គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, April 9, 2015

ACU កោះ​ហៅ​លោក អាំង មាលតី មក​សាក​សួរ​រួច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន

ភ្នំពេញៈ លោក អំាង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​កាល​ពី រសៀល​ថ្ងៃ​ពុធ បន្ទាប់​ពី​បាន​សាកសួរ​អស់​ពីរ​ថ្ងៃ​ពាក់​ព័ន្ធ​នឹង​ករណី​ដោះ​លែង​ជន​ជាប់​ចោទ​ជា​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ដើម​ខែ​កុម្ភៈ និង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ហើយ​ក៏​ត្រៀម​នឹង​បញ្ជូន​មក​តុលាការ​នៅ​ថ្ងៃ​នេះ​ផង​ដែរ។


លោកឧត្តមសេនីយ៍ ខេង ទីតូ អ្នក​នាំ​ពាក្យ​នៃ​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​បាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា លោក អំាង មាលតី ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​នៅ​ក្នុង​អង្គភាព​នេះ​តែ​ម្តង បន្ទាប់​ពី​បាន​បញ្ចប់​ការ​សាក​សួរ​រូប​គាត់​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក ខេង ទីតូ បញ្ជាក់​ថា៖​ «បច្ចុប្បន្ន​នេះ​លោក អំាង មាលតី កំពុង​ត្រូវ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​ឯ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ត្រៀម​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ»។

ទាក់​ទង​ទៅ​នឹង​ករណី​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) និង​លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​អង្គភាព​នេះ​មិន​អាច ទាក់​ទង​សុំ​បញ្ជាក់​ព័ត៌មាន​នេះ​បាន​ឡើយ កាល​ពី​ម្សិល​មិញ។

ក៏ ប៉ុន្តែ​លោក ឱម យ៉ិនទៀង បាន​សរសេរ​ក្នុង WhatsApp ផ្ទាល់​ខ្លួន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ម្សិល​មិញ​ថា៖ «ACU បាន​កោះ​ហៅ​លោក អាំង មាលតី មក​បំភ្លឺ​តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក​ម្ល៉េះ។ ២​ថ្ងៃនេះ ACU យល់​ថា មិន​ទាន់​គ្រប់​គ្រាន់​ទេ ហើយ ACU ត្រូវ​ការ​ជួប​និង​ស្តាប់​ការ​បំភ្លឺ​ពី​លោក អាំង មាលតី ច្រើន​ដង​ទៅ​មុខ​ទៀត»។

ទាក់​ទង​នឹង​ករណី​នេះ លោក អំាង មាលតី និង​មេធាវី​ការពារ​ក្តី មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ។

គួររំឭកថា លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ពី​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ និង​ត្រូវ​ផ្ទេរ​ភារកិច្ច​មក​ក្រសួង​យុត្តិធម៌​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដោះ​លែង​ឪពុក​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់។

ក្រោយ​ការ​ដក​ហូត​ពី​ប្រធាន​សាលា​ដំបូង​រាជធានី ក៏​លេច​ធ្លាយ​រឿង​រ៉ាវ​យក​រថយន្ត​ជា​វត្ថុ​តាង​ក្នុង​បទ​ល្មើស​ផ្សេងៗ​ជាច្រើន​គ្រឿង ទៅ​ឲ្យ​មនុស្ស​ជំនិត​លោក មាន លោក​ឧត្តម​សេនីយ៍ ពេជ្រ ព្រហ្មមុនី និង​កូន​ប្រុស​ឈ្មោះ អាំង មុនី ជា​អធិការ​រង​ខណ្ឌ​៧មករា​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ទៀត​នៅ​ពេល​យក​រថយន្ត​ទាំង​នោះ​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ។

ថ្មីៗនេះ ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​លោក អាំង មាលតី អំពី​ទង្វើ​មិន​ប្រក្រតី​និង​រំលោភ​ច្បាប់ ប្រឌិត​បំភ្លៃ​អង្គហេតុ ភ័ស្តុតាង បំពាន​បទ​ចោទ​នានា​ជាច្រើន មក​លោក​នាយក​រដ្ឋ​មន្ត្រី​អន្តរាគមន៍​ថែម​ទៀត។

លោក អាំង មាលតី កាល​នៅ​ជា​ប្រធាន​សាលា​ដំបូង​បន្ទាយមាន​ជ័យ (ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៤) ក៏​ធ្លាប់​មាន​រឿង​អាស្រូវ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​រហូត​លោក អ៊ុង អឿន អតីត​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ សរសេរ​លិខិត​ផ្លូវ​ការ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ផ្ទេរ​ភារកិច្ច​លោក​ចៅក្រម អាំង មាលតី ចេញ​ពី​ខេត្ត​នេះ​ផង​ដែរ ហើយ​នៅ​លើ​លិខិត​របស់​លោក អ៊ុង អឿន នោះ​លោក ហ៊ុន សែន ក៏​បាន​ចារ​បង្គាប់​ឲ្យ​លោក​ទេស​រដ្ឋ​មន្ត្រី ឱម យ៉ិនទៀង ចាត់​វិធាន​ការ​ជា​បន្ទាន់​ផង​ដែរ។

ប៉ុន្តែ ស្ងាត់ៗ​ក្រោយ​មក​លោក អាំង មាលតី ស្រាប់​តែ​ត្រូវ​ផ្ទេរ​មក​កាន់​តំណែង​ជា​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ខែ​មេសា​ ឆ្នាំ ២០១៤ ​ទៅ​វិញ៕

No comments:

Post a Comment