ២, ករណីនៅកោះរុងដដែលក៏មានករណីប្លន់វ៉ៃស្ត្រីជនជាតិកូរ៉េ ២ នាក់ក៏របួសយ៉ាងដំណំ ហើយទី ៣, ករណីក្រុមស្ទាវដេញកាប់គ្នាស្លាប់ ២ នាក់ និងកាប់ម៉ូតូខ្ទេចខ្ទី ពីដំបូងសមត្ថកិច្ចសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ ព្រោះខ្លាចធ្លាក់ចេញពីតំណែង។
តើអំពើឆក់ប្លន់ និងការកាប់សម្លាប់គ្នាបែបនេះ មកតែពីនិទ្ទណ្ឌភាពរបស់ក្រុមសេដ្ឋីជនជាតិរុស្ស៊ី ២ ក្រុមគឺក្រុមរបស់លោក Nicolai Doroshenko និង លោក Sergei Polonsky ដែលកំពុងទំនាស់ផលប្រយោជន៍នឹងគ្នា ហើយមានតាំងពីការវ៉ៃតប់គ្នា បាញ់បោះ ជួលមនុស្សមកពិឃាតគ្នាក៏មាន កំពុងតែមានរឿងក្តីក្តាំនៅតុលាការកំពុងតែចោទគ្នាទៅវិញទៅមកទៀត? ដូចករណីរៀបចំពិធីប្រគំតន្ត្រី Kazantip មិនបានសម្រេចហើយទំនាស់គ្នា ២ ក្រុមនេះឡើងផ្អើលកោះរុងនោះ។
ទាំងសមត្ថកិច្ច ទាំងតុលាការ មិនដោះស្រាយបញ្ហាសេដ្ឋីរុស្ស៊ីទាំង ២ ឲ្យជ្រះស្រឡះនោះទេ ទុកគាបស៊ីទាំងសងខាង ប្តឹងកាន់តែច្រើនករណី ទំនិញកាន់តែឡើងថ្លៃ ដូចករណី ឧកញ៉ា ថោង សារ៉ាត់ និងឪពុកម្តាយគាត់ ចំពោះរឿងឃាតកម្ម ឧកញ៉ា អ៊ឹង ម៉េងជឺ មកទល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ បានត្រឹមតែចាំ ចាប់ជិតបានរហូតទៅ។
សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ទទួលស្គាល់ថា តុលាការស៊ីសំណូកដែរ មិនដឹងជាបានប៉ុន្មានទេ ចំពោះករណីដោះលែងឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់។ ស្រាប់តែដល់ពេលចាប់បានគឺបានតែទណ្ឌិតគ្រូទាយផ្ទាល់ និងជំនួយការផ្ទាល់លោក អាំង មាលតីទៅវិញ បើទោះបីជាគាត់ខំគេចខ្លួនទៅដល់ភ្នំជីសូរខេត្តតាកែវ ក៏ត្រូវគេចាប់មកកាត់ទោសបានដែរ។ ហ្នឹងបើគេចង់ចាប់។
ហេតុអ្វីបានរដ្ឋាភិបាលអនុញ្ញតឲ្យមនុស្សគ្រោះថ្នាក់ទាំងនោះ នាំគ្នាទៅពពាក់ពពូននៅតំបន់ទេសចរណ៍នៅក្រុងព្រះសីហនុ? ហេតុអ្វីបានជាជនបរទេសសោះ មកក្រឡុកតំបន់ទេសចរណ៍ដ៏ធំលេងកម្សាន្ត មាននរណានៅពីក្រោយខ្នងពួកគេ? គ្រាន់តែសង់ស្ពានទៅកោះពស់មួយសោះ សេដ្ឋីរូបនោះលេងម៉ាសេរី បើទោះបីជាមានរឿងក្តីក្តាំនៅតុលាការជាច្រើនក៏ដោយ លោក Sergei Polonsky នៅក្រៅឃុំធ្វើមិនដឹង។ ឬក៏មានអ្វីដែលលើសហ្នឹងទៀត? ព្រោះស្រុកខ្មែរចូលចិត្តតែទទួលអ្នកវិនិយោគទុនបែបហ្នឹងណាស់ស្រួលគាបស៊ី តែកុំភ្លេចថាបញ្ញារបស់គេក៏ខ្ពស់ណាស់ដែរ គេដើររកស៊ីខុសច្បាប់ ដើរលាងលុយកខ្វក់ក៏យើងមិនដឹងដែរ។ ចេះទទួលមនុស្សគ្រោះថ្នាក់បែបនេះដល់ពេលបានលាភសក្ការៈ បានទៅបុគ្គលអ្នកមានអំណាច តែពេលរងគ្រោះគឺមុខមាត់ប្រទេសជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ។ តែសម្រាប់អ្នកវិនិយោគទុនល្អៗ គេមិនមកស្រុកខ្មែរទេព្រោះអត់សុវត្ថិភាពឲ្យគេ រកស៊ីបែបកាប់ចាក់គ្នារបៀបម៉ាហ្វីយ៉ា បែបពុករលួយជុំទិស។
ដោយសារបញ្ហាអសន្តិសុខដែលប្រព្រឹត្តទាំងខ្មែរទាំងបរទេសយ៉ាងអនាធិបតេយ្យនៅកំពង់សោម ឥឡូវនេះទាំងអ្នកទេសចរក្នុងស្រុក និងទាំងអ្នកទេសចរអន្តរជាតិ ហាក់បីដូចជារាងញញើតញញើមក្នុងការទៅកម្សាន្តនៅកំពង់សោម។ យូរៗទៅជនជាតិខ្មែរម្ចាស់ស្រុកខ្លួនឯងសោះ លែងចង់ទៅលេងទីនោះ ទៅជាខ្លាចជនបរទេសមួយក្តាប់តូចអុកឡុកទៅវិញ។
តើរាជរដ្ឋាភិបាលត្រូវជ្រើសរើសថា តើត្រូវការរក្សាកេរ្តិ៍ឈ្មោះឆ្នេរសមុទ្រស្អាតបំផុតបន្តទៀត ភ្ញៀវទេសចរល្អៗ អ្នកវិនិយោគទុនល្អៗ ឬក៏ទុកអ្នកវិនិយោគបែបម៉ាហ្វីយ៉ា និងក្រុមចោរប្លន់នៅកំពង់សោមដដែល?
កាលពីឆ្នាំ ២០១១ កម្ពុជាត្រូវបានស្ថាប័នក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោក (The Most Beautiful Bays in the World Club) បានបោះឆ្នោតឲ្យជាប់ក្នុងចំណោមប្រទេសដែលមានឆ្នេរសមុទ្រស្អាតនៅលើពិភពលោក ហើយនៅឆ្នាំ ២០១៣ កម្ពុជាក៏ធ្លាប់បានទទួលកិច្ចប្រជុំថ្នាក់ពិភពលោកនៃក្លិបឆ្នេរសមុទ្រស្អាតបំផុតផងដែរ។
ជាងនេះទៅទៀត មន្ត្រីប៉ូលិសគួរតែស្វែងយល់អត្ថន័យនៃពាក្យថា៖ «ម៉ាហ្វីយ៉ា (Mafia)» ឲ្យកាន់តែច្បាស់ថែមទៀត និងព្យាយាមស្វែងយល់ពីសកម្មភាពដែលពាក់ព័ន្ធដែលក្រុមមនុស្សដែលប្រតិបត្តិការ ជាជាងច្រានចោលភ្លាមៗនូវការចោទប្រកាន់ណាមួយដោយគ្មានហេតុផលនោះ ហើយបើដោះស្រាយបញ្ហាសន្តិសុខនៅកំពង់សោមមិនបានទេ ដកមេប៉ូលិស និងមេប៉េអឹមនៅទីនោះចេញទៅ។
ឥឡូវនេះ នៅកំពង់សោមទើបតែកកើតបានប៉ុណ្ណឹងតែប្រយ័ត្នតែទុកយូរទៅច្រើនទៅៗ គ្រប់ជាតិសាសន៍ទៀត គឺសមត្ថកិច្ចកាន់តែយ៉ាប់មែនទែនហើយ៕
No comments:
Post a Comment