គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, March 13, 2015

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​រឿង​មិន​បញ្ជូន​លិខិត


សៀមរាបៈ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន នឹង​ដាក់​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ធ្វើ​ការ​បក​ស្រាយ ចំពោះ​ចំណាត់​ការ​របស់​ប្រធាន​រដ្ឋសភា ដែល​មិន​បញ្ជូន​លិខិត​របស់​លោក​ទៅ​រដ្ឋាភិបាល​ទាក់​ទិន​នឹង​ការ​ស្នើ​ឲ្យ​បញ្ឈប់​កិច្ចសន្យា​គ្មាន​តម្លាភាព ក្នុង​ការ​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ ក្រុម​ហ៊ុន​សុខា អូតែល លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​តំបន់​អង្គរ។


លោក អ៊ុំ សំអាន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ចំណារ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា គឺជា​ទង្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ ត្រង់​មាត្រា ៩៦ ដែល​តម្រូវ​ឲ្យ​សំណើ​របស់​តំណាង​រាស្ត្រ តាម​រយៈ​ប្រធាន​រដ្ឋសភា ត្រូវ​បញ្ជូន​ទៅ​រដ្ឋាភិបាល ឲ្យ​ឆ្លើយ​តប​ក្នុង​រយៈ​ពេល ៧​ថ្ងៃ។ កាល​ពី ថ្ងៃទី៣ ខែ​មីនា លោក អ៊ុំ សំអាន បាន​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​សុំ «បញ្ឈប់​កិច្ចសន្យា​សម្បទាន​ឲ្យ ក្រុម​ហ៊ុន សុខា អូតែល របស់​ឧកញ៉ា សុខ គង់ ក្នុង​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ»។

លោក​បាន​ស្នើ​ឲ្យ​ដាក់​អាជ្ញាធរ​អប្សរា​ស្ថិត​ក្រោម​ក្រសួង​ទេសចរណ៍ និង​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​លើ​ការ​លក់​សំបុត្រ ពី​ក្រុម​ហ៊ុន​ផ្សេងៗ ដោយ​តម្លាភាព។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូបនេះ​បាន​គូស​បញ្ជាក់​ថា ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​ហើយ​អាជ្ញាធរ​អប្សរា​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​លោក សុខ គង់ មិន​បាន​បញ្ជាក់​ពី​តួលេខ​ច្បាស់​លាស់​នូវ​ចំនួន​ភ្ញៀវ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​និង​ប្រាក់​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ឡើយ។

លោក ហេង សំរិន បាន​ចារ​លើ​លិខិត​ស្នើ​មួយ​នេះ ចុះ ថ្ងៃទី៩ ខែ​មីនា ហើយ​បញ្ជូន​មក​លោក អ៊ុំ សំអាន វិញ​ដោយ​សរសេរ​ថា៖ «ខ្ញុំ​ថា​កិច្ចការ​នេះ ទុក​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នក​ធ្វើ​វិញ»។

លោក សំអាន ថ្លែង​ថា៖ «ប្រធាន​រដ្ឋសភា គាត់​មិន​បាន​ស៊ីញ៉េ និង​វ៉ៃ​ត្រា​បញ្ជូន​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ខ្ញុំ​ទេ។ នេះ​ខុស​នីតិវិធី។ យើង​ដឹង​ហើយ​ថា គណៈកម្មការ ទី២ ដឹក​នាំ​ដោយ​លោក ជាម យៀប មក​ពី​គណបក្ស​ប្រជាជន...អ៊ីចឹង​ធ្វើ​ម៉េច​គាត់​ទៅ​ធ្វើ​កិច្ចការ​ហ្នឹង​ទៅ?»។

លោក​បន្ត​ថា៖ «ខ្ញុំ​គ្រោង​សរសេរ​ពាក្យ​បណ្តឹង ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ឲ្យ​បដិសេធ​ចំណារ​លោក ហេង សំរិន និង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បកស្រាយ​ពី​មាត្រា ៩៦ ថា​តើ​ប្រធាន​សភា មាន​សិទ្ធិ​បដិសេធ​លិខិត​តំណាង​រាស្ត្រ ដោយ​មិន​បញ្ជូន​ទៅ​អ៊ីចឹង​ដែរ​ឬ?»។

លោក អ៊ុំ សំអាន បាន​លើក​ឡើង​ថា ការ​គ្រប់​គ្រង​មិន​ច្បាស់​លាស់​ពី​ការ​លក់​ប័ណ្ណ​ចូល​តំបន់​អង្គរ គឺជា​អំពើ​ពុក​រលួយ ឃុប​ឃិត​គ្នា ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ ដែល «គណបក្ស​ប្រជាជន​មិន​អើពើ​បញ្ឈប់ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ដទៃ​ទៀត ដេញ​ថ្លៃ​តាម​ទីផ្សារ​សេរី ប្រកប​ដោយ​តម្លាភាព​ឡើយ»។

បើ​តាម​លោក សំអាន កាល​ពី​មុន​ចំណូល​ប្រមូល​បាន​ពី​ភ្ញៀវ​បរទេស ចូល​ទស្សនា​ប្រាសាទ​អង្គរ និង​ការ​ចំណាយ​លម្អិត​ផ្សេងៗ​ទៀត ត្រូវ​បាន​លាក់​បាំង បើ​ទោះ​បីជា​រដ្ឋសភា បាន​ធ្វើ​ការ​សួរ​ដេញ​ដោល​បន្ត​បន្ទាប់​ក្តី។ ប៉ុន្តែ​ក្នុង ខែ​មករា និង ខែ​កុម្ភៈ ២០១៥ នេះ​ចំណូល​ប្រចាំ​ខែ​នីមួយៗ​ត្រូវ​បាន​អាជ្ញាធរ​អប្សរា បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ។

លោក សំអាន បាន​កត់​ត្រា របាយ​ការណ៍​អាជ្ញាធរ​អប្សរា ថា ភ្ញៀវ​ចូល​ទស្សនា​អង្គរ មាន​ចំនួន​ជាង ២,៣ លាន​នាក់ ក្នុង ឆ្នាំ​២០១៤ ដែល​បាន​លក់​ប័ណ្ណ​មាន​ទឹក​ប្រាក់ ៥៩ លាន​ដុល្លារ​អាមេរិក។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន និង​ប្រធាន​គណៈកម្មការ ទី២ លោក ជាម យៀប មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។ ចំណែក​លោក​ស្រី ចៅស៊ុន កិរិយា អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា ក៏​ទាក់​ទង​មិន​បាន​ផង​ដែរ។

យ៉ាង​ណា​ក្តី​លោក សួស យ៉ារ៉ា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ការងារ​របស់​អាជ្ញាធរ​អប្សរា គួរ​តែ​ពាក់ព័ន្ធ​រដ្ឋាភិបាល ព្រោះ​កិច្ចការ​ជាតិ​និង​កិច្ចការ​គណបក្ស​គឺ​ខុស​គ្នា មិន​អាច​ចេះ​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​បាន​ទេ។

តែ​លោក​និយាយ​ថា៖ «ពាក់​ព័ន្ធ​នឹង​តម្លាភាព និង​ភាព​ត្រឹម​ត្រូវ យើង​យល់​ថា មន្ត្រី​គណបក្ស​ទៅ​ធ្វើ​ការ​គឺ​តែង​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ដូច្នេះ​ការងារ​មួយ​ចំនួន​ដែល​ទាក់​ទង​ចំណូល យើង​មាន​អង្គភាព​អូឌីត (សវនកម្ម) ដែល​ធ្វើ​កិច្ចការ​ជា​ប្រចាំ»៕

No comments:

Post a Comment